អស្ចារ្យមែន! ក្នុងប្រទេសម៉ិកស៊ិក គេអាចឆ្នៃដើមដំបងយក្សបង្កើតជីវឥន្ធនៈបាន
ថ្មីៗ នេះក្រុមហ៊ុនមួយចំនួននៅប្រទេសម៉ិចសិកបានធ្វើការសិក្សាស្រាវជ្រាវ កែច្នៃរុក្ខជាតិដំបងយក្ស Opuntia ទៅជាជីវឥន្ធនៈ។
បើកបររយៈចម្ងាយ ១២៥ គម ពីទីក្រុងមិចស៊ីកូឆ្ពោះទៅ ទីក្រុង Zitácuaro អ្នកនឹងបានឃើញវាលមួយដ៏ធំ ពោរពេញទៅដោយដើមដំបងយក្ស Opuntia (ប្រភេទដំបងយក្សសំប៉ែត)។ គេសង្កេតឃើញថាដើមដំបងយក្សដុះនៅទីនោះមានកម្ពស់ចន្លោះពី ៥ ទៅ ៧ម៉ែត្រ និងអាចមានអង្កត់ផ្ចិតរហូតទៅដល់ ១ម៉ែត្រ។ ពេលខ្លះគេអាចឃើញដើមនេះមានកំពស់រហូតទៅដល់ ១៨ ម៉ែត្រក៏មាននៅក្នុងប្រទេសនេះ។
ដើមដំបងយក្ស Opuntia នេះមានអត្ថប្រយោជន៍មិនតិចទេ ព្រោះគេអាចយកវាទៅចម្អិនជាអាហារបានដោយប្រាកដថាបានសម្អាតបន្លាស្រួចៗរបស់វាចេញអស់មុនពេលចម្អិន។ រុក្ខជាតិនេះមានផ្ទុកទៅដោយអាហាររូបត្ថម្ភ និងជីវជាតិសម្រាប់រាងកាយ។
មាសបៃតងបានជួយដោះស្រាយបញ្ហា
លោក Rogelio Sosa López ដែលជាកសិករម្នាក់ដាំ Opuntia និងផលិតជីវឥន្ធនៈនៅ Zitácuaro ក៏ដូចជាកសិករដទៃទៀតដែរ ដែលតែងព្យាយាមស្វែងរកគំនិតថ្មីដើម្បីកាត់បន្ថយថ្លៃចំណាយ ដោយធ្វើការងារជាមួយអ្នករួមការងារលោក Antonio Rodríguez និង Señor López បានចាប់ផ្តើមចិតយកផ្នែកបន្លាចេញ និងចម្រាញ់យកជាតិអន្ទិលៗចេញពីដំបងយក្ស Opuntia ដើម្បីផលិតជាជីវឥន្ធនៈ ជាហេតុនាំឲ្យកាត់បន្ថយថ្លៃចំណាយទៅលើឥន្ធនៈរបស់គាត់បាន។
នៅពេលដែលកាត់និងបន្សុទ្ធវារួច គេយកវាទៅលាយជាមួយលាមកសត្វ សាច់របស់ Opuntia នឹងបំលែងទៅជាមេតាននិងទឹក។ López និង Rodríguez បានបន្តការបង្កើត Nopalimex ដែលផ្តោតទៅលើផលិតកម្មនៃថាមពលធនធានបៃតង។ ជីវឧស្ម័នកំពុងមានអំណាចនៅក្នុងការផ្តល់ថាមពលឲ្យគ្រឿងចក្រកសិកម្មតាំងពីឆ្នាំ ២០១៦ ហើយបច្ចុប្បន្ន Nopalimex កំពុងផ្គត់ផ្គង់ឥន្ធនៈទៅទីក្រុង Zitácuaro។ ការចំណាយលើជីវឥន្ធនៈដែលផលិតពីដើមដំបងយក្ស Opuntia នេះមានតម្លៃត្រឹមតែ ០.៦៥ ដុល្លារ (ឬ ១២ ប៉េសូ) ប៉ុណ្ណោះក្នុងមួយលីត្រ ហើយតម្លៃនេះវាថោកជាងមួយភាគបី ១/៣ នៃ តម្លៃស្តង់ដាររបស់សាំងឬ ម៉ាស៊ូត ហើយវាចំហេះវាក៏ស្អាត (មិនប៉ះពាល់ដល់បរិស្ថាន) គួរឲ្យកត់សម្គាល់ដែរ។
អត្ថប្រយោជន៍នៃដើមដំបងយក្ស Opuntia
ស្រូវសាលី អំពៅ សណ្តែកសៀង គឺស្ថិតក្នុងចំណោមដំណាំជីវៈឥន្ធនៈដែលគេដាំដុះភាគច្រើនបំផុត ពួកគេក៏មានវត្តមាននៅក្នុងខ្សែផលិតកម្មសង្វាក់អាហារផងដែរ សម្រាប់ទ្រទ្រង់ទាំងមនុស្សនិងសត្វ។ ដូចដែលបានលើកឡើងខាងលើ ដំបងយក្ស Opuntia មិនត្រឹមតែត្រូវបានគេយកមកផលិតជាជីវឥន្ធនៈប៉ុណ្ណោះទេ តែប្រជាជនមិចស៊ីកូ និងនៅបណ្តាប្រទេសមួយចំនួនទៀតបានយកវាធ្វើជាអាហារប្រចាំថ្ងៃ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់សារពាង្គកាយ ក៏ដូចជាផ្ទុកទៅដោយអាហារូបត្ថម្ភជាច្រើនផងដែរ៕
ដោយ៖ យ៉ាយ៉ា