១០ ជំហានសាមញ្ញៗជួយឲ្យអ្នកមានសុវត្ថិភាពហិរញ្ញវត្ថុនៅវ័យ ៣០ឆ្នាំ​



ពេល​ដែល​អ្នក​មាន​សុវត្ថិ​ភាពហិរញ្ញ​វត្ថុ​គ្រប់​គ្រាន់ ​អ្នកអាច​សប្បាយ​រីក​រាយនឹង​ជីវិត​ចូល​និវត្តន៍​​​បាន។ ចូល​ដល់​វ័យ ៣០ឆ្នាំជាវ័យ​មួយ​ដែលអ្នក​ចាប់​ផ្តើម​ចង់បាន​ផ្ទះ ចង់​បានឡាន ចង់​បង្កើត​ក្រុមគ្រួសារ ចង់​​បាន​អ្វីដែលអ្នក​ឯទៀតគេ​មាន​ ចង់បាន​តម្រូវការ​សង្គម​ជាច្រើន​ លើស​ពី​នេះ​អ្នក​ក៏​ចង់បាន​ការ​សន្សំ​មួយ​ផ្នែក​ដើម្បី​អនាគត។ ដើម្បី​ឲ្យ​ជីវិតអ្នក​ពេល​ចូ​លនិវត្តន៍បាន​រីករាយ​​  អ្វីដែល​អ្នក​គួរ​ត្រៀម​មិន​មែន​ចាំ​ជិតដល់​ពេល​​ចូល​និវត្តន៍ទើប​ចាប់ផ្តើម​សន្សំ​នោះ​ទេ​ ហើយខាង​ក្រោម​​នេះជា​អ្វីដែល​អ្ន​ក​គួរ​ធ្វើ​មុន​ឈាន​ចូល​ដល់​វ័យ​ ៣០ឆ្នាំដើម្បីការពារហិរញ្ញ​វត្ថុ និងមានសេរីភាពហិរញ្ញវត្ថុ៖

១) មានភាព​រីក​រាយខ្លះ​ អ្នកគួរ​តែ​រីក​រាយនឹង​ជីវិតរបស់​អ្ន​កឲ្យ​ហើយ​ទាន់​​ពេល​ដែល​អ្នក​នៅ​ក្មេងអាច​សប្បាយ​បាន​​ ព្រោះ​ចៀស​មិនផុត​ទេ​ដែល​អ្នកត្រូវ​ជួប​ទុក្ខវេទនា​នៅ​ពេល​ចាស់ទោះ​មិន​មែនដោយ​សារ​លុយ​កាក់ ក៏​ដោយ​សារជំងឺដែរ។ ភាព​ជោគជ័យ​ក្នុង​ជីវិត​គឺជាសំដៅ​លើ​ជីវិត​មួយ​ដែល​អាច​ស្វែង​រក​សមតុល្យ​ពេល​វេលារវាង​គ្រួសារនិង​មិត្តភក្តិ និង​ពេលវេលារវាង​ការងារ​និង​ការ​លំហែ​កម្សាន្ត។

២) ត្រូវទទួល​ស្គាល់​ថាទ្រព្យ​ហិរញ្ញវត្ថុសំខាន់​បំផុត​របស់​អ្នក​គឺ​ខ្លួន​អ្នក​ផ្ទាល់ ជំនាញ​ ចំណេះ​ដឹង និង​បទពិសោធន៍​គឺជា​ទ្រព្យ​សំខាន់​ដែល​អ្នក​ត្រូវ​មាន​ ហើយ​វាក៏​មិ​ន​អាច​បាត់​បង់​ទៅ​ណាដែរ។ តម្លៃ​ដែល​អាច​រក​បាន​សម្រាប់​អនាគតរបស់​អ្នក​អាចជាការសន្សំ ការ​វិនិយោគ​ ដែល​បា​នមក​ពីអាជីព​របស់​អ្នក។ ​​អាជីពការងារ​របស់​អ្នក​ជាកត្តា​សំខាន់​ដើម្បី​ឲ្យ​អ្នក​សម្រេច​បាន​ជោគ​ជ័យនូវ​ឯក​រាជ្យ​ភាពហិរញ្ញ​វត្ថុ​ និង​សុវត្ថិ​ភាព​ហិរញ្ញ​វត្ថុ​។ ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯងត្រូវ​ចាំថាខ្លួន​របស់​អ្នក​ជា​ទ្រព្យ​ វិនិយោគ​លើ​ខ្លួន​ឯងសម្រាប់​អនាគត បង្កើន​តម្លៃ​ខ្លួន​ឯងតាម​រយៈ​ការ​ធ្វើ​ការងារ បន្តអភិ​វឌ្ឍចំណេះដឹង ជំនាញ​ បទ​ពិសោធន៍ ប្រឹង​ប្រែង​ឈោង​ចាប់​យក​អ្វី​ដែល​អ្នក​ប្រាថ្នា។

