វិធីសាស្ត្រគ្រប់គ្រងពេលវេលា ៩ យ៉ាងតាមរបៀបអ្នកមាន
នៅពេលអ្នកមិនបានគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព អ្នកនឹងសង្កេតឃើញថា ទោះបីជាអ្នកមានពេលច្រើនថ្ងៃ ច្រើនខែ ឬរហូតទៅដល់រាប់ឆ្នាំក៏ដោយ អ្នកក៏មិនអាចទទួលបានលទ្ធផលណាមួយគួរឲ្យកត់សម្គាល់តាមអ្វីដែលអ្នកចង់បាននោះដែរ។ បញ្ហានេះអ្នកត្រូវតែរកវិធីសាស្ត្រដើម្បីរៀបចំពេលវេលារបស់អ្នកឡើងវិញ។ អ្នកអាចរៀនសូត្រតាមក្បួនគ្រប់គ្រងពេលវេលារបស់មហាសេដ្ឋីនានាដូចខាងក្រោមនេះបាន៖
១.ផ្ដោតលើគោលដៅធំៗមុនគេ
មានគោលដៅច្រើនពេកក្នុងពេលតែមួយមិនត្រឹមតែធ្វើឲ្យអ្នកខាតពេលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកមិនអាចសម្រេចបានគោលដៅណាមួយក្នុងចំណោមគោលដៅទាំងនោះបានទៀតផង។ មហាសេដ្ឋីនានា គេមិនយកពេលមកអនុវត្តតាមវិធីបែបនេះឡើយ ពោលគឺពួកគេបង្រួមគោលដៅច្រើនឲ្យកាន់តែតិច មិនលើសពី៣នោះឡើយនៅក្នុងពេលតែមួយ។ អ្នកជោគជ័យចាប់ផ្តើមផ្តោតលើគោលដៅទាំងនោះ ដោយគោលដៅណាមួយសំខាន់ជាងគេ ត្រូវធ្វើមុនគេហើយបានធ្វើគោលដៅផ្សេងៗដែលសំខាន់បន្តបន្ទាប់ទៀត។
២. ដាក់កំហិត ឬគ្រប់គ្រងខ្លួនឯង
អ្នកអាចក្រឡេកទៅមើលមហាសេដ្ឋីកំពូលៗក្នុងលោកបាន។ បុគ្គលទាំងនោះត្រូវបានគេចាត់ទុកថា ជាមនុស្សដែលរៀបចំវិន័យតឹងតែងមួយសម្រាប់ដាក់កំហិតមកលើខ្លួនឯង ពីព្រោះតែពួកគេយល់ថា វាជាវិធីដ៏ល្អដែលធ្វើឲ្យសកម្មភាពរបស់ពួកគេរាល់ថ្ងៃអាចផ្សារភ្ជាប់ទៅនឹងការងាររបស់ពួកគេ និងមិនចំណាយពេលឥតប្រយោជន៍ដើម្បីយកពេលទៅធ្វើកិច្ចការផ្សេងៗទៀត។ នេះមិនមែនមានន័យថា អ្នកត្រូវតែធ្វើវាគ្មានពេលសម្រាកនោះទេ ប៉ុន្តែការធ្វើបែបនេះគឺដើម្បីឲ្យប្រាកដថា ពេលវេលាភាគច្រើនរបស់អ្នករំលងផុតទៅយ៉ាងមានតម្លៃបំផុត។
៣. បង្កើតទម្លាប់ល្អដើម្បីគាំទ្រដល់ផលិតភាពការងាររបស់អ្នក
