ក្បួនចិត្តសាស្រ្ត៦យ៉ាងអំពីការរៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យមានប្រសិទ្ធភាព
ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃគឺមិនមែនដឹងត្រឹមតែតួលេខដូចគណិតវិទ្យានោះទេ។ វាមានការពាក់ព័ន្ធយ៉ាងសំខាន់ទៅនឹងការចាយឲ្យទាបជាងចំណូល ចេះសន្សំ និងរៀនវិនិយោគឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ចំណុចនេះវាមិនលំបាកនោះឡើយ ប៉ុន្តែដែលមិនអាចធ្វើឲ្យអ្នកជោគជ័យលើរឿងនេះបានគឺវាជាប់ទាក់ទងទៅនឹងផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់អ្នក។
ក្រៅពីវិធីចាយឲ្យទាបជាងចំណូល ចេះសន្សំ និងរៀនវិនិយោគ អ្នកត្រូវស្វែងយល់ពីកត្តាផ្សេងៗជាច្រើនទៀតដែលជួយឲ្យអ្នកយល់កាន់តែច្បាស់ថា តើការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពត្រូវធ្វើដូចម្តេចខ្លះ?
១. ជោគជ័យហិរញ្ញវត្ថុមិនមែនជារឿងអាថ៌កំបាំង
មូលដ្ឋានគ្រឹះនៃការកសាងទ្រព្យសម្បត្តិត្រូវបានកត់ត្រាទុកអស់រយៈពេលរាប់សិបសតវត្សមកហើយ។ អ្វីដែលអ្នកត្រូវដឹងនៅទីនេះគឺ ឈប់ស្វែងរកផ្លូវកាត់ និងអាថ៌កំបាំងទាំងនោះទៅ ហើយងាកមកចាប់អារម្មណ៍នូវដំបូន្មានសាមញ្ញមួយចំនួនដែលឪពុកម្តាយរបស់អ្នកធ្លាប់បង្រៀនអ្នកកុំឲ្យចាយលុយច្រើនជាងចំណូលវាប្រសើរជាង។ នេះជាក្បូនមួយសំខាន់ក្នុងការរៀនគ្រប់គ្រងលុយកាក់មុនចាប់ផ្តើមជំហានផ្សេងទៀត។
២. សុភមង្គលកើតមាននៅពេលអ្នកចេះគ្រប់គ្រងអារម្មណ៍របស់អ្នក
អ្នកមិនអាចស្វែងរកភាពសប្បាយរីករាយនៅក្នុងជីវិតរបស់អ្នកបានតាមរយៈការទិញរបស់ប្រើប្រាស់ដែលគ្មានប្រយោជន៍កាន់តែច្រើននោះឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺពេញចិត្តអ្វីដែលអ្នកមាន និងត្រូវដាក់កំហិតខ្លួនឯងឲ្យចេះគ្រប់គ្រងការចាយវាយឲ្យមានប្រសិទ្ធភាពជាពិសេសបែងចែកទិញអ្វីដែលចាំបាច់ និងមិនចាំបាច់។
៣. អ្នកអាចមានអ្វីមួយដែលអ្នកចង់បាន មិនមែនអ្វីគ្រប់យ៉ាងដែលអ្នកចង់បាននោះឡើយ
