ធ្វើម៉េចពង្រឹងផ្នត់គំនិតជាអ្នកជំនួញឲ្យជាប់ជាប្រចាំ?
នៅពេលដំបូង អ្នកមើលទៅដូចជាសហគ្រិនម្នាក់ដែលស្វាហាប់សកម្មទៅនឹងការងារមុខជំនួញរបស់អ្នកណាស់។ ប៉ុន្តែច្រើនថ្ងៃច្រើនខែក្រោយមក អ្នកក៏ចាប់ផ្តើមបាក់ទឹកចិត្តដោយសារមិនទាន់ចំណេញ ចេះតែហត់នឿយទៅៗ ជួបរឿងនេះរឿងនេះ និងគ្មានសេរីភាពជាដើម។ នេះបានជំរុញឲ្យអ្នកមានគំនិតមួយ គិតថា ចង់បោះបង់វាទៅវិញម្តងៗដែរ។
ប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងស្ថានភាពនេះមែន សូមគិតថា វាជារឿងចម្លែក ពីព្រោះសហគ្រិនណាក៏ជួបបញ្ហាទាំងនេះដែរ។ ទោះបីបែបនេះក្តី អ្វីដែលធ្វើឲ្យសហគ្រិនភាគតិចនៅក្រាញននៀលមិនបោះបង់ផ្លូវដើររបស់ពួកគេគឺការព្យាយាម យកឈ្នះប្រកបដោយភាពជឿជាក់ លើបញ្ហាទាំងនេះ និងមានភាពសុទិដ្ឋិនិយមនៅពេលខាងមុខជាដើម។
នៅក្នុងអត្ថបទនេះអាចចូលរួមផ្តល់គន្លឹះ មួយចំនួនសម្រាប់អ្នកថា តើត្រូវធ្វើយ៉ាងម៉េចខ្លះដើម្បីពង្រឹងផ្នត់គំនិតជាអ្នកជំនួញឲ្យជាប់ជាប្រចាំ?
១.រៀនពីបទពិសោធន៍របស់អ្នកជំនួញល្បីៗ
គន្លឹះមួយដ៏មានតម្លៃដែលអ្នកអាចធ្វើបាន គឺរៀនមើលបទពិសោធន៍របស់បុគ្គលជោគជ័យល្បីៗ ឬគ្រូបង្គោលទាំងនៅជុំវិញអ្នកក៏ដូចជានៅជុំវិញពិភពលោកត្បិតអី បុគ្គលទាំងនេះបានឆ្លងកាត់ភាពបរាជ័យ និងភាពជោគជ័យរួចមកហើយ។
បុគ្គលទាំងនេះអាចលើកទឹកចិត្ត ជួយចែករំលែកបទពិសោធន៍ និងបង្ហាញផ្លូវដល់អ្នកនូវអ្វីដែលពួកគេយល់ថា ជារឿងចំណេញ ឬជាការខាតបង់នៅក្នុងមុខជំនួញ។
២.អានឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន
ក្រៅពីរៀនសូត្រពីបុគ្គលជោគជ័យ ឬគ្រូបង្គោលហើយនោះ អ្នកត្រូវការចំណេះដឹងពីជ្រុងម្ខាងទៀតដែលកើតចេញពីការស្រាវជ្រាវអានឯកសារ និងសៀវភៅនានាដែលទាក់ទិនទៅនឹងមុខជំនាញរបស់អ្នក។ នៅក្នុងសៀវភៅ ឬឯកសារទាំងនោះ គឺសុទ្ធតែបានបង្កប់នូវអត្ថន័យដ៏មានតម្លៃជាច្រើនរបស់អ្នកនិពន្ធដែលមានដូចជា បទពិសោធន៍ កំហុសឆ្គង ការបរាជ័យ ភាពជោគជ័យ គន្លឹះយុទ្ធសាស្ត្រ និងគុណសម្បត្តិផ្សេងទៀតសម្រាប់យកមកអនុវត្តនៅក្នុងមុខជំនួញរបស់អ្នក។
៣.ចូលរួមសិក្ខាសាលាជុំវិញប្រធានបទទាក់ទងទៅនឹងសហគ្រិន
ការចូលរួមសិក្ខាសាលាដែលនិយាយពីជំនួញ ឬសហគ្រិនភាព គឺជាមធ្យោបាយមួយទៀតដែលជំរុញឲ្យអ្នកចាប់អារម្មណ៍លើមាគ៌ាសហគ្រិនកាន់តែ ខ្លាំងឡើង។ ក្រៅពីការទទួលបានបទពិសោធន៍ជាច្រើនពីការចែករំលែករបស់វាគ្មិនល្បីៗ អ្នកក៏អាចប្រើប្រាស់ឱកាសនេះដើម្បីពង្រីកបណ្ដាញទំនាក់ទំនង និងមិត្តភាពជាមួយមនុស្សថ្មីៗ ដែលមកពីវិស័យចម្រុះ។
៤.ស្វែងរកការប្រកួតប្រជែងថ្មី
ជំនាញសំខាន់បំផុតដែលសហគ្រិនត្រូវមាន គឺការដោះស្រាយបញ្ហា។ អ្នកត្រូវរៀនពីរបៀបគិតយ៉ាងឆាប់រហ័ស សិក្សាស្ថានភាពពីមុំផ្សេងៗ និងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលគ្មាននរណាម្នាក់ធ្លាប់ព្យាយាមពីមុនទេ។ ដើម្បីអភិវឌ្ឍជំនាញបែបនេះបាន អ្នកត្រូវស្វែងរកស្ថានភាពប្រឈមផ្សេងៗជួយហ្វឹកហាត់ខួរក្បាលរបស់អ្នកសម្រាប់ការគិតឲ្យបានស៊ីជម្រៅ។ ឧទាហរណ៍ថា អ្នកនឹងត្រូវរៀនទទួលយកមតិយោបល់ និងការរិះគន់ស្តាប់ដោយការយកចិត្តទុកដាក់ចំពោះគំនិត និងគំនិតរបស់អ្នកដទៃ ហើយផ្ដោតលើលទ្ធផល និងដំណោះស្រាយ។
៥.គិតពីចក្ខុវិស័យរបស់អ្នកឲ្យបានរៀងរាល់ថ្ងៃ
អ្នកចង់ក្លាយជាសហគ្រិនពីព្រោះតែអ្នកមានគំនិតដើម្បីបង្កើតជំនួញរបស់អ្នក ហើយនោះគឺជាចក្ខុវិស័យរបស់អ្នក។ វាជារឿងសំខាន់ដែលអ្នកត្រូវមានគំនិតសុទិដ្ឋិនិយមជារៀងរាល់ថ្ងៃលើចក្ខុវិស័យក្នុងមុខជំនួញរបស់អ្នកប្រកបដោយភាពជឿជាក់ និងមានក្តីសង្ឃឹមជានិច្ច។ អ្នកអាចសាកសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកដាក់ជើងចូលក្នុងជំនាញមួយនេះ? ហេតុអ្វីបានជាអ្នកជំរុញឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏ស្មុគស្មាញមួយនេះ?
