អនុវត្តគន្លឹះទាំង ៥នេះដើម្បីជួយឲ្យមានលំហូរសាច់ប្រាក់រឹងមាំសម្រាប់អាជីវកម្ម​




មិ​ន​មែន​ទាល់​តែ​អាជីវកម្ម​ទើប​ចាំ​បាច់​ត្រូវគិត​គូរ​ពី​រឿង​លំ​ហូរ​សាច់​ប្រាក់ឬ​ហិរញ្ញ​វត្ថុ​នោះ​ទេ។ ក្នុ​ងជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ​ក៏​សំខាន់ណាស់​ដែរ បើ​អ្នកមិនអាចគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ពិសេស​គ្រប់​គ្រងលើ​លំហូរ​សាច់​ប្រាក់​ទេ​ អ្នកមិន​ត្រឹម​តែ​មិនអាចសល់​លុយ​ជាប់​ខ្លួន​ទេ តែ​អ្នក​អាច​ប្រឈម​នឹង​បំណុល​វ័ណ្ឌក​ក៏ថាបាន​។​ នេះនិយាយ​ត្រឹម​រឿង​បុគ្គល​ម្នាក់​ផង​ ចុះ​ទម្រាំ​អាជីវកម្ម​ទាំង​មូល​ដែល​ត្រូវ​ការដើមទុន ត្រូវកា​រគំនិត ត្រូវ​ការ​កម្លាំង ត្រូវការ​អ្វីៗជាច្រើន​ ​ត្រូវ​ការចាំបាច់​គិត​គូរ​ពី​ការ​ហូរ​ចេញ​ហូរ​ចូល​នៃសាច់​ប្រាក់​ឲ្យ​កាន់​តែ​ល្អិត​ល្អន់​មិនខាន។

ខាង​ក្រោម​នេះជា​គន្លឹះ​ជួយ​អ្នក​រក្សា​លំហូរ​សាច់​ប្រាក់​ឲ្យ​បាន​រឹង​មាំ៖
១) បង្កើតគម្រោង​ថវិកា
ម្ចាស់អាជីវកម្ម​ម្នាក់ៗគួរ​តែ​អង្គុ​យចុះ​គិត​គូរ​ហ្មត់​ចត់ ធ្វើ​ការ​ប៉ាន់​ស្មាន​ពី​លំ​ហូរ​ចេញ​និងលំហូរ​ចូលនៃសា​ច់​ប្រាក់។ កត្តា​ដែល​គួរ​យក​មក​ពិចារណារួមមានវដ្ត​នៃ​ការ​លក់ រយៈ​ពេល និង​លក្ខខណ្ឌ​នៃ​ការ​បញ្ចុះ​តម្លៃ​ដែល​អ្នក​នឹង​ផ្តល់​ជូន​អតិថិជន​ អត្រា​បទល្មើស​ដែល​អាច​កើត​មាន និង​កត្តា​ដទៃ​ទៀត​ដែល​ជះ​ឥទ្ធិពល​ដល់ពេលវេលានៃសាច់ប្រាក់ចូល។ វា​ទាក់ទង​នឹង​ពេល​វេលា​នៃ​ការ​ទិញ​សម្ភារៈ​បរិ​ក្ខារ វត្ថុ​ធាតុ​ដើម​ និង​ការ​ផ្គត់​ផ្គង់។ ជាង​នេះ​ទៀត​វា​បូកផ្សំ​នឹង​ការ​ចំណាយ​លើ​ប្រាក់​ខែ​បុគ្គលិក​ ពន្ធ និង​ចំណាយ​ដទៃ​ទៀត​ប្រចាំ​ថ្ងៃ។

២) តាម​ដាន​លទ្ធផល​
ការ​ត្រួត​ពីនិត្យ​លើ​ថវិកា​ មិនមែនជា​រឿង​លំៗ​ ធ្វើ​តាម​បាន​ឲ្យ​រួច​តែ​ពី​ដៃ​ទេ។ វា​ជា​សកម្ម​ភាពដែល​ត្រូវ​ធ្វើ​ឡើង​ជា​ប្រចាំ យ៉ាង​ហោច​ណាស់​ក៏​មួយ​ខែ​ម្តង​ដែរ​។ លំហូរ​នៃសាច់​ប្រាក់​គួ​រតែ​ធ្វើ​ការ​ប្រៀប​ធៀប​ជាមួយ​គម្រោង​ថវិកា​ ថាតើ​វា​បាន​ទៅ​តាម​អ្វី​ដែល​រំពឹង​ទុក​ទេ ឬ​បាន​ប៉ុន្មាន​ភាគ​រយ​នៃ​គម្រោង​ដែល​បាន​រៀបចំ? បើ​លំហូរ​ចូល​នៃ​សាច់​ប្រាក់​ទាបជាង​ការ​រំពឹង​ទុក​ខ្លាំង រក​មើល​ឲ្យ​ឃើញ​ពី​ហេតុ​ផល​នៃការ​ធ្លាក់​ចុះ​នេះ បើ​លំហូរ​ចេញ​កើន​ឡើង​លើស​ការ​រំពឹង​ទុក​ គួរ​ស្វែង​យល់​ពីការ​ចំណាយក្នុង​ប្រតិបត្តិ​ការអាជីវកម្ម​ងា​តើ​វា​សុទ្ធ​តែជា​ចំណាយ​ដែលសំខាន់​ឬយ៉ាងណា។

