អាស៊ាននឹងទទួលបានអ្វីខ្លះពីសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន?
និយាយពីរឿងចិន-អាមេរិកពេលនេះដូចជាសម្លេងកណ្តឹងមួយចាំរោទិ៍ឡើងគ្រប់ពេលឲ្យតែមានរឿងអ្វីថ្មី ឬមានការប្រកាសពីភាគីណាមួយ។ តែទោះជាយ៉ាងណាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា សង្រ្គាមពាណិជ្ជកម្មមួយនេះនឹងនាំឲ្យមានភាពក្តៅក្រហាយដល់សេដ្ឋកិច្ចសកលទាំងមូល។
វាដូចជាមិនមែនជារឿងអាក្រក់ទាំងអស់ទេ បើយើងក្រឡែកមកមើលតំបន់អាស៊ាន សួរថាហេតុអ្វី? ចិនគឺជាដៃគូរពាណិជ្ជកម្មធំជាងគេបំផុត និងតែមួយគត់របស់អាស៊ាន ប៉ុន្តែសហរដ្ឋអាមេរិកគឺជាដៃគូសេដ្ឋកិច្ចនិងយុទ្ធសាស្រ្តដ៏សំខាន់មួយផងដែរ ហើយការរីកចម្រើននិងអំណាចនៃការចំណាយរបស់អាមេរិកមានសារៈសំខាន់ណាស់ដើម្បីជំរុញពាណិជ្ជ កម្មពិភពលោក។ ការបង្កើនពន្ធនាំចេញនាំចូលនៃទំនិញរបស់ចិន នាំឲ្យទំនិញដែលផលិតនៅតំបន់អាស៊ីអាគ្នេយ៍ទទួលបានភាពទាក់ទាញច្រើនពីអ្នកប្រើប្រាស់អាមេរិក។ នេះបង្ហាញឲ្យឃើញថាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចជួយសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍យើងកាន់តែមានឥទ្ធិពលខ្លាំងឡើងក្នុងពេលពីរឆ្នាំខាងមុខទៀត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក៏ដូចជាការកើនឡើងនូវការរួមបញ្ចូលសេដ្ឋកិច្ចជាមួយចិនលើគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ប្រាកដជានឹងជួយពង្រឹងការធ្វើពាណិជ្ជ កម្មទ្វេភាគីបានយ៉ាងកាន់តែជិតស្និតបន្ថែមទៀតចំពោះមុខសង្រ្កាមពាណិជ្ជកម្មនេះ ជាពិសេសចំពោះប្រទេសអាស៊ានមួយចំនួនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាវត្ថុធាតុដើមសំខាន់ៗដល់ចិនដើម្បីផលិតនិងនាំចេញទៅកាន់ពិភពលោក។
Source: US International Trade Commission
មើលត្រួសៗថាតើប្រទេសក្នុងតំបន់អាស៊ានទទួលបានផលចំនេញអ្វីខ្លះ?
វៀតណាម៖ ត្រូវបានគេកត់សម្គាល់ថាជាប្រទេសដែលកំពុងទទួលបានផលច្រើនបណ្តោះអាសន្ន (រយៈពេលខ្លី) ហើយអាចមានការរីកចម្រើនខ្ពស់ ០.១៩% ដែលនាំឲ្យសេដ្ឋកិច្ចឈានទៅរកកំណើន GDP បន្ថែម ១.៥% ទៀត នេះជាការលើកឡើងរបស់លោក Ramesh Subramanium អ្នកគ្រប់គ្រងទូទៅ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែប៉ុណ្ណោះទេវៀតណាមកំពុងក្លាយជាទិសដៅវិនិយោគពីបណ្តាប្រទេសនានាយ៉ាងច្រើនផងដែរនៅពេលនេះ។ ទិន្នន័យពីរដ្ឋាភិបាលបានបង្ហាញកាលពីខែមេសាថា ការចុះបញ្ជីវិនិយោគក្នុងប្រទេសវៀតណាមមានការកើនឡើង ៨១% ហើយក្នុងនោះវាបាននាំឲ្យផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់កើនប្រមាណ ២១៥%។
ប្រទេសឥណ្ឌូនេស៊ី៖ ពេលនេះឥណ្ឌូនេស៊ីក៏កំពុងទទួលបានការរីកចម្រើនផ្នែកសំណង់ដែលជួយឲ្យ GDP ប្រទេសនេះកើនឡើង។ ការនាំចេញរបស់ប្រទេសទៅកាន់ទិសដៅពីរគឺចិន និងអាមេរិកវាហាក់ស្ថិតក្នុងការព្រួយបារម្ភបន្តិចពេលនេះ ដោយសារភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនេះ តែវាអាចនឹងទទួលបានអត្ថប្រយោជន៍វិញពីខ្សែសង្វាក់ផលិតកម្មសកលព្រោះភាពមិនប្រាកដប្រជាមួយនេះ។ ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោក Airlangga Hartarto បាននិយាយថាក្រុមហ៊ុន ក៏ដូចជារោងចក្រវាយនភណ្ឌ និងកាត់ដេរមួយចំនួនកំពុងត្រៀមផ្លាស់ទីតាំងពីចិនមកឥណ្ឌូនេស៊ី មូលហេតុនេះហើយដែលនឹងនាំឲ្យសេដ្ឋកិច្ចអាស៊ានរីកលូតលាស់។
ម៉ាឡេស៊ី៖ ប្រទេសនេះក៏ឈរក្នុងលំដាប់អ្នកទទួលផលដូចគ្នាដែរ ដោយផ្អែកតាម research paper ដែលមានចំណងជើងថា Trade War: Potential Trade and Investment Spill into Malaysia ដែលជាការសរសេរដោយ Tham Siew Yean នៅឯ ISEAS-Yusof Ishak Institute របស់សឹង្ហបុរី និង Andrew Kam Jia Yi រួមជាមួយ Tee Beng Ann មកពី the National University of Malaysia (Universiti Kebangsaan Malaysia) ដែលបង្ហាញថា ការដាក់ពន្ធលើប្រទេសចិននាំប្រយោជន៍ដល់ម៉ាឡេស៊ីដែលនឹងនាំឲ្យមានកំណើន GDP ១.៨%។
ដោយ៖ យ៉ាយ៉ា