៣) ធ្វើជាអ្នក​រៀប​ចំផែន​ការ​ មិន​មែន​ត្រឹម​ជា​អ្នក​សន្សំ តាម​ការស្រាវជ្រាវ​បាន​បង្ហាញ​ថាអ្នក​ដែល​បាន​រៀប​ចំផែន​កា​រ​សម្រាប់​ជីវិត​ អនាគត​របស់​ពួក​គេ​តែងមាន​សល់​ទ្រព្យ​ច្រើន​ជាង​អ្នក​ដែល​មិន​បានគិត។ មនុស្សជោគជ័យ​តែង​មាន​គោល​ដៅ​ច្បាស់​លាស់​សម្រាប់​ខ្លួនឯង ហើយ​យក​គោល​ដៅ​នោះ​ជា​ការ​កំណត់ អភិ​វឌ្ឍ​ដើម្បីសម្រេច​ផែន​ការ។ ទោះពេល​ខ្លះ​ផែន​ការ​ដែល​បាន​គ្រោង​ទុក​មុន​អាច​ទៅតាមបន្ទាត់ និង​ចំនុ​ចដែល​ដៅ​រួច​ ១០០%​ ក៏​ដោយក៏​វា​ប្រសើរ​ជាង​ការ​ជី​វិត​មួ​យ​ដែល​តែង​តោល​មិន​បាន​បោះ​ស្នឹង​ហើយ​ចេះ​តែ​រសាត់​អណ្តែតគ្មាន​កោះ​ត្រើយនោះ​ដែរ។ ​

៤) កំណត់​គោល​ដៅរយៈ​ពេល​ខ្លីដើម្បី​សម្រេច​ផែន​ការ​រយៈពេល​យូរ ជីវិត​យើង​មានភាព​មិនប្រាកដ​ប្រជា​ច្រើនណាស់​ និង​អាច​មាន​ការ​ផ្លាស់​ប្តូរ​ច្រើននៅ​ចន្លោះ​អាយុ​ ៣០ឆ្នាំ​នេះ។ ជាជាងការ​ដែល​ដាក់​ផែន​ការ​រយៈពេល​វែង​ អ្នក​គួ​រមានគោល​ដៅ​រយៈពេល​ខ្លី​ដែល​អាចឲ្យ​អ្នក​ងាយ​សម្រេច​ផែន​ការរយៈ​ពេល​វែង​បាន​ល្អ​។​ ​

៥) ផែនការសម្រាប់​ការ​​ចូល​និវត្តន៍ បើ​និយាយពីរឿង​ចូល​និវត្តន៍​វិញមនុស្សយើង​តែង​គិត​ថា​វាជាពេល​វេលាសម្រាកលំហែ​មួយ​ចុង​ក្រោយ​ក្នុង​ជីវិត​។ អ្នក​ត្រូវ​មានគម្រោង​ថា​អ្ន​ក​ចង់​បាន​អ្វី អ្នក​ត្រូវ​ធ្វើអ្វីពេល​ចូល​និវត្តន៍​ ដូច្នេះ​អ្នករៀបចំ​ផែន​ការ​ហិរញ្ញវត្ថុ អ្នក​ត្រូវ​ចាប់​ផ្តើម​សន្សំ​បន្តិច​ម្តងៗ ហើយ​ធ្វើ​វា​ជារៀង​រាល់​ខែដើម្បី​សម្រេច​បំណង និង​ទៅ​ដល់គោល​ដៅ​។​

៦) រក្សា​បែប​ផែន​ក្នុង​ការ​រស់​នៅ​ដោយ​ចំណាយ​តិច​បំផុត អ្នក​ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្មីៗ​ហើយ​ចេញ​ធ្វើ​ការ​បាន​ពីទៅបី​ឆ្នាំតែង​តែមានភាព​លើស​នៃ​លំហូរ​សាច់​ប្រាក់​របស់​គាត់។ គាត់​នៅ​តែប្រើ​ទម្លាប់​មួយដូច​កាល​នៅ​រៀន​ការ​ចេះ​សន្សំ​សំចៃ​ ហើយ​គាត់​អាច​រក​ប្រាក់​បាន​ច្រើន​ជាង​តម្រូវការ​របស់​គាត់។ ជាជាង​ការ​ប្រើ​វិធី​មួយ​ដែល​អាចរក​ចំណូល​បាន​ច្រើន​ទៅ​ជា​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​រស់​នៅបែប​ប្រណិត​មួយ នោះគឺ​ការ​ព្យាយាម​កាត់​បន្ថយ​បំណុល និង​បន្ថែម​វាទៅលើ​ការសន្សំ។ ពេល​អ្នក​អាច​ទទួល​បាន​ការងារដែល​មាន​ប្រាក់​ខែខ្ពស់​អ្នក​អាច​ឈាន​មួយជំហាន​ទៅ​ក្នុងផែន​ការ​ដែល​អ្នក​បាន​គ្រោ​ងនោះ​ហើយ។