៦.ព្យាយាមពិនិត្យមើលគ្រប់ជ្រុងទាំងអស់នៃមុខជំនួញរបស់អ្នក
ជាធម្មតាទេនៅពេលអ្នកធ្វើជាសហគ្រិន អ្នកនឹងមានចន្លោះខ្វះខាតមួយចំនួនដែលអ្នកមិនអាចគ្រប់គ្រងគ្រប់ជ្រុងជ្រោយបានដោយសារតែអ្នកមានការងារជាច្រើនដែលត្រូវធ្វើ។ យ៉ាងណាមិញ នៅពេលដែលជំនួញរបស់អ្នកកាន់តែលូតលាស់ និងជួលបុគ្គលិកមកធ្វើការ វាមានទំនួលខុសត្រូវលំបាកៗជាច្រើនដែលអ្នកមិនអាចនឹកស្មានដល់។ ហេតុដូច្នេះហើយ អ្នកគួរតែពិនិត្យមើលពីចំណុចខ្វះខាតឲ្យបានសព្វគ្រប់ កែតម្រូវ ផ្តល់ទំនុកចិត្ត ចែកទទួលខុសត្រូវដល់បុគ្គលិក សហការ និងបង្កើតវប្បធម៌ធ្វើការងារជាក្រុម។
៧.មានច្បាប់វិន័យផ្ទាល់ខ្លួន
ដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់ វាទាមទារឲ្យមានច្បាប់វិន័យផ្ទាល់ខ្លួន។ អ្នកត្រូវមានភាពប្រុងប្រយ័ត្នក្នុងការបែងចែកពេលវេលាឲ្យបានត្រឹមត្រូវរវាងមុខជំនួញរបស់អ្នក និងជីវិតប្រចាំថ្ងៃរបស់អ្នក។ នេះមានន័យថា ពេលវេលាដែលអ្នកចំណាយទៅលើសកម្មភាពឥតប្រយោជន៍ផ្សេងៗដូចជា ការលេងបណ្តាញសង្គមច្រើនហួសហេតុ ឬការចូលចិត្តធ្វើអ្វីៗភ្លាមៗតាមតែអ្នកចង់ឃើញលែងមានដូចមុនទៀតហើយ។ អ្នកត្រូវចំណាយពេលឲ្យបានត្រឹមត្រូវទាំងការគេង ទទួលទាន ហាត់ប្រាណ ការរៀបចំគម្រោងការងារ ធ្វើការ អាន ណាត់ជួបមិត្តភក្ដិ ចំណាយពេលជាមួយគ្រួសារ ដើរលំហែជាដើម ត្រូវកំណត់ និងអនុវត្តខ្ជាប់ខ្ជួនឲ្យបានត្រឹមត្រូវ។
៨.ស្តាប់ឲ្យបានច្រើនជាងនិយាយ
ជាទូទៅមនុស្សដែលពូកែ មិនសំដៅលើអ្នកពូកែនិយាយនោះទេ។ វាអាស្រ័យទៅលើសមត្ថភាពក្នុងការស្តាប់របស់អ្នក។ នៅក្នុងទំនាក់ទំនងប្រចាំថ្ងៃក្តី ក្នុងមុខជំនួញក្តី អ្នកត្រូវត្រងត្រាប់ស្តាប់ដោយការយកចិត្តទុកដាក់ វិភាគ និងវាយតម្លៃ ជាពិសេសនៅពេលដែលមានការសន្ទនាណាមួយដែលមិនសូវយល់ចិត្ត ឬកិច្ចពិភាក្សាដែលមានភាពអាប់អួរខ្លាំង។ ការស្តាប់គួរស្តាប់ឲ្យបានច្រើនចំពោះមតិគំនិតរបស់អ្នកដែលយើងចង់ដឹងបំផុត ជាជាងមនុស្សដែលព្យាយាមនិយាយប្រាប់អ្នក៕
ប្រភព៖ Entrepreneur