មើល​មនុស្ស​ឆ្លាត​តាម​អត្តចរិតទាំង ៨យ៉ាងនេះ​



អ្នក​មាន​ធ្លាប់​អង្កេត​ទេ​ថា មនុស្ស​ឆ្លាត​ជាង​អ្នក​បង្ហាញ​អត្តចរិត​បែប​ណា? អ្នក​អាច​យល់​ថា អ្នក​នោះ​ជា​មនុស្ស​ឆ្លាត​តាម​រយៈ​ទឹកលុយ​របស់​គេ។ អ្នក​នេះ​​ជា​មនុស្ស​ឆ្លាត​តាម​រយៈ​សមត្ថភាព និង​លទ្ធផល​ការងារ​របស់​​គេ​ល្អ​ជាង​អ្នក​ជា​ដើម។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​យល់​ឃើញ​ជ្រុង​មួយ​របស់​អ្នក​ប៉ុណ្ណោះ។ តាម​ពិត​ទៅ មនុស្ស​ឆ្លាត​មាន​ចំណុច​ពិសេស​សំខាន់ៗ​ដូច​ខាងក្រោម​នេះ៖ ​

១.មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​សម្រេចចិត្ត
មនុស្ស​ឆ្លាត​ដឹង​ថា​ មាន​ផលវិបាក​កើត​មាន​ឡើង​ចេញ​ពី​សកម្មភាព​របស់​​ខ្លួន​​។ ទន្ទឹម​នឹង​នេះ​​ពួកគេ​ក៏​ដឹង​ផង​ដែរ​ថា  ​ខ្លួន​​ត្រូវ​​ទទួល​បាន​លទ្ធផល​មួយ​​​ពី​ការ​សម្រេចចិត្ត​​​​មួយ ហើយ​ការ​​​សម្រេចចិត្ត​​ដ៏​ត្រឹមត្រូវ​មួយ​គឺ​ត្រូវការ ​​ការ​វិន័យ​ផ្ទាល់​ខ្លួន​ និង​ការ​​ផ្ដោត​យកចិត្ត​ទុកដាក់។

២.មនុស្ស​ឆ្លាត​​មិន​ចូលចិត្ត​អួត​​ទេ
នេះ​ជា​គុណសម្បត្តិ​ពិសេស​មួយ​ទៀត​របស់​មនុស្ស​ឆ្លាត។ មនុស្ស​ប្រភេទ​នេះ មិន​ចូលចិត្ត​អួត​អ្នកដទៃ​ និង​លាក់​សមត្ថភាព​របស់​ខ្លួន។ នៅ​ក្នុង​ចំណោម​មនុស្ស​ម្នាក់ មនុស្ស​ឆ្លាត​ពិតប្រាកដ​មាន​ទំនោរ​ទៅ​រក​ការ​ស្តាប់​ច្រើន​ជាង​និយាយ បើ​ទោះបី​ជា​ខ្លួន​ដឹង​ច្រើន​រួច​ហើយ​ក៏ដោយ។ 

៣.មនុស្ស​ឆ្លាត​រៀន​ពី​កំហុស​របស់​ខ្លួន
តាំង​ពី​តូច​​រហូត​ដល់​ធំ​ដឹង​ក្តី និង​ស្លាប់​ទៅ​វិញ អ្នក​ណា​ក៏​មាន​កំហុស​ដែរ។ ក៏ប៉ុន្តែ ការ​កែប្រែ​កំហុស​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ នេះ​ហើយ​ជា​អ្វី​ដែល​មនុស្ស​ឆ្លាត​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ពួកគេ​យល់​ថា កំហុស​មិនមែន​សុទ្ធតែ​មិន​ល្អ​នោះ​ទេ។ កំហុស​ធ្វើ​ឲ្យ​ពួកគេ​​មាន​បទពិសោធន៍ ធ្វើ​ឲ្យ​ពួកគេ​ចេះ​រឹងមាំ ចេះ​កែប្រែ​ដើម្បី​​ជោគជ័យ​ឈាន​ទៅ​ជំហាន​​ល្អ​មួយ​នៅ​ពេល​បន្ទាប់។

៤.​មនុស្ស​ឆ្លាត​ចូលចិត្ត​រាប់អាន​មនុស្ស​ឆ្លាត
មនុស្ស​ម្នាក់ៗ​មិន​អាច​រស់នៅ​ដោយ​ឯកោ​បាន​ទេ។ មនុស្ស​ត្រូវការ​ក្រុម​គ្រួសារ សាច់ញាតិ ឬ​មិត្តភក្ដិ​សម្រាប់​ប្រាស្រ័យ​ទំនាក់ទំនង​នៅ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ យ៉ាងណាមិញ សម្រាប់​មនុស្ស​ឆ្លាត ការ​រាប់អាន​មនុស្ស​មិនមែន​ចេះ​តែ​ធ្វើ​ឡើង​​តាម​ចិត្ត​ចង់​ទេ។ ពួកគេ​សម្លឹង​មើល​អ្នក​ឆ្លាត​ដូចគ្នា ព្រោះ​ថា​អ្នក​ឆ្លាត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ឆ្លាត និង​កាន់តែ​ជោគជ័យ។

