សាកលវិទ្យាល័យ​ Harvard រកឃើញថា ការជួលបុគ្គលិករោះរាយមកធ្វើការប្រសើរជាងជួលបុគ្គលិកមានសមត្ថភាពខ្ពស់​



នៅ​ពេល​អ្នក​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​មក​ធ្វើ​ការ តើ​អ្នក​ត្រូវការ​បុគ្គលិក​​បែប​ណា​មក​ធ្វើ​ការ? បុគ្គលិក​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ផុតលេខ? បុគ្គលិក​រោះរាយ? 

ទោះបី​ជា​អ្នក​សម្រេចចិត្ត​ជួល​បុគ្គលិក​ប្រភេទ​ណា​ក៏ដោយ វា​គឺ​ជា​ការ​សម្រេចចិត្ត​របស់​អ្នក។​ ការ​ជួល​បុគ្គលិក​ឆ្នើម​មាន​ប្រវត្តិ​ការងារ​ល្អ មាន​សមត្ថភាព​ខ្លាំង ជា​ការពិត​គឺ​ផ្តល់​​គុណសម្បត្តិ​មក​ឲ្យ​អ្នក។ ក៏ប៉ុន្តែ​កា​រជួល​បុគ្គលិក​រោះរាយ​មក​ធ្វើ​ការ គឺ​ផ្តល់​គុណសម្បត្តិ​ច្រើន​ជាង​នេះ​ទៅ​ទៀត នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard។ 

វា​ជា​ការពិត​ហើយ​ដែល​ត្រូវ​ទទួលស្គាល់​​ថា បុគ្គលិក​ដែល​មាន​សមត្ថភាព​​ខ្លាំង​​ពូកែ ធ្វើ​ឲ្យ​​ក្រុមហ៊ុន​របស់​អ្នក​ចំណេញ។ បុគ្គលិក​ប្រភេទ​នេះ​អាច​សម្រេច​ការងារ​តាម​ផែនការ​​ប្រកបដោយ​គុណភាព​ខ្ពស់​លឿន​ជាង​បុគ្គលិក​ធម្មតា​ដល់​ទៅ ៤​ដង ពីព្រោះ​​ពួកគេ​​បាន​ផ្ដោត​​ខ្លាំង​លើ​ការងារ ហើយ​អាច​រួមចំណែក​​ដល់​ទៅ ៨០% នៃ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន។

ប៉ុន្តែ​​បរិយាកាស​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​នឹង​មាន​ភាព​អាប់អួរ ប្រសិន​បើ​បុគ្គលិក​មាន​សមត្ថភាព​រូប​នេះ មាន​អត្តចរិត​មិន​​ល្អ។ នេះ​រួមមាន​បុគ្គលិក​ដែល​​ហ៊ាន​បំពាន​គោលការណ៍​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន ការ​បៀតបៀន​​ផ្លូវភេទ ភាព​អំនួត ការ​មិន​ឲ្យ​តម្លៃ​បុគ្គលិក​ដូចគ្នា ភាព​កោងកាច និង​ការ​ក្លែងបន្លំ​ជាដើម។ គុណវិបត្តិ​របស់​បុគ្គលិក​ប្រភេទ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​មុខមាត់​របស់​​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​មុខមាត់​ក្រុមហ៊ុន និង​អាច​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ក្រឡាប់ចាក់​ផង​ដែរ។ 

ការ​សិក្សា​ខាងលើ​បាន​ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​ធំៗ​ចំនួន ១១ ដែល​មាន​បុគ្គលិក​សរុប ៥៨ ៥៤២ នាក់​ ហើយ​លទ្ធផល​បាន​រក​ឃើញ​ថា ១​ នៅ​ក្នុង​ចំណោម​បុគ្គលិក ២០​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ដោយសារតែ​តែ​មាន​​អត្តចរិត​​មិន​​មាន​ភាព​ថ្លៃថ្នូរ​។ បន្ថែម​ពី​​គុណវិបត្តិ​ដែល​បុគ្គលិក​ប្រភេទ​នេះ​មាន​ ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ឥរិយាបថ​បុគ្គលិក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន ហើយ​វា​អាច​​បណ្តាល​ឲ្យ​បរិយាកាស​ការងារ​ប្រព្រឹត្តិ​ទៅ​​មិន​រលូន ធ្វើ​ឲ្យ​គុណភាព​ការងារ​ក្នុង​ក្រុមហ៊ុន​ទាំងមូល​ធ្លាក់​ចុះ។ 

ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា សម្រាប់​បុគ្គលិក​ធម្មតា​ដែល​មិន​មាន​សមត្ថភាព​អាច​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ខាត​បង់​ប្រាក់ ៥ ៣០០ ដុល្លារ ខណៈ​ដែល​បុគ្គលិក​មាន​សមត្ថភាព​ខ្ពស់​ ប៉ុន្តែ​ខ្វះ​សីលធម៌ និង​ខ្វះ​ភាព​ថ្លៃថ្នូរ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ចាប់​ពី ១២ ៥០០ ដុល្លារ​ឡើង​ទៅ។ 

ជា​ទូទៅ បុគ្គលិក​ខ្លាំង​ពូកែ​ពោរពេញ​ដោយ​ទំនុកចិត្ត​ខ្ពស់ អំនួត មាន​ភាព​បត់បែន និង​លទ្ធផល​ការងារ​លើស​ពី ដែន​កំណត់។ ប៉ុន្តែ​អត្តចរិត​បែប​នេះ​ក៏​មាន​ឥទ្ធិពល​ដល់​​បុគ្គលិក​ជុំវិញ​ដែល​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​បុគ្គលិក​ប្រភេទ​នេះ​ផង​ដែរ។ ហេតុដូច្នេះ​ហើយ ពួកគេ​អាច​នាំ​​លទ្ធផល​ល្អ​ក្នុង​រយៈពេល​ខ្លី ក៏ប៉ុន្តែ​អាច​ក្រុមហ៊ុន​ធ្លាក់ចុះ​នៅ​ក្នុង​រយៈពេល​វែង​ហើយ​វា​កាន់តែ​គ្រោះថ្នាក់​ទៀត​ប្រសិន​បើ​បុគ្គលិក​កំពូល​រូប​នេះ​មិន​សូវ​មាន​វប្បធម៌​ការងារ​ចេះ​សហការ​ជាមួយ​ក្រុម​ការងារ។  ​

ចំណុច​ដែល​គួរឲ្យ​ពិចារណា​នោះ​គឺ​ថា រាល់​បុគ្គលិក​កំពូល​ដែល​អាច​ធ្វើ​ការ​លឿន​ជាង​​ពេល​កំណត់ សុទ្ធតែ​ទទួល​បាន​លទ្ធផល​ការងារ​​ប្រកប​ដោយ​គុណភាព​នោះ​ឡើយ។ តាម​ពិត​ទៅ ថ្វីត្បិតតែ​បុគ្គលិក​ដែល​​រោះរាយ​ និង​ពេញចិត្ត​ក្នុង​ការ​ជួយ​អ្នកដទៃ​មិន​អាច​បញ្ចប់​ការងារ​បាន​យ៉ាង​រហ័ស​ដូច​បុគ្គលិក​កំពូល​ក៏ដោយ ប៉ុន្តែ​ពួកគេ​ក៏​អាច​​ជៀសវាង​បាន​បុគ្គលិក​លក្ខណៈ​មួយ​ដែល​នាំ​​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​​របស់​ក្រុមហ៊ុន​ដែរ។ ពួកគេ​ក៏​រួមចំណែក​ឲ្យ​ក្រុមហ៊ុន​រីកចម្រើន​ បើ​ទោះបី​ជា​តិច ឬ​ច្រើន​ក៏ដោយ  និង​មិន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជួប​រឿង​ឈឺក្បាល​នោះ​ដែរ។

ការ​ស្រាវជ្រាវ​នេះ​បាន​​ណែនាំ​ថា ​កុំ​ផ្តោត​លើ​ការ​ជួល​​​បុគ្គលិក​​កំពូល​មាន​សមត្ថភាព​ខ្ពស់​មក​ធ្វើ​ការ​ពេក។ យក​ល្អ​អ្នក​ត្រូវ​ផ្តោត​​​ឲ្យ​ខ្លាំង ជ្រើសរើស​បុគ្គលិក​ដែល​មាន​​អត្តចរិត​ល្អ​ រោះរាយ​​​ និង​មាន​ឆន្ទ​ខ្ពស់​មក​ធ្វើការ​​ទើប​ប្រសើរ​ជាង៕ 

ប្រភព៖ businessinsider ​

 

X
5s