សញ្ញាទាំង ៥ បង្ហាញថាអ្នកកំពុងធ្វើការងារដែលមិនត្រឹមត្រូវ
បន្ទាប់ពីការសិក្សា ការស្វែងរកចំណេះដឹងបន្ថែមគឺបានមកការងារដែលអ្នកបំពេញប្រចាំថ្ងៃ។ ការងារជាគ្រូ វាបានបង្រៀនយើងស្ទើរតែច្រើនជាងការសិក្សានៅសាលាទៅទៀត។ តែពេលខ្លះការងារដែលអ្នកកំពុងតែធ្វើវាមិនបានជួយអ្នកឲ្យរីកចម្រើន ឬទទួលចំណេះដឹងថ្មីៗអ្វីឡើយ។ អ្នកអាចសម្គាល់បានថាអ្នកកំពុងជ្រើសការងារខុសតាមសញ្ញាទាំង ៥ ខាងក្រោមនេះ៖
១) អ្នកធ្វើការងារច្រើន តែលទ្ធផលមិនបានដូចអ្វីដែលអ្នកចង់បាន
មុនពេលចាប់យកការងារណាមួយ អ្នកច្បាស់ជាមានណាអារម្មណ៍ថាស្រលាញ់ការងារមួយនោះទើបសម្រេចចិត្តទទួលវា ហើយអ្នកកំពុងប្រឹងប្រែងឥតឈប់ឈរដើម្បីបំពេញការងាររបស់អ្នក។ តែបន្ទាប់ពីពេលដែលអ្នកធ្វើការងារនោះ ជាលទ្ធផលអ្នកមិនទទួលបាននូវអ្វីដែលអ្នករំពឹងទុក ឬទទួលបានអ្វីតបតាមការស្រលាញ់របស់អ្នកនោះ។
២) អ្នកត្អូញត្អែរអំពីការងាររបស់អ្នកច្រើន
អ្នកនឹងមិនត្អូញត្អែរពីការងារអ្នកទេ ដរាបណាអ្នកមិនជួបការលំបាក ឬមិនជួបរឿងដែលនាំឲ្យអ្នកមានការខ្នាំងខ្នាក់ចិត្ត។ វាអាចជាការចំណាយពេលច្រើនដើម្បីបំពេញការងារ ឬការងារនោះនាំឲ្យអ្នកហត់នឿយខ្លាំងទាំងកាយទាំងចិត្ត ឬការងារនោះមិននាំឲ្យអ្នកល្អប្រសើរមានតែរឿងមានតែបញ្ហាជាដើម។
៣) ការងារនោះប្រឆាំងនឹងជំនឿរបស់អ្នក
ការងារមួយដែលអ្នកគិតថាស្រលាញ់ ឬជាការងារមួយដែលអាចផ្តល់ចំណូលជាបៀរវត្សច្រើនដល់អ្នក ឬជាក្រុមហ៊ុនដែលអ្នកតែងស្រមៃថាចង់ចូលបម្រើការងារ។ តែបន្ទាប់ពីអ្នកបានចូលបម្រើការរួចមកអ្នកបានដឹងថា ការងារដែលអ្នកកំពុងធ្វើវាកំពុងប្រឆាំងនឹងជំនឿរបស់អ្នក ឬជម្រុញឲ្យអ្នកប្រឆាំងនឹងជំនឿរបស់អ្នកផ្ទាល់។
៤) ជាការងារដែលអ្នកមិនបានយកចំនេះដឹងដែលមានមកប្រើប្រាស់
អ្នកមិនអាចរកភាពខ្លាំង និងទទួលបានការប្រកួតប្រជែងសមត្ថភាពផ្នែកការងារបានទេ ប្រសិនបើការងារដែលអ្នកកំពុងបំពេញ អ្នកមិនអាចរកចំណេះដឹងដែលអ្នកមានមកប្រើប្រាស់នោះ។ ចំណេះដែលខំសន្សំរាប់សិបឆ្នាំនឹងកប់ចោលដោយឥតប្រយោជន៍មិនខាន។
៥) អ្នកតែងនឹកក្នុងចិត្តថាអ្នកអាចសប្បាយរីករាយឡើងវិញដរាបណាអ្នកបានឈប់ពីការងារនេះ
គ្មាននរណាម្នាក់ធ្វើការងារសុខៗស្រាប់តែចង់ឈប់ធ្វើការទេប្រសិនបើគ្មានករណីចាំបាច់។ តែក្នុងលក្ខខណ្ឌនេះក្នុពេលបំពេញការងារ អ្នកតែងមានអារម្មណ៍ថាបើអ្នកបានលាឈប់ពីការងារនេះ វាដូចជាការដកបន្លាចេញពីទ្រូង ឬបានដកភ្នំមួយដែលកំពុងសង្កត់លើក្បាលអ្នកចេញដូច្នោះដែរ។
ដូចនេះដើម្បីកុំឲ្យខ្លួនឯងកា្លយជាអ្នកដែលដាក់សម្ពាធលើខ្លួនឯង មុនសម្រេចចិត្តជ្រើសរើសការងារណាមួយត្រូវសិក្សាពីតួនាទីសម្រាប់មុខដំណែងមួយនោះជាមុនសិន ព្រោះការងារមួយដែលអ្នកចាប់ផ្តើមដំបូងគឺវាបានចូលរួមស្ទើរ ៨០% ក្នុងការកំណត់អាជីពនាពេលអនាគតរបស់អ្នក៕
ដោយ៖ យ៉ាយ៉ា