៥.មនុស្ស​ឆ្លាត​មាន​ចំណេះដឹង​ទូលំទូលាយ
ខុស​ពី​មនុស្ស​ទូទៅ មនុស្ស​ឆ្លាត​គិត​បែប​ស៊ីជម្រៅ​ និង​មាន​ចំណេះដឹង​ទូលំទូលាយ​។  មនុស្ស​ឆ្លាត​មាន​មាន​ភាព​ប៉ិនប្រសព្វ សំបូរ​គំនិត​ផ្ដួចផ្ដើម​​ មើល​បាន​វែងឆ្ងាយ ចេះ​បត់បែន​ ព្រម​ទាំង​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ទទួល​បាន​នូវ​ការ​ចែករំលែក​​​លទ្ធផល​ជោគជ័យ​រួមគ្នា​មួយ។ ​​

៦.មនុស្ស​ឆ្លាត​​មាន​ហេតុផល​ច្បាស់លាស់
រាល់​សកម្មភាព​ទាំងអស់​របស់​ខ្លួន មនុស្ស​ឆ្លាត​ត្រូវ​ប្រាកដ​ថា ខ្លួន​ធ្វើ​វា​ដើម្បី​អ្វី? ហេតុ​អ្វី​បាន​ជា​ត្រូវ​ធ្វើ​វា? នេះ​ជា​សំនួរ​សំខាន់​របស់​មនុស្ស​ឆ្លាត​ដែល​ត្រូវ​សួរ​ខ្លួន​ឯង​ដើម្បី​ធានា​ថា ខ្លួន​បាន​ប្រើប្រាស់​ពេលវេលា និង​ថាមពល​ចំ​ទិសដៅ និង​មាន​ប្រយោជន៍។ ទន្ទឹម​នឹង​នេះ មនុស្ស​ឆ្លាត​​មិន​ត្រចៀកស​ឆាប់​ជឿ​សម្តី​របស់​អ្នកដទៃ​នោះ​ឡើយ។ ​មុន​ទទួល​យក​​មតិ​យោបល់​អ្នកណា​ម្នាក់ ពួកគេ​ត្រូវ​ការ​ហេតុផល ភស្តុតាង និង​អំណះអំណាង​ច្បាស់លាស់​ជាមុន​សិន​។

៧.មនុស្ស​ឆ្លាត​​មិន​​​​​ធ្វើ​ខ្លួន​ហួស​ពី​សមត្ថភាព​របស់​ខ្លួន​ទេ
មនុស្ស​ល្ងង់​ចូលចិត្ត​​អួត​សម្ញែង​​ហ៊ឺហា​ដាក់​អ្នកដទៃ​ជា​ពិសេស​សម្ភារៈនិយម​តែម្តង​ដើម្បី​​ឲ្យ​គេ​មើល​មក​ថា ស្អាត​ឡូយឆាយ​​ ដែល​ទាំង​ការពិត​​​វា​​គ្រាន់តែ​ជា​របស់​បន្លំ​ភ្នែក ឬ​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ។ សម្រាប់​មនុស្ស​ឆ្លាត​វិញ ពួកគេ​មិន​ចូលចិត្ត​ធ្វើ​អ្វី​ដែល​លើស​ពី​សមត្ថភាព​របស់​​ខ្លួន​នោះ​ឡើយ។ ​ពេល​ខ្លះ​បើ​ខ្លួន​ធ្វើ​បាន ១០ ប្រាប់​គេ​ត្រឹម​តែ ៧ តែប៉ុណ្ណោះ។  

​​​​​៨.មនុស្ស​ឆ្លាត​យល់​ថា សត្រូវ​ធំ​បំផុត​របស់​ខ្លួន​គឺ​ខ្លួន​ឯង
សម្រាប់​មនុស្ស​ទូទៅ បើ​ទោះបី​ជា​ល្អ​យ៉ាងណាក៏ដោយ ក៏​មាន​អ្នក​ស្អប់ អ្នក​ច្រណែន មិន​ពេញ​ចិត្ត​ខ្លួន​ដែរ។ ប៉ុន្តែ​​អ្នក​ឆ្លាត​បាន​យល់​ថា ​នេះ​វា​​គ្រាន់តែ​ជា​រឿង​ធម្មតា​​តែប៉ុណ្ណោះ​។ អ្វី​​ដែល​សំខាន់​​សម្រាប់​អ្នក​​ឆ្លាត​ដែល​ត្រូវ​ជំនះ​នោះ​គឺ​​​ខ្លួន​ឯង។ ពួកគេ​រក​វិធី​ថា តើ​ត្រូវ​អប់រំ ខ្លួន​ឯង​ដោយ​របៀបណា? ត្រូវ​កែប្រែ​ចំណុច​ខ្សោយ ឬ​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​ដោយ​របៀបណា? 

ប្រភព៖ Businessinsider  

X
5s