៧) ក្លាយជាមនុស្សដែល​មាន​ចំណេះជំនាញ​ហិរញ្ញវត្ថុ បង្កើត​លុយ​ជា​រឿង​មួយ តែការសន្សំនិង​ធ្វើ​ឲ្យវា​កើត​កូន​កើត​ចៅ​គឺជា​រឿង​មួយ​ផ្សេងទៀត។ ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុនិង​វិនិយោគ​​​គឺជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ស្ទើរ​ពេញ​មួយ​ជី​វិត។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ច្រើន​មាន​ទ្រព្យ​ច្រើនជាង​អ្នក​មិន​មាន​ចំណេះដឹងផ្នែកនេះ។​

៨) ចាប់​យក​ឱកាស គណនា​លើ​ហានិភ័យ​​​ ធ្វើ​ការ​គណនា​លើ​ហានិភ័យ​ពេល​ដែល​អ្នក​នៅ​ក្មេង​គឺជា​ការសម្រេច​ចិត្ត​ដ៏ប្រុង​ប្រយ័ត្ន​មួយ​ក្នុងជីវិត។ អ្នក​អាច​ធ្លាប់សាង​កំ​ហុស តែ​ត្រូវ​ចាំ​ថា​កំហុសគឺជាអ្នក​បង្រៀន​យើង អ្នក​តែង​តែ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើនពីកំហុស​ខ្លួន​ឯង ​ហើយ​ក៏​ទទួល​បាន​ជោគ​ជ័យ​ដោយ​សារ​ការ​កែ​ប្រែ​កំហុស​ដែរ។ ឧទាហរណ៍​ដែល​បញ្ជាក់​ពី ការគណនា​លើ​ហានិភ័យ​​​៖ - ធ្វើ​ការ​ផ្លាស់​ប្តូរ​ទៅរស់​នៅ​ទីក្រុ​ង​ថ្មី​ដែលមាន​ឱកាស​ការងារ - ត្រលប់​ទៅសាលា​វិញ​ដើម្បីបាន​ការ​បណ្តុះ​បណ្តាល​បន្ថែម - ទទួល​យក​ការងារ​ថ្មីមួយពី​ក្រុម​ហ៊ុន​ផ្សេងដើម្បី​ទទួល​បាន​ចំណូល​ទាប​ជាង​ តែ​មាន​សក្តា​នុព​លការងារ​ច្រើន​ជាង​មុន - ចាប់​ផ្តើម​ក្រុម​ហ៊ុន​ថ្មី​មួយ​ ឬជាអាជីវកម្ម​ startup - វិនិយោគ​លើ​មូល​បត្រ​ដែល​មាន​ហានិភ័យ​ខ្ពស់ ប៉ុន្តែក៏ទទួលបានចំណេញមកវិញបានច្រើនដែរ (high risk high return)

៩) ខ្ចីប្រាក់ដើម្បីយក​ទៅ​វិនិយោគ​​ ដល់​វ័យ​នេះ​ហើយ បើ​អ្នកចង់​ធ្វើ​ការ​ខ្ចី​ប្រាក់​គួរ​តែជា​ការ​ខ្ចី​ដើម្បីវិនិយោគ​ នៅពេលដែលអ្នក​ទទួល​បាន​ផល​ចំនេញ​អ្នក​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​សង​ត្រលប់​ទៅ​ម្ចាស់​បំណុល។ វា​ជា​ការ​ល្អ​បើ​អ្នកវិនិយោគ​វាទៅលើមូល​បត្រ ព្រោះ​វា​ជួយ​ឲ្យ​អ្ន​កបាន​ចំនេញក៏​ដូច​ជា​ចំណេះដឹង​បន្ថែម​ពី​វា។ មិនដូច្នោះទេ អ្នក​អាចយក​វាជាការ​វិនិយោគ​លើ​ខ្លួន​ឯង​ដូច​ជា​ការសិក្សា បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ទិញ​ផ្ទះ​ (សម្រាប់​ជួល​បន្ត) វាសុទ្ធ​តែអាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ផល។​​​

១០) ទាញយក​ផល​ប្រយោជន៍​ពី​ហិរញ្ញ​វត្ថុដោយ​សេរីបំផុត លើ​លោក​នេះវា​គ្មា​ន​ទេពាក្យ​ថា​ free ត្រូវ​ចេះ​ទាញយកផល​ប្រយោជន៍​ពី​អ្វីមួយ​ដែល ឧទារណ៍ថាបើ​អ្នកស្ថិត​នៅ​ក្នុង​គម្រោង​មួយ​របស់​ក្រុម​ហ៊ុន​សម្រាប់​ការ​ចូល​និវត្តន៍ ត្រូវ​ប្រាកដថា​វា​បាន​ផ្តល់​ឲ្យ​អ្នក​ក្នុង​ការ​ចូល​រួម​ចំណែក​​ទទួល​បាន​អ្វី​ដែល​ក្រុម​ហ៊ុន​នឹង​ផ្តល់​ឲ្យអ្នក​​ពិត​ប្រាកដ​មែន​៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ Business Blog

X
5s