៣) មាន​ផែន​ការទី២ ឬជា​ផែន​ការ​បន្ទាប់
ទទួល​ស្គាល់​ថា​ ​ការ​ដាក់​ចេញ​នូវ​ផែន​ការ​មួយដើម្បីដើរ​តាមវា​មិនអាចទទួលបានលទ្ធ​ផល១០០ភាគ​រយ​ទេ ផែន​ការ​មួយ​ដែល​អា​ច​សម្រេច​បាន​លទ្ធផលពី៧០ ទៅ​ ៨៥ភាគ​រយ​គឺ ចាត់​ទុក​ថា​ជោគ​ជ័យ​ណាស់​ទៅ​ហើយ។ ដោយ​ឡែក​ក៏​នៅមានផែនការ​ ឬ​គម្រោងមួយ​ចំនួននៅ​ពេលដាក់​ចេញ​វា​ហាក់​ដូចជា​ល្អ ការ​ព្យាករណ៍​ដូចជា​គ្មាន​អ្វី​ដែល​ជា​បញ្ហា​ចោទ​ធ្ងន់​ធ្ងរ​ទេ ស្រាប់តែពេល​អនុវត្តគម្រោងមួយ​នោះ ​មិនធ្វើ​បានសូម្បី​៥០ភាគ​រយ។ ដូច្នេះ​យើង​ត្រូវ​មាន​ត្រៀម​នូវ​ផែន​ការ​បន្ទាប់​ដើម្បី​ទប់​ទល់​នឹង​ឧបសគ្គ​ ក៏​ដើម្បី​បានទៅ​ដល់​ចំនុច​ជោគ​ជ័យ​ដែល​ចង់​បាន។

៤) ធ្វើ​ការ​ទូទាត់​ឆាប់​រហ័ស
ធាតុសំខាន់នៃការគ្រប់គ្រងលំហូរសាច់ប្រាក់ គឺការត្រួតពិនិត្យពេលវេលានៃលុយ​​ចូលនិងចេញ។ វា​ក៏​ផ្អែក​តាម​ផ្នែក​នៃ​អាជីវកម្មរបស់​អ្នក​ដែរ ដែល​តម្រូវ​ឲ្យ​មាន​ការ​ទិញ​ជំពាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃ។ ឧទាហរណ៍ អ្នក​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​មាន​ការ​ជំពាក់​លើ​ការ​ទិញ​ទំនិញរយៈពេល​ ៣០ថ្ងៃ ហើយ​បើ​ហួស​អំ​ឡុង​ពេល​នេះ​រាល់​ការ​ទូ​ទាត់​នឹង​ត្រូវ​គិត​ការ​ប្រាក់​តាម​ការ​ចុះ​កិច្ច​សន្យា​ព្រម​ព្រៀង​រវាង​អ្នក​ នឹងអ្នក​ផ្គត់​ផ្គត់។ ទាំងអស់​នេះជា​កាតព្វ​កិច្ច​ដែល​អ្នក​ជា​ម្ចាស់​អាជីវកម្ម​ត្រូវ​គិត​គូរ ហើយ​សន្និធិ​គឺជា​បញ្ហា​សំខាន់​សម្រាប់​អាជីវកម្ម​។

៥) កំណត់​គោល​ការ​ណ៍​លើ​ពេល​វេលា​ទូទាត់
យុទ្ធសាស្រ្ត​គ្រប់​គ្រង​លំហូរ​សាច់​ប្រាក់​តែងឱ្យមានការប្រមូលវិក័យប័ត្រឆាប់រហ័សនិងការទូទាត់ទាន់ពេលវេលា មានន័យ​ថា​អាជីវកម្ម​មិនគួរ​បណ្តោយ​ឲ្យ​ហួស​ថ្ងៃ​ទូទាត់​វិក័យ​ប័ត្រ ឬ​ធ្វើ​ការ​ទូទាត់​មុន​ប្រតិបត្តិ​ការ​ទេ។ ការ​ទូទាត់​ល្អបំផុត​គឺ​ក្នុ​ងអំឡុង​ពេល​នៃការ​ទូទាត់​ ដែល​វាអាចធានា​បាន​នូច​ចរន្ត​លំហូរ​នេះ​បាន​ល្អ៕

ដោយ៖ យ៉ាយ៉ា

X
5s