ចំណុច​មួយ​ចំនួន​​ដែល​​​បង្រៀន​អ្នក​កុំ​ឲ្យ​​លង់​ខ្លួន​ជា​​«មនុស្ស​គិត​ច្រើន​ទៀត»?​



ការ​គិត​គូ​មុន​នឹង​ធ្វើ​អ្វី​ៗ គឺ​វា​ពិត​ជា​ល្អ​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ​។ តែ​បើ​ការ​គិត​នោះ​វា​ហួស​​ហេតុ​ពេក​ក៏​អាច​នាំ​ផល​អាក្រក់​មក​លើ​អ្នក​ដែរ។ ការ​គិត​តែ​ម្នាក់​ឯង​នេះ​គឺ​មិន​បាន​នាំ​ផល​ប្រយោជន៍​អី​​មក​អ្នក​វិញ​ទេ​។ វា​បាន​ត្រឹម​តែ​​ការ​ឈឺចាប់​និង​ឈឺក្បាល​កាន់​តែ​​ខ្លាំង​ទៅ​​វិញ​ប៉ុណ្ណឹង។ តើ​អ្នក​កំពុង​តែ​ស្វែង​រក​ផ្លូវ​ធ្វើ​ឲ្យ​ខ្លួនឯង​កុំ​គិត​ច្រើន​ដែរ​ឬ​ទេ? 

១) និយាយ​ថា​«ឈប់» ពេល​អ្នក​ស្មុគ​ខ្លាំង៖  នៅ​ពេល​ដែក​អ្នក​កំពុង​តែ​គិត​អ្វី​មួយ អ្នក​គូរ​ចេះ​ដាស់​តឿន​ខ្លួនឯង​ផង​ថាតើ​ការ​គិត​របស់​អ្នក​នោះ​លើស​កំណត់​ឬ​យ៉ាង​ណា? ហើយ​បើ​សិន​គិត​ច្រើន​ពេក​ហើយ​នោះ អ្នក​ខ្លួន​ឯង​គួរ​តែ​​បញ្ឈប់​ខ្លួន​ឯង​ភ្លាម​។ 

២) ត្រូវ​រៀន​ដោះស្រាយ​គំនិតជាង​ការ​អង្គុយ​គិត៖ ការ​គិត​ច្រើន​មិន​បាន​ផល​ឡើយលុះ​ត្រា​តែ​អ្នក​បញ្ចេញ​សកម្មភាពទើប​អាច​ដោះស្រាយ​បាន។ ជាពិសេស​មនុស្ស​ដែល​សម្បូរ​ដោយ​ភាព​តប់ប្រមល់​ភាគ​ច្រើន​គឺ​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ធ្វើ​ តែ​មក​អង្គុយ​គិត​អត់ប្រយោជន៍​។​

៣) ប្រើ​ពេល​ខ្លី​ដើម្បី​សម្រេច​ចិត្ត៖ ប្រសិន​បើ​អ្នក​មិន​ប្រើប្រាស់​ពេល​ខ្លី​មួយ ក្នុង​ការ​ជ្រើសរើសហើយ​ចាប់​ផ្ដើម​បញ្ចេញ​សកម្មភាព​ទេ។ នោះ​អ្នក​នៅ​តែ​អូស​បន្លាយ​ការ​គិត នោះ​កាន់​តែ​វែង​ឆ្ងាយ និង​ស្មុគស្មាញ​ថែម​ទៀត។ 

៤) គួរ​ចំណាយ​ពេល​ឲ្យ​ច្រើន​ចំពោះ​អ្វី​នៅ​នឹង​មុខ៖ អតីតកាល​កន្លងទៅ​បាន​ហើយឯ​អនាគតកាល​ក៏​មិន​ទាន់​មក​ដល់ចុះ​ហេតុអ្វី​អ្នក​ខ្វល់​ច្រើន​ម្ល៉េះ? តើ​វា​ចាំបាច់​ឬ​យ៉ាង​ណា​ដែល​ត្រូវ​​មក​គិត​ពី​រឿង​ដែល​មិនទាន់​កើត​ឡើង​នោះ​? ហេតុអ្វី​មិន​គិត​ពី​អ្វី​ដែល​អ្នក​​កំពុង​តែ​ជួប​វិញ​ទៅ?

៥) ត្រូវ​នៅ​ជិត​អ្នក​ដែល​មិន​ចេះ​គិត​ច្រើន៖ មនុស្ស​ជុំវិញ​ខ្លួនក៏​ជា​កត្តា​មួយ​ជះឥទ្ធិពល​ដល់​អ្នក​ដែរ​។ ហេតុ​នេះ​ហើយ​​បើ​យល់​ល្អ​ អ្នក​គួរ​ចំណាយ​ពេល​នៅ​ជាមួយ​អ្នក​ដែល​មិន​គិត​ខ្វាយ​ខ្វល់​ច្រើន    ​ព្រោះ​ថាពួក​គេ​ជា​មនុស្ស​គិត​តែ​ពី​អ្វី​ៗ​​ដែល​ល្អ​ប៉ុណ្ណោះ៕

 

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

​​