សំណួរ​សំខាន់​ៗ​ដ៏​សាមញ្ញៗ​​ទាំង​៤​​ ដែល​អ្នក​គួរ​ចេះ​សួរ​ខ្លួន​ឯង​រាល់​ថ្ងៃ​



ការ​សួរ​សំណួរ​ខ្លួនឯង ប្រៀប​បាន​ទៅ​នឹង​ការ​ដាស់​តឿន ក្រើន​រំលឹក​ខ្លួន​ឯង​អីចឹង​។​ ពេល​ខ្លះ​បើ​អ្នកបណ្ដោយ​ខ្លួន​ឯង​តាម​តែ​ការ​នឹក​ឃើញ​ពេក​​នោះ អ្នក​អាច​នឹង​មាន​អារម្មណ៍​មិន​ល្អ​ដោយ​សារ​តែ​ការ​ជួប​ឧបសគ្គ​ក្នុង​ជីវិត​មិន​ខាន​។​ ខាង​ក្រោម​នេះ​ជា​សំណួរ​ដែល​អ្នក​គួរ​ចង​ចាំ​ហើយ ត្រូវ​សួរ​ខ្លួន​ឯង​រាល់​ថ្ងៃ​៖ 

១) តើ​រឿង​ល្អ​អ្វី​ខ្លះ​កើត​ឡើង​នៅ​ថ្ងៃ​នេះ៖  តើ​រឿង​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ មានមោទកភាព សប្បាយ​ចិត្ត​នៅ​ក្នុង​ថ្ងៃ​​នេះ​? មិន​ថា​រឿង​នោះ​តូច​ឬ​ធំ តិច​ឬ​ច្រើនឲ្យ​តែ​វា​បាន​ធ្វើ​ឲ្យ​អ្នកសប្បាយ​ចិត្ត​គឺ​អ្នក​ត្រូវ​តែ​​លើក​​វា​ឡើង​។ ហើយ​វា​គ្រាន់​តែ​ជា​រឿង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ ឬ​​ក៏​ជា​រឿង​ជោគជ័យ​អ្វី​មួយ ដែល​អ្នក​មិន​ដែល​ជួ​ប​ពី​មុន? ការ​សូរ​សំណួរ​នេះ​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្តនិង​គិត​ពី​រឿង​វិជ្ជមាន​ជានិច្ច។

២) តើ​អ្នក​រៀន​សូត្រ​បាន​អ្វី​ខ្លះ៖  តើ​អ្នក​អាច​រៀន​សូត្រនិង​ទទួល​បាន​បទពិសោធន៍​យ៉ាង​ណា​ខ្លះ​ហើយ​?​​ តើ​កំហុស​ណា​ខ្លះ​ដែល​​អ្នក​មានហើយ​សន្យា​ថាថ្ងៃ​មុខមិន​ឲ្យ​កើត​ឡើង​ទៀត? ការ​គិត​បែប​នេះវា​នឹង​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​បង្ក​កំហុស​នៅ​ថ្ងៃ​មុខ។ 

៣) តើ​រឿង​សំខាន់​អ្វី​ទៅ​ដែល​អ្នក​ត្រូវ​សម្រេច​ថ្ងៃ​ស្អែក៖ អ្នក​ត្រូវ​សួរ​ថា តើ​រឿង​សំខាន់​ៗ អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ? គួរ​កត់​ត្រា​វា​ទុកព្រោះ​ថាការ​ធ្វើ​បែប​នេះ វា​នឹង​ដាស់​តឿន​ដល់​អ្នក​ថា នៅ​មាន​រឿង​សំខាន់​ៗ​ជា​ច្រើន អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ។​

៤) តើ​នរណា​ជា​មនុស្ស​សំខាន់​ជាង​គេ​សម្រាប់​អ្នក​? តើ​ស្អែក​អ្នក​គួរ​ធ្វើ​អ្វី​ជាមួយ​គេ៖ អ្នក​ត្រូវ​ដឹង​ថា តើ​អ្នក​ណា​ខ្លះ​​ដែល​ដើរ​តួ​សំខាន់​បំផុត​ក្នុង​ជីវិត​​អ្នក​ខ្វះ​មិន​បាន​? គ្រួសារ​  ស្នេហា ឬ​មិត្តភក្ដិ?  ទោះ​បី​មាន​ការងារ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ   តែ​ក៏​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ពួក​គេ​នៅ​ម្នាក់​ឯង នឹង​មាន​អារម្មណ៍​ឯកោ ដោយ​សារ​អ្នក​ដែរ៕

​ដោយ​៖ ព្រំ​ សុវណ្ណកណ្ណិកា