មុននឹងចង់ក្លាយជាអ្នកមាន គួរស្វែងយល់ ១០ ចំណុចនេះជាមុនសិន
មានការយល់ឃើញខុសគ្នាៗថា នៅពេលមនុស្សមានលុយ អ្វីៗមានការប្រែប្រួលទាំង អត្តចរិត ឫកពារ និងការទំនាក់ទំនងជាដើម។ ប៉ុន្តែអ្នកត្រូវចាំថា នៅពេលមានលុយអ្នកនឹងកាន់តែរវល់ជាងមុន និងស្ថិតនៅក្រោមក្រសែភ្នែករបស់មនុស្សជុំវិញខ្លួនជានិច្ច។ មានលុយមិនមែនប្រាកដថា អ្នកជោគជ័យនោះទេ។ ដូច្នេះចង់ឲ្យជោគជ័យ និងមានស្ថិរភាពទ្រព្យសម្បត្តិ អ្នកគួរស្វែងយល់លើកត្តា ១០ ចំណុចនេះជាមុនសិន៖
១.រៀនបន្ទាបខ្លួនឲ្យហើយ
អ្នកត្រូវរៀនពីមេរៀនមួយគឺការបន្ទាបខ្លួន មិនអួតអាងដាក់អ្នកដទៃ។ ថ្វីត្បិតតែវាលំបាកបន្តិច ប៉ុន្តែបើអ្នកអាចធ្វើវាបានដើម្បីត្រៀមខ្លួនក្លាយជាអ្នកមាននោះ អ្នកនឹងទទួលបានគុណតម្លៃច្រើនពីមនុស្សជុំវិញខ្លួននោះគឺការរាប់អាន និងក្តីស្រលាញ់។
២.រៀនឲ្យតម្លៃមនុស្សជុំវិញខ្លួន
នៅពេលអ្នកក្លាយជាអ្នកមាន ការឲ្យតម្លៃមនុស្សជុំវិញខ្លួនគឺជារឿងសំខាន់មួយទៀត។ ទោះបីជាស្ថិតនៅក្នុងចំណោមមិត្តភក្ដិ ឬក្នុងចំណោមអ្នកដទៃ អ្នកអាចទទួលបានកេរ្តិ៍ឈ្មោះល្អនៅពេលអ្នកបានសម្ដែងនូវការឲ្យតម្លៃមិនរើសមុខ។
៣.ស្វែងយល់ពីអំណាចនៃទ្រព្យ
លុយអាចធ្វើឲ្យអ្នកមានអំណាច។ ប៉ុន្តែអ្នកត្រូវដឹងថា អ្នកត្រូវធ្វើឲ្យអំណាចរបស់លុយជះឥទ្ធិពលជាវិជ្ជមានដល់មនុស្សជុំវិញខ្លួន។ អ្នកអាចប្រើលុយឲ្យកសាងអំណាចមួយតាមរយៈសកម្មភាពមនុស្សធម៌ ចែករំលែក ឬតាមរយៈការបង្កើតការងារឲ្យធ្វើជាដើមដែលទាំងនេះនឹងធ្វើឲ្យអ្នកមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមនុស្សគ្រប់ស្រទាប់នៅក្នុងសង្គម។
៤.ដឹងពីគន្លឹះវិនិយោគលុយ
ចំណុចនេះ អ្នកត្រូវរៀនពីរបៀបវិនិយោគលុយរបស់អ្នកដើម្បីបង្កើតលុយបន្ថែមទៀត។ អ្នកត្រូវប្រើប្រាស់លុយដើម្បី បង្កើតលុយដូចជាយកលុយទៅវិនិយោគ ឬរៀនសូត្របន្ថែមទៀតដើម្បីពង្រឹងជំនាញដែលមានស្រាប់ជាពិសេសជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញវិនិយោគ ជំនាញទន់ (Soft Skill) ជាដើម។
៥.ស្វែងរកអ្វី ដែលធ្វើឲ្យអ្នកសប្បាយចិត្ត
