១០ ចំនុចជួយអ្នកឲ្យមានតុល្យភាពរវាងការធ្វើការងារពេញម៉ោង និង ការរៀនមហាវិទ្យាល័យក្នុងពេលតែមួយ​



ឈាន​ចូល​ដល់​ជី​វិត​រៀន​នៅ​មហា​វិទ្យា​ល័យ​ អ្វី​ៗ​ចាប់​ផ្តើម​ប្រែប្រួលពី​កាល​ពី​នៅ​វិទ្យា​ល័យ​ស្ទើរ​តែ​ទាំង​ស្រុង ពេល​វេលា​នៃ​ការ​សិក្សា ជា​ពេល​ដែលយើង​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​នៃការ​សិក្សា​មិន​លេងសើច​ដូ​ចកាល​ពី​មុន ក៏​ជា​ពេល​មួយ​ដែ​ល​ត្រូវ​គិត​បណ្តើរៗពី​អាជីពការងារ​ ស្វែង​រក​បទ​ពិ​សោធន៍សម្រាបើ​ជីវិត។

មនុ​សុ្ស​មួយ​ចំនួន​បាន​ព្យាយា​ម​ស្វែង​រកការងារ​នៅ​ពេល​ដែល​គេ​កំពុង​រៀន​មហា​វិទ្យា​ល័យ​ ខណៈ​ដែល​អ្នក​ឯទៀត​មិន​ហ៊ាន​ធ្វើ​ខ្លាច​ប៉ះ​ពាល់​ដល់​ការ​សិក្សា ហើយ​រង់​ចាំដល់ពេល​បញ្ចប់​បរិញ្ញាបត្រទើប​ស្វែង​រក​ការងារ។ តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ឲ្យ​ជីវិត​​ការ​ងារ និង​ជីវិត​សិក្សា​នៅ​មហា​វិទ្យា​ល័យ​អាច​ធ្វើ​ដំណើរ​យ៉ាង​ប្រដង​ត្រសង​ជា​មូយ​គ្នា​បាន​យ៉ាង​រលូន? តោះ! ទៅមើល​វិធីសាស្រ្ត​ទាំង​ ១០ ខាងក្រោម​៖

១) រៀប​ចំ​កន្លែង​ និង​បរិយាកាស​សម្រាប់​រៀន
ធ្វើ​ការ​ងារ​ពេញ​ម៉ោង​ហត់​ណាស់ ចេញ​ពី​ធ្វើ​ការ​ត្រូវ​ចូល​រៀន​ភ្លាម​ វិធី​តែមួយ​គត់​ដែល​អា​ចធានា​ផលិត​ភាព​ការ​ងារ​ និង​ការ​សិក្សា​របស់អ្នកបាន​ល្អគឺ​រៀប​ចំ​ការ​សិក្សា​នៅ​ផ្ទះ មិនមែន​រៀន​តែ​នៅ​សាលា​ទេ។ កន្លែង​រៀន​ដែល​បាន​រៀប​ចំ​ស្អាត​ជួយ​ឲ្យ​អ្នក​អាច​បង្កើត​ភាព​ស្រស់​ស្រាយ​ដើម្បី​​សិក្សា ក៏​អាចធ្វើឲ្យ​លទ្ធ​ផលនៃការសិក្សាបាន​ល្អប្រសើរ​ដែរ។​

២)​ ការ​រៀប​ចំ​អាទិភាព
ពេល​ដែល​អ្នក​មាន​ផែន​ការ​ មាន​គម្រោង​ច្រើន​អ្នក​ប្រាកដជា​ពិបាក​សម្រេច​ឲ្យ​បាន​ក្នុង​ពេល​តែ​មួយ​ណាស់។ អ្នក​គួរ​ជ្រើស​មើល​ថា​ក្នុង​កាលៈទេសៈ​នេះ​ផែន​ការឬគោល​ដៅមួ​យ​ណា​ដែល​អ្នក​ចង់​ឲ្យ​វា​សម្រេច​មុន​។ ពេលអ្នកដាក់​ចេញ​នូវ​អាទិ​ភាពចំពោះ​ការងារ​មួយ​ៗ​ជាក់​លាស់ វាជួយ​ដល់​អ្នក​កាត់បន្ថយ​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​អនុវត្ត ក៏​ដូចជា​ដោះស្រាយ​បញ្ហា​នានា​ចំពោះ​មុខបាន​យ៉ាង​ងាយ។​​

