មូលហេតុគោលធំៗ ៣យ៉ាងជំរុញឲ្យនិស្សិតបោះបង់ចោលការសិក្សាដែលខ្លួនស្រឡាញ់
ជុំវិញរឿងរ៉ាវដែលនិស្សិតភាគច្រើនសម្រេចចិត្តបោះបង់ចោលការសិក្សារបស់ខ្លួន គឺកើតឡើងដោយកត្តាផ្សេងៗ គ្នា ។ ប៉ុន្តែ បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវមក គេក៏បានរកឃើញពីមូលហេតុ៣យ៉ាងនេះដែលជាកត្តាចម្បង៖
១) កង្វះថវិកា៖ មូលហេតុចម្បងគេនោះគឺកង្វះខាតថវិកា។ វាហាក់ដូចជាអយុត្តិធម៌ណាស់ ដែលសម្រាប់និស្សិតមួយចំនួនមានថវិកាគ្រប់គ្រាន់សម្រាប់បង់ថ្លៃសាលា តែសម្រាប់និស្សិតក្រីក្រវិញគឺគ្មានទីពឹងអ្វីទាំងអស់ ដែលជាហេតុនាំឲ្យគេបន្តទៅមុខលែងបាន។ អ្នកខ្លះកើតមកនៅក្នុងវង្សត្រកូលអ្នកធូរធារដូចនេះពួកគេអាចរៀនបន្តបានច្រើនមុខ នៅសាលាល្អៗ និងអ្នកខ្លះអាចរៀនស្រុកក្រៅទៀតឯណោះ។ តែអ្នកដែលក្រីក្រវិញគឺខ្វះខាតសឹងតែគ្មានសៀវភៅសម្រាប់សរសេរប្រចាំថ្ងៃទៀត។ និស្សិតក្រីក្រខ្លះអាចបន្ដការសិក្សាបានលុះត្រាតែគេរៀនពូកែ ហើយមានសមត្ថភាពប្រឡងយកអាហារូបករណ៍សិក្សាប៉ុណ្ណោះ។
២) បន្ទុកការងារ៖ និស្សិតមួយចំនួនបាននឹងកំពុងតែមានការងារកំឡុងពេលសិក្សា ហេតុនេះហើយពួកគេមិនអាចបែងចែកពេលវេលា ឲ្យបានត្រឹមត្រូវឡើយសម្រាប់ការសិក្សា និងការធ្វើការងារ។ ទើបពេលខ្លះធ្វើឲ្យពួកគេនឿយហត់ខ្លាំង នឹកឃើញចង់ឈប់រៀនតែម្ដង។
៣) បន្ទុកសាលា២ជាន់គ្នា៖ អាចថាគេមិនទាន់មានការងារតែសម្រាប់និស្សិតនៅប្រទេសកម្ពុជាវិញពួកគេមួយចំនួន រៀនសាកលវិទ្យាល័យ ២ ឬក៏រៀនចាប់យកមុខជំនាញ២ ឬលើសពីនេះ។ កត្តានេះហើយ ដែលធ្វើឲ្យសិស្សមានអារម្មណ៍ថាពិបាកក្នុងការចាប់យកមេរៀនគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ទើបបណ្ដោយខ្លួនឈប់រៀនតែម្ដង៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា