វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​​



អ្នកណា​ក៏​ធ្លាប់​ជួប​ប្រទះ​នឹង​គុណវិបត្តិ​ដែល​នាំ​មក​ពី​មិត្តភ័ក្ដិ អ្នក​រួម​ការងារ ឬ​សមាជិក​គ្រួសារ​ដែល​មាន​គំនិត​អវិជ្ជមាន។ ប្រហែល​ជា​ឥឡូវ​អ្នក​កំពុង​តែ​ធ្វើការ​ជាមួយ​អ្នក​រអ៊ូ​រទាំ​ តវ៉ា​ច្រើន ហើយ​ចូលចិត្ត​និយាយ​មិន​ល្អ​ពី​អ្នក​ដទៃ​។ 

មនុស្ស​ទាំងនេះ​ចូលចិត្ត​គិត​អ្វី​អវិជ្ជមាន​ដែល​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ធុញ​ទ្រាន់។ បើ​អ្នក​មិន​ប្រយ័ត្ន​ពី​មនុស្ស​ជំពូក​នេះ​ទេ នោះ​ពួកគេ​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការ​តាំង​ស្មារតី​ក្នុង​ការ​បំពេញ​គោលដៅ​របស់​ខ្លួន​ថែម​ទៀត​ផង។ ប្រើ​​វិធី​៧​​ខាងក្រោម​ដើម្បី​ដោះ​ស្រាយ​ជាមួយ​បញ្ហា​ទាំង​នេះ។

១) ​កំណត់​ព្រំដែន៖​ អ្នក​មិន​ចាំបាច់​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ដែល​ត្រូវ​ស្ដាប់​មនុស្ស​ទាំង​នោះ​រអ៊ូ​រទាំ​នោះ​ទេ ព្រោះ​ថា​អ្នក​មិន​អាច​ទៅ​ឃាត់​ពួកគេ​បាន​​ឡើយ​ តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​បន្តិច។ ការ​គិត​បែប​អវិជ្ជមាន​របស់​ពួកគេ​អាច​ធ្វើ​ឲ្យ​អត្តចរិត​ ក៏​ដូចជា​ការ​គិត​របស់​អ្នក​ផ្លាស់​ប្ដូរ​បាន​ដែរ។

២)​ គេច​ពី​អ្នក​ដែល​ពូកែ​តវ៉ា៖ ​មនុស្ស​ជំពូក​នេះ​មិន​ដែល​ព្យាយាម​រក​ដំណោះ​ស្រាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ពួក​គេ​ចូល​ចិត្ត​គិត​ថា​បញ្ហា​មិន​មាន​វិធី​ដោះស្រាយ​នោះ​ទេ​។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​មាន​គំនិត​វិជ្ជមាន​នោះ​ឡើយ ហេតុ​នេះ​បើ​មិន​ជា​ចាំ​បាច់​ទេ​ អ្នក​មិន​គួរ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​គេ​ច្រើន​ឡើយ។

៣)​កុំ​បង្កើត​ជម្លោះ៖ ​កុំ​ព្យាយាម​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ជាមួយ​មនុស្ស​ប្រភេទ​នេះ​ សុខ​ចិត្ត​ដើរ​ចេញ ឬ​ដើរ​គេច​វិញ​វា​ល្អ​ជា​ជាង។ នេះ​មិន​មែន​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​អន់​នោះ​ទេ គឺ​បាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ឆ្លាត​ទៅ​វិញ​ទេ។

៤)​​កុំ​គិត​ពី​អ្វី​ដែល​ពួក​គេ​ចូលចិត្ត​ធ្វើ៖ ​ពេលខ្លះ​ មនុស្ស​​​ធ្វើ​ទៅ​តាម​អារម្មណ៍​របស់​ខ្លួនឯង មិន​មែន​តាម​ហេតុផល​នោះ​ទេ។​ ដូច​នេះ​បើ​អ្នក​យក​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​អ្នក​ទៅ​អង្គុយ​គិត​ថា​ហេតុ​អី​បាន​ជា​គេ​ធ្វើ​បែបនេះ ធ្វើ​បែប​នោះ អ្នក​នឹង​មិន​ងាយ​យល់​ឡើយ ​ហើយ​នាំ​តែ​ខាតពេល​ក្នុង​ការ​បំពេញ​កិច្ចការ​ដែល​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​។

៥)​នៅ​ជាមួយ​មនុស្ស​ដែល​មាន​គំនិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន៖​ ​មនុស្ស​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ការ​គិត​របស់​អ្នក​រីក​ចម្រើន​ជាង​មុន ហើយ​នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា ពួក​គេ​នឹង​ផ្ដល់​ជា​យោបល់​ថ្មី​ហើយ​ល្អ​ដល់​អ្នក​ជានិច្ច។

៦)​ ពង្រឹង​ភាព​វិជ្ជមាន​នៅ​ក្នុង​ខ្លួន​អ្នក៖ ​អ្នក​ត្រូវ​តែ​មាន​ជំហរ​រឹងមាំ ហើយ​កុំ​មនុស្ស​ទាំង​នោះ​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​ឲ្យ​យ៉ាប់​ជាង​មុន​ឲ្យ​សោះ។ មិន​យូរ​មិន​ឆាប់​មនុស្ស​ទាំង​នោះ ក៏​នឹង​ទទួល​ឥទ្ធិពល​នៃ​ការ​គិត​វិជ្ជមាន​ពី​អ្នក​ផង​ដែរ៕

ដោយ៖ ​​​តូច ម៉ាយ៉ារស្មី

X
5s