វិធី​ស្រួល​ៗ​៥​ចំណុច​ជួយ​កុំ​ឲ្យ​​មាន​មុន​ត​ទៅ​ទៀត​ដោយ​មិន​បាច់​ចំណាយ​ថវិកា​​ច្រើន​​



មនុស្ស​ជា​ច្រើន​តែង​ពិបាក​ចិត្ត ខ្លាំង​ដោយ​សារ​តែ​មុន​ធំ​ៗ នឹង​មុន​តូច​ៗ​ដែល​មាន​លើ​ផ្ទៃ​មុខ​គេ​នោះ។ វា​ធ្វើ​ឲ្យ​ពួក​គេ​​អៀន​ខ្មាស​មិន​ហ៊ាន​ចេញ​ទៅ​ណា​មក​ណា ដោយ​សារ​តែ​ការ​​បិទបាំង​គ្រប់​ពេល​វេលា​នេះ​។  ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​​តែ​ដឹង​ពី​វិធី​  ដែល​អាច​លុប​បំបាត់​មុន​ហើយ​ការពារ​កុំ​ឲ្យ​វា​កើត​មាន​លើ​អ្នក​ទៀត នៅ​ខាង​ក្រោម​នេះ​៖  

១) ឧស្សាហ៍​ហាត់ប្រាណ៖ ការ​ហាត់​ប្រាណ​ក៏​ជា​វិធី​មួយ​ជួយ​បំបាត់​មុខ​​មុន​ផង​ដែរ ព្រោះ​ការ​ហាត់ប្រាណ​ អាច​កាត់​បន្ថយ​ភាព​តានតឹង​  ដែល​នាំ​ឲ្យ​មាន​ជាតិ​ខ្លាញ់​កើត​ឡើង​​លើ​ផ្ទៃ​មុខ​អ្នក​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​សំអាត​កំណក​ក្នុង​ស្បែក​មុខ​របស់​អ្នក​តាម​ការ​បញ្ចេញ​ញើស​នោះ រួម​ទាំង​ជម្រុះ​ចោល​ស្បែក​ងាប់​ៗទៀត​ផង។ 

២) កុំ​សូវ​ប៉ះ​មុខ​អ្នក​ពេក៖ វា​អាច​ជា​រឿង​ពិបាក​ដែល​អ្នក​មិន​ប៉ះ​មុខ​នោះ តែ​អ្នក​ត្រូវ​តែ​ធ្វើ​វាព្រោះ​ថាការ​យក​ដៃ​ទៅ​ប៉ះ​មុខ វា​នឹង​បណ្ដាល​ឲ្យ​មេរោគ​ទាំង​នោះ​កាន់​តែ​រីករាល​ដាលហើយ​ម្យ៉ាង​ទៀត​មេរោគ​ជាប់​ដៃ​អ្នក​ក៏​អាច​ធ្វើ​ឲ្យ​មុន​នោះ​កាន់​តែ​រីក​ធំ​ខ្លាំង​ផង​ដែរ។ 

៣) ពិសា​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ៖  បើ​ជៀស​បានសូម​កុំ​ពិសា​អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ខ្លាញ់  ប្រៃ  ឬ​ក៏​ហឺរ​ពេក ហើយ​គួរ​ងាក​មក​ពិសា បន្លែ  ផ្លែ​ឈើ  រួម​ទាំង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ក៏​កាន់​តែ​ល្អ។ 

៤) សម្រាក​ឲ្យ​គ្រប់​គ្រាន់៖  សម្រាក​ឲ្យ​បាន​យ៉ាង​តិច​បំផុត ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ព្រោះ​ថាបើ​អ្នក​សម្រាក​បាន​តិចស្បែក​ចាស់​របស់​អ្នក​នឹង​ពុំ​មាន​ឱកាស បន្លាស់​ទៅ​ជា​ស្បែក​ថ្មី​ឡើយ។ 

៥) ដុស​សំអាត​ជាមួយ​ផលិតផល​ដែល​មិន​សូវ​កាត់​ខ្លាំង៖  អាច​ថា មុខ​របស់​អ្នក​មាន​មុន​ខ្លាំង ហេតុ​នេះ​ទើប​អ្នក​ប្រើប្រាស់​ផលិតផល​ដែល​អាច​កាត់​ខ្លាំង ទើប​ឆាប់​បាត់។  តែ​វា ខុស​ទាំង​ស្រុង ព្រោះ​ថា ផលិតផល​ទាំង​នោះ វា​សំបូរ​ទៅ​ដោយ​សារជាតិ​កាត់​ដែល​បង្ក​ឲ្យ​កោសិកា​មុខ​ កាន់​តែ​ស្ដើង  ហើយ​មេរោគ​នានា នឹង​កាន់​​តែ​ឆាប់​រាតត្បាត​ខ្លាំង​លើ​ផ្ទៃ​មុខ​ថែម​ទៀត៕

ដោយ​៖ ព្រំ  សុវណ្ណកណ្ណិកា