អ្នកមានដឹងទេ? នៅក្នុងសកម្មភាពរបស់ខ្លួនប្រចាំថ្ងៃ មហាសេដ្ឋីទូទៅតែងបង្កើតទម្លាប់ល្អជាច្រើនដើម្បីជួយគាំទ្រដល់ផលិតភាពការងារ និងធ្វើឲ្យគោលដៅរបស់ពួកគេអាចសម្រេច។ ទាំងនេះមានដូចជា គេងឆាប់ក្រោកពីព្រលឹមដើម្បីហាត់ប្រាណ មើលគម្រោងការងារប្រចាំថ្ងៃ ឬតាមដានព័ត៌មានចំណេះដឹង ជាដើមដែលសកម្មភាពទាំងនេះធ្វើឡើងស្របតាមគោលដៅដែលខ្លួនបានកំណត់រួចហើយ។ ទោះបីជាមានពេលតិចក៏ដោយ ក៏ពួកគេឆ្លៀតធ្វើវាឲ្យបានរួចរាល់ពីព្រោះពួកគេយល់ថា ការឆ្លៀតពេលបន្តិចបន្តួចនេះអាចធ្វើឲ្យពួកគេសម្រេចបានគោលដៅធំបាន។
៤. រៀបចំពេលវេលាដើម្បីការងារសំខាន់
ដោយសារតែក្រុមមហាសេដ្ឋីជាមនុស្សដែលមមាញឹកខ្លាំងដូច្នេះ មានការងារជាច្រើនដែលខ្លួនត្រូវទទួលខុសត្រូវខ្លាំងជាងគេដូចជា ការឆ្លើយអ៊ីម៉ែល ចាត់ចែងការងារមុខជំនួញ ឬរៀបចំកិច្ចប្រជុំជាមួយដៃគូជំនួញជាដើម។ យ៉ាងណាមិញអ្វីដែលជាភាពឆ្លាតវៃរបស់បុគ្គលទាំងនេះគឺការយកពេលវេលាទៅធ្វើគម្រោងការងារណាមួយដែលចាំបាច់ និងបន្ទាន់បំផុត។ ដូច្នេះ ពួកគេអាចលុបចោលការប្រជុំ សំណើ បិទទូរស័ព្ទចោល មិនឆ្លើយឆ្លងសារតាមប្រព័ន្ធអេឡិចត្រូនិក ឬកិច្ចការផ្សេងៗទៀតដែលមិនសូវសំខាន់បានភ្លាម ដើម្បីផ្តោតតែម្យ៉ាងគឺសម្រេចការងារសំខាន់ៗដែលចាំបាច់បំផុត។
៥. ធ្វើការពិចារណាដោយប្រុងប្រយ័ត្នលើឱកាសណាដែលអាចចាប់យកបាន
សម្រាប់បុគ្គលជោគជ័យដូចជាមហាសេដ្ឋី នឹងមានឱកាសច្រើនណាស់ដែលបង្ហាញខ្លួននៅចំពោះមុខពួកគេ។ ប៉ុន្តែឲ្យតែឃើញឱកាសពួកគេសុទ្ធតែចាប់យកនោះឡើយ។ មុននឹងធ្វើការសម្រេចចិត្តចាប់យកឱកាសទាំងនោះ ពួកគេត្រូវពិចារណាដោយប្រុងប្រយ័ត្នថា តើឱកាសណាមួយខ្លួនគួរចាប់យកដើម្បីចំណេញទាំងពេលវេលា ប្រាក់កាស និងសមតាមសមត្ថភាពរបស់ខ្លួន? តើឱកាសទាំងនោះអាចជួយឲ្យខ្លួនសម្រេចបានក្តីសុបិន្តដែលមានស្រាប់ដែរឬទេ? ប្រសិនបើចម្លើយថាទេ ពួកគេនឹងបដិសេធភ្លាម។
៦. ចំណាយពេលទទួលទានអាហារថ្ងៃត្រង់
ជាទម្លាប់របស់មហាសេដ្ឋីមិនចូលចិត្តយកអាហារមកប្រឡូកប្រឡាក់នៅលើតុរបស់ពួកគេនោះទេ។ ពួកគេត្រូវប្រាកដថា ខ្លួនមិនត្រឹមតែចំណាយពេលទទួលទានអាហារថ្ងៃត្រង់តែមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការចំណាយពេលវេលាទាំងនេះបញ្ចប់ទៅដោយមានប្រយោជន៍ និងមានផលិតភាពតាមរបៀបផ្សេងទៀត។ ក្រុមមហាសេដ្ឋីទាំងនេះអាចយកពេលអាហារថ្ងៃត្រង់ដើម្បីណាត់ជួបមនុស្សសំខាន់ អតិថិជន ដៃគូជំនួញ ឬយកទៅបង្កើនមិត្តភាពជាមួយមនុស្សជោគជ័យផ្សេងៗទៀត។
