ត្រូវចងចាំ! អ្នកគួរធ្វើរឿង ៨ យ៉ាងនេះក្រោយទំនាក់ទំនងរបស់អ្នកបែកបាក់
នៅពេលទំនាក់ទំនងបែកបាក់ អ្នកនឹងមានអារម្មណ៍សោកសៅ ខូចចិត្ត អស់សង្ឃឹម និងពិបាកទទួលយកលទ្ធផលចំពោះមុខ ។ នេះក៏ដោយសារតែលទ្ធផលដែលអ្នកទទួលបាន វាមិនដូចអ្វីដែលអ្នកធ្លាប់បានរំពឹងទុក។ ទោះជាបែបនេះក្តី អ្នកត្រូវតែទទួលស្គាល់ថា វាពិតជាបានកើតឡើងមែន ហើយអ្នកគ្មានជម្រើសអ្វីក្រៅពីការកាត់ចិត្តនោះទេ។ ប៉ុន្តែអ្នកប្រហែលជាមិនងាយនឹងកាត់ចិត្តពីមនុស្សដែលអ្នកស្រលាញ់ភ្លាមៗនោះទេ។ វាច្បាស់ជាត្រូវការពេលវេលាយូរជាមិនខាន។
អ្នកដែលត្រូវទៅគឺបានទៅៗហើយ ចំណែកអ្នកដែលត្រូវនៅគឺខ្លួនអ្នក។ អ្នកជាអ្នកប្រឈមមុខដោះស្រាយបញ្ហាតែម្នាក់ឯង លើកទឹកចិត្តខ្លួនឯង និងខំបន្តដំណើរទៅមុខតាមផ្លូវរបស់អ្នក។ យ៉ាងណាមិញ អ្វីដែលសំខាន់នោះគឺថា តើអ្នកត្រូវលើកទឹកចិត្តខ្លួនឯងដោយរបៀបណា? ដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា? ខាងក្រោមនេះគឺជាចម្លើយរបស់អ្នក ដែលអ្នកគួរតែធ្វើ៖
១. រៀនអនុញ្ញាតឲ្យគេចេញទៅ
ពាក្យមួយឃ្លានេះយាយមកដូចជាងាយស្រួលណាស់ ក៏ប៉ុន្តែពេលធ្វើគឺវាពិតជាលំបាកខ្លាំង។ ប៉ុន្តែនៅក្នុងទំនាក់ទំនងមួយដែលពោរពេញដោយភាពអាប់អួរ ការអនុញ្ញាតឲ្យមនុស្សជាទីស្រលាញ់របស់អ្នកចេញទៅនៅពេលដែលគេចង់ទៅ គឺជាជម្រើសល្អបំផុត។ សូមចាំថា មនុស្សទាំងអស់ដែលយើងស្រលាញ់ សុទ្ធតែរបស់យើងនោះទេ។ អ្នកត្រូវទទួលស្គាល់ថា មនុស្សម្នាក់ៗមានហេតុផលរៀងៗខ្លួនដែលដើរចេញពីអ្នក។ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកត្រូវរៀនសូត្របទពិសោធន៍ដ៏ជូរចត់មួយនេះ។ នៅមុនដំបូង វាពិតជាលំបាកខ្លាំងណាស់សម្រាប់អ្នក ក៏ប៉ុន្តែពេលវេលានឹងជួយសម្រាកទុក្ខលំបាកមួយនេះឲ្យកាន់តែធូរស្បើយបន្តិចម្តងៗ។
២. យកពេលវេលាមកគិតខ្លួនឯងឲ្យបានច្រើនបំផុត
ធ្វើរឿងដែលអ្នកស្រលាញ់ គឺពិតជាសំខាន់ខ្លាំងណាស់នៅក្នុងស្ថានភាពបែបនេះ។ វាជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នកដែលត្រូវបង្កើតទម្លាប់ដ៏ល្អថ្មីមួយទៀត ឬបញ្ចប់គម្រោងដែល អ្នកមិនទាន់ធ្វើវាបានសម្រេចនៅពេលកន្លងមក។ អ្នកអាចលៃលកពេល យ៉ាងហោចណាស់ ២ ឬ៣ដងក្នុងមួយសប្តាហ៍ដើម្បីធ្វើរឿងផ្សេងៗដែលអ្នកចូលចិត្តក្រៅពីការងាររបស់អ្នក ពីព្រោះវាអាចជួយកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នក និងធ្វើឲ្យអ្នកមិនមានពេលច្រើនដូចមុនគិតដល់រឿងចាស់។
៣. គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ
នៅពេលដែលអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអារម្មណ៍ខ្លួនឯង អ្នកនឹងអាចបង្វែរថាមពលរបស់អ្នកទៅធ្វើរឿងផ្សេងទៀតដែលមានប្រយោជន៍ជាងនេះ។ អារម្មណ៍ពីមុនៗដូចជា ខកចិត្ត តូចចិត្ត ខឹង ហួងហែង ធុញថប់ អស់សង្ឃឹមជាដើម អ្នកត្រូវកាត់បន្ថយវាឲ្យមកកម្រិតមួយទាបបំផុត ហើយផ្ដោតវាទៅគិតគូរនឹកនាដល់ការងារផ្សេងទៀតវិញ។ ដំណោះស្រាយដ៏ល្អនៅទីនេះ គឺអ្នកត្រូវរៀបចំគម្រោងមួយច្បាស់លាស់ដូចជាថា ត្រូវធ្វើអ្វីនៅល្ងាចនេះ? ចុងសប្តាហ៍នេះ? ជួបអ្នកណាខ្លះ?
