​អនុវត្ត​ន៍គន្លឹះទាំង​៧​ចំណុចនេះ​ ​ដើម្បី​កាត់​បន្ថយ​​បញ្ហា​​ស្រេ្តស​(Stress) ​ដែល​អ្នក​កំពុង​ជួប​ប្រទះ​​



សព្វ​ថ្ងៃនេះ មនុស្ស​ម្នាក់ៗ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ដោយ​ការ​មមាញឹក និង​ប្រកួតប្រជែង។ ភាព​ស្រ្តេស​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​មិន​អាច​ចៀស​រួច ហើយ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​នូវ​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ភ័យ​ព្រួយ ការ​គេង​មិន​លក់ ការ​ឈឺចាប់​សាច់ដុំ ព្រម​ទាំង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀត​ផង។ វិធី​ទាំង​៧​យ៉ាង​ខាង​ក្រោម​នេះ​អាច​ជួយ​ឲ្យ​អ្នក​ចៀស​ផុត​ពី​ការ​ស្រ្តេស​បាន។

១)  ការ​អាន​សៀវភៅ៖​ ​ស្រ្តេស​មែន​ទេ? បើ​បែប​នោះ​មែន អ្នក​គួរ​តែ​រើស​សៀវភៅ​ណា​ដែល​ខ្លួន​អ្នក​ផ្ទាល់​ចូលចិត្ត​យក​មក​អាន។ ពេល​ខ្លះ ការ​រស់​នៅ​ក្នុង​ពិភពលោក​វេទមន្ត​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង​បាន​ដែរ។ ការ​អាន​មុន​ពេល​គេង នឹង​ជួយ​ឲ្យ​អ្នក​មាន​ដំណេក​ល្អ​ដូច​គ្នា។​

២) ​ ការ​ធ្វើ​ដំណើរ​កម្សាន្ត៖ ​មិន​ថា​អ្នក​រវល់​យ៉ាង​ណា អ្នក​គួរ​តែ​ឆ្លៀត​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ខ្លះ។ អ្នក​គួរ​តែ​ទៅ​កន្លែង​ដែល​អ្នក​មិន​ធ្លាប់​ទៅ​ដើម្បី​ស្គាល់​មនុស្ស​ថ្មី ទទួល​បាន​ចំណេះដឹង​ថ្មី និង​វប្បធម៌​ថ្មី។ យ៉ាងណា​មិញ បើ​សិន​ជា​អ្នក​មាន​កន្លែង​ដែល​អ្នក​ចូលចិត្ត​ទៅ​ហើយ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ អ្នក​ក៏​អាច​ទៅ​កន្លែង​បែប​នោះ​បាន​ដូច​គ្នា។

៣)​ ​ស្ដាប់​ចម្រៀង​៖ ​វា​មិន​មាន​ភាព​ភ្ញាក់ផ្អើល​អ្វី​ទេ​ដែល​ថា​ចម្រៀង​អាច​ធ្វើ​ឲ្យ​អ្នក​បំបាត់​ភាព​ស្រេ្តស​បាន ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​ចម្រៀង​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ខួរ​ក្បាល អារម្មណ៍ និង​សម្ពាធ​ឈាម​ផង​ដែរ។ ដូចនេះ​ហើយ អ្នក​គួរ​តែ​ស្ដាប់​ចម្រៀង​ណា​ដែល​ល្អ​ហើយ​អ្នក​ចូលចិត្ត។ អ្នក​អាច​ស្ដាប់​វា​ពេល​ណា​ក៏​បាន​ដែរ​ ដូច​ជា​ពេល​ហាត់​ប្រាណ ឬ​ពេល​ដើរ​ជាដើម។
៤)​ ការ​ហាត់​ប្រាណ៖ ​ការ​ហាត់​ប្រាណ​មិន​ចាំ​បាច់​ត្រូវ​តែ​ទៅ​កន្លែង​ហាត់​កីឡា​ទើប​ហៅ​ថា​ការ​ហាត់​ប្រាណ​ទេ ផ្ទុយ​ទៅ​វិញ​គ្រាន់​តែ​អ្នក​ហាត់​ពត់​ជើង​ពត់​ដៃ​នៅ​ពេល​ព្រឹក​ក៏​ចាត់​ទុក​ជា​ការ​ហាត់​ប្រាណ​ដ៏​ល្អ​ដែរ។ ការ​ដាក់​កាល​វិភាគ​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ គឺ​ជា​រឿង​ចាំបាច់​មួយ​សម្រាប់​សុខភាព​អ្នក​ផ្ទាល់។

៥) ​ការ​ធ្វើ​សមាធិ៖ ការ​ធ្វើ​សមាធិ​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង តែ​សព្វថ្ងៃ​គេ​ធ្វើ​សមាធិ​ដោយ​ចាត់​ទុក​វា​ជា​ការ​បំបាត់​ភាព​ស្រ្តេស​ដ៏​មាន​ប្រសិទ្ធភាព។ ព្យាយាម​ភ្ជាប់​ខ្លួន​អ្នក​ទៅ​នឹង​ធម្មជាតិ​ផង​ដែរ ​ព្រោះ​ការ​នៅ​ស្និទ្ធស្នាល​ជាមួយ​ធម្មជាតិ​តែង​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ជានិច្ច។

៦)​ ​​ការ​សើច និង​ នៅ​ជាមួយ​មនុស្ស​ដែល​យើង​ចូលចិត្ត៖ ​មនុស្ស​ដែល​យើង​ចូលចិត្ត​ភាគច្រើន​ត្រូវ​បាន​សំដៅ​ទៅ​លើ​មិត្តភ័ក្ដិ ហើយ​ពួក​គេ​តែងតែ​ធ្វើឲ្យ​យើង​សើច​សប្បាយ​មិន​ថា​យើង​មាន​ទុក្ខ​យ៉ាង​ណា​ក៏​ដោយ។ តែ​បើ​អ្នក​មិន​សូវ​មាន​មិត្តភ័ក្ដិ​ច្រើន​ទេ ព្យាយាម​នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ចូលចិត្ត​ហើយ​ស្និទ្ធស្នាល​ជាមួយ​ដូចជា សមាជិក​ក្នុង​ក្រុម​គ្រួសារ ឬ​អ្នក​រួម​ការងារ​ជាដើម៕ ​

ប្រែ​សម្រួល៖ ​​​តូច ម៉ាយ៉ារស្មី
​ប្រភព៖ www.lifehack.org

X
5s