៧. ដាក់ផែនការត្រូវធ្វើក្នុងថ្ងៃនីមួយៗ
មានចំណុចរួមមួយដែលមហាសេដ្ឋី និងមនុស្សជោគជ័យមាន គឺថា ពួកគេសុទ្ធតែរៀបចំពេលវេលាក្នុងថ្ងៃនីមួយៗធ្វើកិច្ចការផ្សេងៗបញ្ចប់ទៅប្រកបដោយផលិតភាពខ្ពស់បំផុត។ នៅក្នុងរយៈពេល ២ម៉ោងដំបូង ពួកគេនឹងយកពេលទាំងនេះទៅដោះស្រាយបញ្ហាសំខាន់ដែលជារឿងអាទិភាពបំផុតរបស់ពួកគេ។ បន្ទាប់មកពួកគេសម្រាកបន្តិចយកកម្លាំងបន្តិច និងមើលអ៊ីមែល បន្ទាប់មកចាប់ផ្តើមបន្តអនុវត្តគម្រោងការងារដែលសំខាន់បន្ទាប់ទៀត។ ប៉ុន្តែអ្វីដែលពួកគេត្រូវចាំនោះ គឺត្រូវផ្តោតលើការងារសំខាន់បំផុតតាមអាទិភាពដែលត្រូវធ្វើនៅក្នុងថ្ងៃនីមួយៗ ហើយធ្វើវាជាជំហានៗ។ សម្រាប់ការងារមិនទាន់ហើយត្រូវធ្វើនៅថ្ងៃស្អែកទៀត និងពេលចប់រួចរាល់ រៀបចំធ្វើការងារថ្មីនៅក្នុងថ្ងៃបន្ទាប់ទៀត។
៨.មិនរុញរានៅក្នុងការបដិសេធធ្វើអ្វីមួយ
ពេលខ្លះចម្លើយយល់ព្រម អាចជារឿងសម្ពាធមួយសម្រាប់អ្នកជាងការប្រើពាក្យបដិសេធន៍។ ប៉ុន្តែសម្រាប់មហាសេដ្ឋីវិញ ពួកគេមិនរុញរាក្នុងការបដិសេធនោះឡើយប្រសិនបើពួកគេយល់ថា វាមិនចាំបាច់ និងមិនសូវសំខាន់សម្រាប់គោលដៅរបស់ពួកគេ។ គ្មានអ្នកណាអាចធ្វើរឿងបានគ្រប់យ៉ាងនោះទេ ហើយសូម្បីតែមហាសេដ្ឋីមានផុតលេខ ក៏ត្រូវការពេលដើម្បីធ្វើរឿងដែលខ្លួនឯងយល់ថា ត្រឹមត្រូវផងដែរបើទោះបីជាអ្នកដទៃមិនសប្បាយចិត្តក៏ដោយ។
៩. បែងចែកពេលវេលាសម្រាប់លំហែ
ដូចអ្នកដឹងហើយថា ក្រុមអ្នកមានមិនសូវមានពេលសម្រាកច្រើននោះទេ មួយថ្ងៃៗរវល់តែការងារជំនួញ។ ប៉ុន្តែគ្មានអ្នកណាអាចធ្វើការបានដល់ទៅ ២៤ម៉ោងក្នុងមួយថ្ងៃ ឬ ធ្វើការងារ ៣០ថ្ងៃជាប់ដោយមិនមានពេលសម្រាកលំហែកាយខ្លះនោះទេ។ ដូច្នេះក្រៅពីការរកលុយ អ្នកមានទាំងនោះក៏ហ៊ានចំណាយប្រាក់ដើម្បីដើរកម្សាន្ត ឬ រៀបចំកម្មវិធីជួបជុំផងដែរដើម្បីធ្វើឲ្យអារម្មណ៍របស់ពួកគេស្រស់ស្រាយ និងមានប្រយោជន៍ដល់សុខភាពទើបធ្វើឲ្យការងាររបស់ខ្លួនមានផលិតភាព៕
ប្រភព៖ Entrepreneur