តាមរយៈទង្វើទាំង៦ចំណុចនេះ ទោះមិននិយាយក៏ដឹងថាអ្នក«មិនស្រឡាញ់ខ្លួនឯងដែរ»
វាគ្មានហេតុផលអ្វីដែលអ្នកត្រូវចំណាយជីវិតអ្នកគិតពីអ្នកដទៃនោះទេ។ ប្រសិនបើអ្នកមិនស្រលាញ់ខ្លួនឯងទេចុះអ្នកណាទៅស្រលាញ់អ្នកនោះ។ នេះជាសញ្ញាដែលប្រាប់ថាអ្នកមិនសូវជាស្រលាញ់ខ្លួនឯងរួមមាន៖
១) មិនជឿជាក់ចំពោះខ្លួនឯង៖ អ្នកតែងប្រៀបធៀបខ្លួនឯងថាមិនល្អគ្រប់គ្រាន់ដូចអ្នកដទៃទេ។ អ្នកតែងតែលើកឡើងមកថា គេមានជាងអ្នក, គេស្អាតជាងអ្នក, គេសំណាងជាងអ្នក, គេមានវាសនាខ្ពស់ជាងអ្នក។ និយាយរួមគឺមិនជឿជាក់លើអ្វីដែលខ្លួនកំពុងតែមានទាល់តែសោះ។
២) អ្នកមិនចូលចិត្តបញ្ចេញគំនិត៖ អ្នកតែងគិតថាគំនិតរបស់អ្នកគឺមិនសក្ដិសម គ្រប់រឿងតែម្ដង។ និយាយរួមនោះគឺមិនដែលខ្វល់ថាសម្ដីឬគំនិតរបស់ខ្លួនមានប្រយោជន៍អីនោះទេ។ ដូចនេះបើសិនខ្លួនឯង មិនពេញចិត្តគំនិតរបស់ខ្លួនហើយនោះ។ តើទៅរំពឹងអ្នកណាឲ្យមកគាំទ្រអ្នកនោះ?
៣) ខ្វះការថ្នាក់ថ្នមចំពោះខ្លួនឯង៖ អ្នកត្រូវចេះប្រើប្រាស់ពេលវេលាខ្លះដើម្បីបញ្ជាក់ថាអ្នកពិតជាបារម្ភនិងស្រលាញ់ខ្លួនរបស់អ្នក។ ដោយគ្រាន់តែចំណាយលុយខ្លះ ក្នុងការម៉ាស្សាមុខ ធ្វើក្រចកដៃឬជើង ទិញសំលៀកបំពាក់ ឬពិសាអាហារឆ្ងាញ់ៗ។
៤) មិនដែលផ្ដល់ដំបូន្មានល្អៗដល់ខ្លួន៖ នៅពេលអ្នកទទួលបានជោគជ័យក្នុងកិច្ចការអ្វីមួយតើអ្នក ដែលនិយាយពាក្យសរសើរឬក៏លើកទឹកចិត្តខ្លួនឯងដែរឬទេ? ពេលខ្លះអ្នកត្រូវចេះសរសើរខ្លួនឯងដើម្បីបង្កើនកម្លាំងចិត្តធ្វើការងារជោគជ័យជាបន្តទៀត។
៥) មិនគោរពទង្វើរបស់ខ្លួនឯង៖ អ្នកលះបង់ច្រើនណាស់សម្រាប់គ្រួសារនិងខ្លួនឯងដោយអ្នកនឹកស្មានមិនដល់។ អ្នកមិនបានផ្ដល់តម្លៃដល់ខ្លួនឯងក្នុងការធ្វើបែបនោះឡើយ ហើយវាបញ្ជាក់ថាអ្នកមិនស្រលាញ់ខ្លួនឯង។
៦) មិនដែលផ្ដល់ភាពសប្បាយរីករាយចំពោះខ្លួនឯង៖ នៅពេលអ្នកនៅម្នាក់ឯង អ្នកតែងបណ្ដោយអោយភាពភ័យខ្លាចនិង រឿងដែលមិនសប្បាយចិត្តកើតឡើងគ្រប់ពេល។ អ្នកមិនដែលផ្ដល់ភាពស្ងប់ សុខដល់ខ្លួនឯងម្ដងណាទេ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.com