នៅពេលអ្នកមានលុយច្រើន អ្នកត្រូវចាំថា អ្នកនឹងទទួលបានបទពិសោធន៍ និងធ្វើសកម្មភាពផ្សេងៗច្រើន ជាងមុន។ នៅក្នុងករណីដែលអ្នកមិនបានដឹងថា ត្រូវធ្វើអ្វីដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្ត អ្នកត្រូវចំណាយពេលច្រើនបន្តិចដើម្បីរកឲ្យឃើញនូវអ្វីដែលអ្នកស្រលាញ់ បន្ទាប់មកហ៊ានចំណាយលុយដើម្បីធ្វើរឿងនោះ។
៦.រើសមនុស្សត្រូវដើម្បីបង្កើតមិត្តភាព
រៀនស្គាល់មនុស្សថ្មីៗ ជាពិសេសមនុស្សជោគជ័យ ឬ បុគ្គលដែលជួយជំរុញឲ្យអ្នកសម្រេចក្តីសុបិន្តរបស់អ្នក។ បុគ្គលទាំងនេះ នឹងអាចផ្តល់បទពិសោធន៍ ដំបូន្មាន និងមេរៀនល្អៗសម្រាប់អ្នកយកមកសិក្សារៀនសូត្រដើម្បី បំពេញចំណុចខ្វះខាតរបស់អ្នក។
៧.កុំខ្វល់ពីរឿងល្អឥតខ្ចោះ
អ្នកគួរជៀសវាងឲ្យបាននូវអារម្មណ៍មួយដែលថា អ្នកត្រូវតែធ្វើវាឲ្យបានល្អឥតខ្ចោះ។ អ្នកត្រូវចាំថា ធ្វើរឿងអ្វីក៏ដោយដែលនាំអ្នកឆ្ពោះទៅរកភាពមានបាន អ្នកត្រូវធ្វើវាដោយសន្សឹមៗ ពីមួយជំហានទៅមួយជំហាន កុំតក់ក្រហល់ពេក។ ប៉ុន្តែត្រូវធ្វើឲ្យការងារថ្ងៃនេះ ល្អជាងថ្ងៃម្សិលមិញ ហើយនៅទីបំផុតអ្នកនឹងអាចឈានទៅរកដល់ចំណុចកំពូលមួយនៃភាពជោគជ័យហិរញ្ញវត្ថុ។
៨.ឲ្យតម្លៃលើបទពិសោធន៍ជាជាងលើសម្ភារៈ
ការទទួលបានពិសោធន៍គឺជារឿងសំខាន់ ជាជាងឲ្យតម្លៃលើសម្ភារៈ។ ជាទូទៅបទពិសោធន៍ធ្វើឲ្យអ្នកកាន់តែរឹងមាំ ជាពិសេសធ្វើឲ្យជីវិតរបស់អ្នកមានតម្លៃ។ នៅពេលអ្នកមានលុយ អ្នកអាចទិញសម្ភារៈទំនើបៗពេលណាក៏បាន ប៉ុន្តែបើអ្នកចង់មានបទពិសោធន៍ អ្នកត្រូវការពេលវេលាយូរឆ្នាំ និងរៀនសូត្រឆ្លងកាត់ដោយខ្លួនឯង។
៩.ប្រកាន់ខ្ជាប់នូវគោលការណ៍សន្សំសំចៃ
បើទោះបីជាអ្នកមានលុយច្រើនប៉ុណ្ណាក៏ដោយ អ្នកត្រូវកាន់គោលការណ៍មួយគឺសន្សំសំចៃ។ រាល់ការចំណាយរបស់អ្នក អ្នកត្រូវធ្វើបញ្ជីឲ្យបានត្រឹមត្រូវថា តើចរន្តសាច់ប្រាក់រត់ទៅណាខ្លះ? ការចាយវាយនោះចំទិសដៅដែរឬទេ? វាចាំបាច់ដែរឬទេ? ការសន្សំសំចៃនេះគឺជាផ្នែកមួយនៃភាពជោគជ័យហិរញ្ញវត្ថុ។
១០.រៀនចែករំលែក កុំអាត្មានិយម
នៅពេលអ្នកមានលុយ អ្នកនឹងមានលទ្ធភាពច្រើនជាងមនុស្សផ្សេងទៀត។ ដូច្នេះហើយអ្នកត្រូវរៀនចែករំលែកឲ្យបានច្រើន ព្រមទាំងលះបង់ភាពអាត្មានិយមចោល។ អ្នកត្រូវដឹងថា នៅពេលអ្នកចែករំលែកកាន់តែ ច្រើន អ្នកនឹងសប្បាយចិត្តកាន់តែខ្លាំងដែលនោះហើយជាចំណុចចាប់ផ្តើមធ្វើឲ្យជីវិតរបស់អ្នកមានសុភមង្គល និងកាន់តែជោគជ័យ៕
ប្រភព៖ entrepreneur