៣) ធ្វើ​ជា​ម្ចាស់​នៃ​ពេល​វេលា
ចង់​សម្រេច​ការ​ងារ​ទាន់​តែយើងចេះ​គ្រប់​គ្រង​ពេល​វេលា​ បែង​ចែក​វា​ឲ្យ​បាន​ច្បាស់​លាស់​ និង​មាន​តម្លៃ​បំផុត។ ពាក្យ​ថាពែល​វេលាជា​មាស​ប្រាក់​គឺ​មិន​ខុស​ទេ បើ​អ្នក​បណ្តោយ​ពេល​វេលា​ឲ្យ​កន្លងហួស​ អ្នក​មិន​អាច​អូស​ទាញ​យក​ពេល​វេលា​មក​វិញ​បាន​ទេ។ រៀប​កាល​វិភាគ​ឲ្យ​បាន​ល្អ​រវាង​ការ​សិក្សា និង​ពេល​វេលា​ធ្វើ​ការ​ងារ​ជួយ​ឲ្យអ្នក​យក​ឈ្នះ​ការ​លំបាក​បាន​។ មិន​ត្រឹម​តែ​រៀប​កាល​វិភាគ​នៃការ​សិក្សា និង​ការងារ​ទេ តែអ្នក​ក៏​ត្រូវបែង​ចែក​ពេល​វេលា​ក្នុងការ​លំហែរ​ដើម្បី​ខ្លួន​ឯង​ដែរ។

៤) ប្រើកម្លាំងទំនោរធម្មជាតិរបស់អ្នក
Malson បានលើក​ឡើង​ថា គ្មាននរណា​ម្នាក់​ដឹង​ថា​ខ្លួន​ឯង​ខ្លាំង​ផ្នែក​អ្វី ឬខ្សោយ​ផ្នែក​អ្វី​ជាង​ខ្លួន​ឯង​ទេ ហើយ​ក៏​គ្មាន​នរណាអាច​មក​ដឹង​ពី​ទម្លាប់​ផ្ទាល់​ខ្លួន​របស់​យើង​ជាង​ខ្លួន​ឯង​យើង​បាន​ដែរ។ ដូច្នេះត្រូវ​ចេះ​ប្រើ​ប្រាស់​ទម្លាប់​របស់​ខ្លួន​ឲ្យ​មាន​ប្រយោជន៍ ក្នុ​ងការ​បែង​ចែក​ការ​ងារឲ្យ​មានប្រសិទ្ធិ​ភាព​។

៥) គិត​គូរ​ពី​ខ្លួន​ឯង
កុំ​ខំ​ធ្វើ​ការ​រហូត​អត់ងងុយ អត់​បាន​បាយ​ទឹក​ កុំ​ខំ​រហូត​ត្រូវ​គេង​រៀន​ក្នុង​ម​ន្ទីរ​ពេទ្យ ការ​ដែល​រៀន​ផង​ ធ្វើ​ការ​ងារ​ផង​ បើ​មិន​ចេះថែ​សុខភាព​ មិន​គិត​គូរ​ពី​ខ្លួនឯង​ទេគ្មាន​នរណា​មក​ឈឺ​ជំនួស​អ្នក​ទេ​ ។ បើ​ហត់​នឹង​ការ​ងារ​សម្រាក​បន្តិច​ទៅ​ដើម្បី​ស្រលះ​ខួរ​ក្បាល ការ​រៀន​ក៏​ដូចគ្នា​មិន​មែន​មិ​នឲ្យ​ខំ​រៀន​ទេ តែ​ត្រូវ​រៀន​ឲ្យ​បាន​ជាប់​លាប់ មិន​មែន​រៀន​បែប​លេង​សើចៗចាំជិត​ដល់​ថ្ងៃ​ប្រលង​ទើប​មក​សម្រុក​រៀន។ ការគេ​ង​ឲ្យ​បានគ្រប់​គ្រាន់​ជា​រឿង​មួយ​សំខាន់​បំផុត​សម្រាប់​សុខភាព​ ព្រោះ​ជំងឺ​នានាងាយនឹង​យាយី​សុខភាពណាស់​ពេល​អ្នកទទួល​ទាន​ដំណេក​មិនគ្រប់​គ្រាន់។​​

