របាយការណ៍ស្រាវជ្រាវថ្មីបានបង្ហាញថា រកស៊ីលើមុខជំនួញ ១០ នេះនឹងធ្វើឲ្យអ្នកក្លាយជាអ្នកមាននៅពេលអនាគត
ភាពជោគជ័យសម្រាប់អាជីវកម្មថ្មីថ្មោង គឺមិនមែនជារឿងមួយងាយស្រួលនោះទេ ខណៈដែលបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនេះ។ ហេតុដូច្នេះហើយទើបក្រុមហ៊ុន Fundera របស់អាមេរិកបានរកឃើញថា អ្នកណាក៏ដោយ ដែលចាប់ផ្តើមបើកមុខជំនួញ ១០ ខាងក្រោមនេះនៅពេលអនាគតនឹងជោគជ័យខ្លាំង និងរកលុយបានច្រើនជាងមុខជំនួញផ្សេងៗទៀត។
១០.វិស័យដឹកជញ្ជូន មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន រថយន្តបើកបរដោយស្វ័យប្រវត្តិ រថយន្តអគ្គិសនី និងទីក្រុងឆ្លាតវៃ។ វិស័យមួយនេះគេរំពឹងថា នឹងមានទំហំ ៣,៦ ពាន់ពាន់លានដុល្លារ។
៩.វិស័យអចលនទ្រព្យ មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន ឈ្មួញកណ្តាលតាមប្រព័ន្ធអ៊ីនធឺណិត សេវាកម្មឌីសាញតាមអនឡាញ និង បច្ចេកវិទ្យាអចលនទ្រព្យ។ ការព្យាករណ៍បានបង្ហាញថា អ្នករកស៊ីទិញលក់ ឬម្ចាស់អចលនទ្រព្យ និងមនុស្សផ្សេងៗទៀតដែលរកស៊ីក្នុងវិស័យនេះនឹងកាក់កបខ្លាំងទៀតនៅទសវត្សខាងមុខ។
៨.វិស័យហិរញ្ញវត្ថុ មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងរូបិយប័ណ្ណអេឡិចត្រូនិក (cryptocurrency)។ ក្រុមហ៊ុនធនាគារធំៗ ឈ្មួញកណ្តាល និងក្រុមហ៊ុនផ្សេងៗទៀតដែលរកស៊ីក្នុងវិស័យនេះ នឹងនៅតែមានកំណើនល្អនៅពេលខាងមុខ។
៧.វិស័យបដិសណ្ឋារកិច្ច មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន សណ្ឋាគារ និង អ្នកផ្គត់ផ្គង់អាហារដោយចេរភាព (Sustainable food providers)។ មុខជំនួញផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ជាដើម នឹងកាន់តែកាក់កបខ្លាំង ហើយការផ្គត់ផ្គង់អាហារធម្មជាតិសម្រាប់ប្រជាជនសាកលលោកប្រកបដោយចេរភាព នឹងក្លាយជារឿងមួយមិនអាចខ្វះបាន។
៦.វិស័យសំណង់ មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន សំណង់លំនៅឋាន ការសាងសង់ធំៗ និងបច្ចេកវិទ្យាសំណង់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុងវិស័យនេះ គឺថា បច្ចេកវិទ្យាសាងសង់ថ្មីៗ នឹងដើរតួនាទីយ៉ាងសំខាន់ជំនួសឲ្យបច្ចេកទេសសាងសង់បច្ចុប្បន្នដែលនឹងធ្វើឲ្យសំណង់ទាំងនោះពោរពេញទោដោយភាពរស់រវើក គិតគូរដល់បរិស្ថាន សុវត្ថិភាព និងការរស់នៅប្រកបដោយផាសុកភាពសម្រាប់មនុស្សសម័យថ្មី។
៥.វិស័យលក់រាយ មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន ការធ្វើជំនួញតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) តូបលក់តូច (pop-up retailers) និង អាជីវកម្មលក់រាយផ្ទាល់ខ្លួន (personalized retail)។ ការស្រាវជ្រាវបានបញ្ជាក់ថា មុខជំនួញនេះគឺជាឱកាសល្អធ្វើឲ្យអ្នកដែលមានដើមទុនតិចតួច អាចហក់ចូលទីផ្សារកាន់តែ ខ្លាំងជាមួយក្រុមហ៊ុនធំៗបាន។
៤.វិស័យផ្សព្វផ្សាយ មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន ហ្គេម ឧបករណ៍សប្បនិម្មិត (virtual reality) និងទូរទស្សន៍តាមអ៊ីនធឺណិត ( streaming television)។ វិស័យមួយនេះនឹងមានកំណើនយ៉ាងឆាប់រហ័សបំផុត ហើយជាក់ស្តែង ក្រុមហ៊ុន Netflix ក្រុមហ៊ុន Hulu និង ទូរទស្សន៍តាមអ៊ីនធឺណិតបានកំពុងក្លាយជាមុខជំនួញពេញនិយមស្រាប់រួចទៅហើយ។
៣.ថាមពល មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន ប្រេង ឧស្ម័ន រ៉ែ ជីវម៉ាស និងថាមពលកកើតឡើងវិញ។ វិស័យមួយនេះដើរតួនាទីសំខាន់មិនអាចខ្វះបាន ជាពិសេសថាមពលកកើតឡើងវិញ ដែលនឹងមានកំណើនខ្ពស់នៅទសវត្សខាងមុខដោយសារតែតម្រូវការជាចាំបាច់សម្រាប់ធ្វើឲ្យភពផែនដីគ្មានការបំពុលបរិស្ថាន។
២.សុខភាព មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន ជីវបច្ចេកវិជ្ជា ការគ្រប់គ្រងទិន្នន័យសុខភាព និងសេវាកម្មថែទាំសុខភាពផ្ទាល់ខ្លួន។ ការស្រាវជ្រាវនេះបានលើកទឹកចិត្តឲ្យសហគ្រិន ត្រូវផ្តោតយកចិត្តទុកដាក់លើការធ្វើជំនួញលើវិស័យនេះ ខណៈដែលវាកំពុងមានសក្ដានុពលនៅជុំវិញពិភពលោក ជាពិសេសការយកបច្ចេកវិទ្យាមកគ្រប់គ្រងសុខភាពមនុស្សឲ្យកាន់តែប្រសើរឡើងជំនួសឲ្យការប្រើប្រាស់បច្ចេកទេសព្យាបាលនៅពេលបច្ចុប្បន្ន។
២.បច្ចេកវិទ្យា មុខជំនួញសំខាន់ៗក្នុងវិស័យនេះរួមមាន កុំព្យូទ័រCloud (Cloud computing) បច្ចេកវិទ្យាសិប្បនិម្មិតឆ្លាតវៃ (AI) និង វិភាគ ទិន្នន័យ (Big Data)។ បច្ចេកវិទ្យាដែលយកមកប្រើក្នុងវិស័យនេះ នឹងជំនួសឲ្យសកម្មភាពជាប្រពៃណីទាំងឡាយរបស់មនុស្សដែលនឹងធ្វើឲ្យមនុស្សទទួលបានទិន្នន័យកាន់តែសមក្រឹត្យ ឆាប់រហ័ស សន្សំពេលវេលា ចំណាយតិច និងឆ្លើយតបតាមតម្រូវការ។ បច្ចេកវិទ្យានឹងបន្តដើរតួនាទីជំនួសឲ្យមនុស្សលោក និងកាន់តែសកម្មឡើងនៅពេលអនាគត៕
ប្រភព៖ Inc