៤. ជម្រុះចោលទម្លាប់មិនល្អពីមុនៗឲ្យអស់
ចង់កែទម្លាប់មិនល្អចាស់ៗចោលដូចជា ឈប់ជក់បារី ឈប់ផឹកស្រា ឬ ទម្លាប់មិនល្អដែលប៉ះពាល់សុខភាព អ្នកអាចធ្វើបានត្រឹមតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ វិធីសាស្ត្រនេះមិនមានប្រសិទ្ធភាពបានយូរអង្វែងទេ។ ជំនួសឲ្យការកែប្រែទម្លាប់មិនល្អជាច្រើនរបស់អ្នក អ្នកគួរតែធ្វើអ្វីផ្សេងបន្ថែមក្រៅពីនេះដែលអ្នកមិនធ្លាប់ធ្វើពីមុនមកដូចជា បង្កើតសកម្មភាពសប្បាយៗ ឬធ្វើអ្វីដែលចំណេញទាំងសុខភាព និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។
៥. សូមចាំថា សុខភាពគឺជារឿងអាទិភាព
ជាជាងចំណាយពេលដេកនឹកអនុស្សាវរីយ៍ចាស់ៗដែលឥតប្រយោជន៍ មើលទូរទស្សន៍ ឬញាំអាហារដែលនាំឲ្យឡើងទម្ងន់ អ្នកគួរតែទទួលទានអាហារដែលនាំមកនូវសុខភាពល្អ។ អ្វីដែលពិសេសនោះ គឺយកពេលទៅហាត់ប្រាណដើម្បីកែប្រែរូបរាងរបស់អ្នកឲ្យមើលទៅកាន់តែសង្ហារ និងស្រស់ស្អាតជាងមុន។
៦. ទំនាក់ទំនងមនុស្សជុំវិញខ្លួនឲ្យបានច្រើន
នៅពេលទំនាក់ទំនងរបស់អ្នកបែកបាក់ភ្លាមៗ អ្វីដែលអ្នកចង់ធ្វើបំផុតនោះគឺចង់នៅម្នាក់ឯងមិនចង់ភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកខាងក្រៅ ហើយគេងគិតពីរឿងរ៉ាវដែលកន្លងផុតទៅ។ យ៉ាងណាមិញ នេះមិនមែនជាជម្រើសដ៏ល្អបំផុតនោះទេ។ អ្នកគួររកពេលចេញទៅជួបមនុស្សជុំវិញអ្នកឲ្យបានច្រើនដូចជា សមាជិកគ្រួសារ បងប្អូន មិត្តភក្ដិ ឬមនុស្សស្និទ្ធស្នាលរបស់អ្នកជាដើម។ ទន្ទឹមនឹងនេះអ្នកអាចពិភាក្សាពីប្រធានបទនានា ឬលើកយករឿងរ៉ាវក្នុងចិត្តរបស់អ្នកនិយាយឲ្យគេស្តាប់ដើម្បីជួយរកដំណោះស្រាយដែលអាចធ្វើឲ្យអារម្មណ៍របស់អ្នកធូរស្បើយផងដែរ។
៧. ផ្ដោតលើរឿងវិជ្ជមានជាសំខាន់
វាពិតជាលំបាកណាស់ដើម្បីធ្វើចិត្តឲ្យគិតថា អ្វីៗនៅជុំវិញអ្នកសុទ្ធតែជារឿងវិជ្ជមាននៅពេលដែលបែកបាក់ភ្លាមៗ។ជាការពិត អារម្មណ៍របស់អ្នកនឹងនៅតែវីវក់សញ្ជឹងគិតរឿងអតីតកាលរបស់អ្នក។ យ៉ាងណាក៏ដោយ មានចំណុចមួយដែលអ្នកត្រូវផ្តល់ភាពសំខាន់ពីភាពបរាជ័យនេះដែលនោះគឺបទពិសោធន៍។ អ្នកត្រូវយល់ថា បទពិសោធន៍មួយនេះនឹងធ្វើឲ្យអ្នកកាន់តែរឹងមាំជាងមុន ប្រយ័ត្នប្រយែងជាងមុន និងត្រូវត្រៀមខ្លួនបែបណាទើបល្អសម្រាប់ទំនាក់ទំនងបន្ទាប់។
៨. ត្រូវអត់ធ្មត់បន្តិច
ដើម្បីធ្វើឲ្យអ្វីៗកាន់តែប្រសើរជាងមុនពេលអ្នកបែកបាក់ វាជារឿងលំបាក។ អ្នកអាចបាត់បង់ក្តីសង្ឃឹម ឈប់ជឿមនុស្សជុំវិញខ្លួន និងមានភាពខ្លាចរអាចំពោះមនុស្សថ្មីដែលចូលមកក្នុងជីវិតអ្នក។ ប៉ុន្តែ មានតែការអត់ធ្មត់ប៉ុណ្ណោះដែលជាថ្នាំ ដ៏មានប្រសិទ្ធភាពដើម្បីឲ្យអ្នករង់ចាំឱកាសល្អចូលមកដល់។ សូមចាំថា ត្រឹមតែមួយយប់អ្នកមិនអាចផ្លាស់ប្ដូរអ្វីៗគ្រប់បែបយ៉ាងបានទេ។ អ្នកត្រូវការភាពអត់ធ្មត់ រួមទាំងការខិតខំប្រឹងប្រែង ការជំនះឧបសគ្គ និងការប្ដេជ្ញាចិត្តទើបអ្នកអាចរកឃើញថា អ្នកមានតម្លៃជាងមុន៕
ប្រភព៖ Businessinsider