៦) ទំនាក់​ទំនង
មាន​សមត្ថភាពមាន​ជំនាញ​ធ្វើ​ការ​ទំនាក់​ទំនង​ ជារឿង​មួយ​មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ។ បើ​អ្នក​ធ្វើ​ការ​តែខ្វះ​ទំនាក់​ទំនង​អ្នក​ប្រហែល​ជា​យ៉ាប់​ហើយ​ណា ពេល​ខ្លះ​ការ​ងារ​ដែល​អ្នក​ត្រូវ​ធ្វើ​វា​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​សិក្សា ដូចជាការងារ​​លើស​ម៉ោង ឬ​ធ្វើ​ឲ្យ​អ្នក​គ្មាន​ពេលគ្រប់​គ្រាន់​សម្រាប់​រៀន។ ដូច្នេះ​និយាយប្រាប់​អ្នក​គ្រប់​គ្រង​អ្នកទៅ ហើយ​សុំ​គាត់​ឲ្យ​ជួយ​សម្រួល​ដល់​បញ្ហា​ទាំង​អស់​នេះ។

៧) កុំ​ខ្លាច​ការ​សុំ​ជំនួយ
គ្រាន់​តែ​សុំ​ជំនួយ​ពី​នរណា​ម្នាក់​វាមិនខុស​ទេ ក៏​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខ្មាស់​អៀន​អី​ដែរ បើ​ហត់​ខ្លាំង បើ​ធ្វើ​មិនបាន​ បើ​លើស​ពីសមត្ថ​ភាពយើង​សុំ​ឲ្យ​នរណា​ម្នាក់​ជួយ​ទៅ។ឲ

៨) ជឿជាក់​លើសមត្ថភាព​អ្នក
ធ្វើ​អ្វីក៏​ដោយ​ចង់ឲ្យ​ទទួល​បាន​លទ្ធ​ផល​ទាល់​តែអ្នកជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង ព្រោះ​ពេលអ្នក​ធ្វើ​អ្វី​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​តិច​ណាស់​ដែល​ចាំ​លើក​ទឹក​ចិត្ត​អ្នក​ បើ​មិន​ផ្តល់​កំលាំង​ចិត្តខ្លួនឯង​កុំ​សង្ឃឹម​ថា​អ្នក​ជោគ​ជ័យ។

៩) អប​អរ​ចំពោះ​ជ័យ​ជំនះ​តូច​មួយ​ដែល​អ្នកបាន​ធ្វើ
ពេល​អ្ន​ក​ធ្វើ​ការ​ងារ​មួយ​ ១០០ភាគ​រយ​ដែល​រំពឹង​លទ្ធ​ផល​ពិសេស​ភាព​ជោគ​ជ័យ​ ដូចន្នេះ​បើ​មាន​តម្រុយ ឬ​ទទួល​បាន​ជោគជ័យ​ហើយ​អបអរ​ចំពោះ​ខ្លួន​ឯង​ទៅ ដើម្បី​ជាកម្លាំង​ចិត្តបន្តការ​ងារ​ធំ​នៅ​ចំពោះមុខ​ផ្សេង​ទៀត។ វា​ជា​កាតាលី​ករ​ជំរុញ​ការ​ងារ​ផ្សេងៗទៀត​ដែលអាច​នឹង​សំខាន់​ជាង​ការ​ងារ​មួយនេះ​ឲ្យសម្រេច​បាន​លទ្ធ​ផល​ល្អ​ដូចគ្នា។​

១០) ត្រូវ​ចង​ចាំគោល​ដៅ​រយៈពេល​វែង​របស់​អ្នក
ទោះ​ធ្វើ​ការ​ងារផង​ រៀន​ផង​តែ​គោល​ដៅ​ធំ​មួយ​សម្រាប់​រយៈពេល​វែង​របស់អ្នកសូម​កុំ​ភ្លេច​វា​ណា ពេល​ខ្លះ​អ្ន​កមានគំនិត​ថាចង់​បោះ​បង់​វា​ចោល​ម្តងៗដោយ​សារ​តែ​ការហត់​នឿយ​ពេក​ តែ​ត្រូវ​ចាំ​ថាថ្ងៃ​ណាមួយ​អ្នក​នឹង​បញ្ចប់​ការសិក្សា​ដោយ​លទ្ធផល​ល្អ ហើយ​ថ្ងៃ​ណាមួយ​អ្នកក៏​នឹង​អា​ចផ្លាស់​ប្តូរ​ការ​ងារ​ទៅ​រក​ការ​ងារមួយ​ដែល​ល្អជាង​នេះ​ដែរ។ សំលឹង​មើល​ពី​គោល​ដៅ​របស់​អ្នក​ ហើយ​តាំង​ចិត្ត​ឲ្យ​រឹងម៉ាំ​ដើម្បី​សម្រេច​វា​ឲ្យបាន។

ដោយ៖ យ៉ាយ៉ា
ប្រភព៖ RASMUSSEN College

X
5s