បើបណ្តែតបណ្តោយតាមអារម្មណ៍របស់អ្នក ចិត្តអ្នកនឹងមិនស្កប់នោះឡើយ។ អ្នកប្រាកដជាចង់ក្រសោបអោបអ្វីគ្រប់យ៉ាងដែលអ្នកចង់បានមកកាន់ក្នុងដៃ។ ក៏ប៉ុន្តែនៅក្នុងជីវិតជាក់ស្តែង ហិរញ្ញវត្ថុគឺជាបញ្ហាចម្បងមួយរបស់អ្នក។ ហេតុដូច្នេះហើយ អ្នករៀនយល់ដោយខ្លួនឯងថា មានរបស់មួយចំនួនប៉ុណ្ណោះដែលអ្នកអាចមានលទ្ធភាពចំណាយលុយទិញវាយកមកធ្វើជាកម្មសិទ្ធិរបស់អ្នក មិនមែនអ្វីគ្រប់យ៉ាងនោះឡើយ។
៤. តាមដានគ្រប់ចរន្តចំណូលចំណាយ
នៅពេលនិយាយពីការសន្សំ និងការវិនិយោគ អ្នកគឺជាសត្រូវដ៏សាហាវបំផុតសម្រាប់ខ្លួនឯង។ ម្ល៉ោះហើយអ្នកត្រូវរំដោះខ្លួនឈប់ធ្វើជាសត្រូវដែលរារាំងដល់ការសន្សំ និងការវិនិយោគលុយរបស់អ្នកដូចមុនទៀតទៅ។ ត្រូវចាប់ផ្តើមតាមដានការចំណាយរបស់អ្នកឲ្យបានល្អិតល្អន់ថា តើអ្នកចំណាយលើអ្វីខ្លះ? មានប្រសិទ្ធភាពឬអត់? ត្រូវរកច្រកផ្លូវមួយដែលអាចធ្វើឲ្យលុយរបស់អ្នកដើររកលុយជំនួសអ្នក ពោលគឺចេះទាំងសន្សំ និងការវិនិយោគឲ្យបានច្រើន។
៥. កុំរង់ចាំភាពល្អឥតខ្ចោះចូលមកដល់
មនុស្សជាច្រើនយល់ថា ទាល់តែមានលុយច្រើនទើបរកស៊ីបាន ឬថា ឱកាសល្អមិនទាន់មកដល់។ អ្នកត្រូវដឹងថា ការរង់ចាំលុយច្រើន ឬឱកាសល្អចូលមកដល់គឺជាសត្រូវមួយទៀតដែលធ្វើឲ្យអ្នកមិនអាចសម្រេចបានភាពជោគជ័យហិរញ្ញវត្ថុ។ ផ្ទុយមកវិញ អ្នកអាចរៀនចាប់ផ្តើមសន្សំ និងវិនិយោគបន្តិចម្តងៗពីតូចទៅធំ ហើយថ្ងៃណាមួយអ្នកនឹងភ្ញាក់ផ្អើលនូវអ្វីដែលអ្នកបានធ្វើ។
៦. ឈប់យកលេសបន្តទៀត
នៅពេលអ្នកបរាជ័យហិរញ្ញវត្ថុ ឈប់ទម្លាក់កំហុសទៅអ្នកដទៃ គ្រួសារអ្នក ឬដៃគូជំនួញរបស់អ្នក។ រឿងសំខាន់នៅទី នេះ គឺអ្នកត្រូវរៀនទទួលខុសត្រូវបើទោះបីជាវាមិនមែនជាកំហុសទាំងស្រុងរបស់អ្នកក៏ដោយ។ ការឆ្លើយតបដ៏ល្អបំផុតដើម្បីលុបបំបាត់ចោលការយកលេសមិនចេះចប់របស់អ្នកគឺការរកគន្លឹះ និងវិធីសាស្ត្រដោះស្រាយបញ្ហាហិរញ្ញវត្ថុឲ្យបានល្អប្រសើរជាងមុន។
៧. គ្មានអ្នកណាម្នាក់យកចិត្តទុកដាក់លើរឿងលុយកាក់របស់អ្នកជាងអ្នកនោះទេ
សូមចាំថា កុំចំណាយពេលរង់ចាំអ្នកណាម្នាក់មកប្រាប់អ្នកគ្រប់ពេលថា តើអ្នកគួរសន្សំ វិនិយោគ ឬដោះបំណុលដោយរបៀបណា? មានតែអ្នកប៉ុណ្ណោះដែលត្រូវទទួលខុសត្រូវលើអនាគតភាពជោគជ័យហិរញ្ញវត្ថុរបស់អ្នក។ អ្នកត្រូវគ្រប់គ្រងវាដោយខ្លួនឯងឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន៕
ប្រភព៖ entrepreneur