តើអាជីវកម្មខ្នាតតូចថ្មីថ្មោងអាចការពារយីហោរបស់ខ្លួនឲ្យរឹងមាំបានយ៉ាងដូចម្តេច?​



យោងតាមស្ថិតិ​ជាសាធារណៈដែលបានសិក្សាដោយ Small Business Administration (SBA) ក្នុងឆ្នាំ ២០១៧ បានឲ្យដឹងថាមួយភាគប្រាំនៃអាជីវកម្មខ្នាតតូចថ្មីថ្មោងបានដួលរលំនៅក្នុងឆ្នាំដំបូង ខណៈដែលពាក់កណ្តាលនៃនិយោជកអាជីវកម្មសរុបអាចនឹងដួលរលំក្នុងឆ្នាំទី៥ និងមួយភាគបីប៉ុណ្ណោះដែលអាចបន្តរស់រានបានបន្ទាប់ពីឆ្នាំទី៧ ឬលើសពីនេះ។ ដូចនេះដើម្បីឲ្យអាជីវកម្មខ្នាតតូចថ្មីថ្មោងក្នុងស្រុកអាចការពារយីហោខ្លួន ក៏ដូចឈរជើងក្នុងសមរភូមិទីផ្សារនេះបាន ម្ចាស់អាជីវកម្មគួរអនុវត្តតាមវិធីសាស្រ្តមួយចំនួនខាងក្រោម៖

១) ធ្វើការកម្រិត តម្រឹមធនធានរបស់អ្នក
ធនធានសម្រាប់អាជីវកម្ម ចំណេះដឹង ដើមទុន ធនធានមនុស្ស និងសន្និធិគឺសំខាន់ណាស់ គ្រប់យ៉ាងត្រូវប្រើប្រាស់វាឲ្យបានអស់ពីលទ្ធភាពដើម្បីជាប្រយោជន៍ក្នុងដំណើរការអាជីវកម្មអ្នក។ ពេលម្ចាស់អាជីវកម្មអាចបែងចែកធនធានដែលខ្លួនមានបានត្រឹមត្រូវមិនខ្ជះខ្ជាយ ធ្វើឲ្យគេមានលទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំណាយ។

២) សម្រេចចិត្តលើគំរូអាជីវកម្មរបស់អ្នក
SBA មិនត្រឹមតែផ្តល់ព័ត៌មានជាច្រើនដើម្បីជួយអ្នកចាប់ផ្តើមទទួលផលប្រយោជន៍ពីគំនិតរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូននូវការប្រឹក្សាយោបល់អាជីវកម្មឥតគិតថ្លៃដែរ។ ចំពោះគំរូ​អាជីវកម្ម​វិញ អ្នកត្រូវចាំថាអ្នកមិនមែនត្រូវតែធ្វើតាម Business Model ដែលអ្នកបានកំណត់គូសវាសមកនោះរហូត ១០០%ទេ វាអាចមានការផ្លាស់​ប្តូរ​ខ្លះ​តាម​កាលៈ​ទេសៈ​ដើម្បីអាច​រស់រាន​បាន តែអ្វីដែលអ្នកត្រូវគិតឲ្យបានដិតដល់គឺ អ្នកត្រូវបន្តដំណើរការអាជីវកម្មតែម្នាក់ឯង ឬអ្នកចង់ស្វែងរកដៃគូសហការអាជីវកម្មជាមួយគ្នា។

៣) មើលពីស្ថានភាពលុយកាក់របស់អ្នក
និយាយរឿងលុយកាក់គឺថាវាជាចំនុចរសើបសម្រាប់អាជីវកម្ម មិនថាតូចមិនថាធំទេ តែក្នុងនាមជាអ្នកដែលងាយទទួលរងនូវផលប៉ះពាល់នឹងបញ្ហារកស៊ី អាជីវកម្មខ្នាតតូចថ្មីថ្មោងក្នុងស្រុក​គួរ​គិតគូរឲ្យខ្លាំងបំផុត។ គ្មានអ្វីគួរឲ្យឆ្ងល់ច្រើនទេ បើយើងមានលុយកាក់ដើមទុនច្រើនយើងមិនមែនបើកអាជីវកម្មតូចតាច តស៊ូទ្រាំនឹងការលំបាកហើយរង់ចាំយកផលកម្រៃតិចតួចនោះទេ។ ដូច្នេះមុនធ្វើការចំណាយអ្នកត្រូវគិតឲ្យបានល្អិតល្អន់ជាមុន។

៤) បន្ថែមដោយការងារអនឡាញ
សម័យនេះជាសម័យបច្ចេកវិទ្យា បើអ្នកមិនព្យាយាមដើរឲ្យទាន់ការវិវឌ្ឍន៍ថ្មីៗនៃសង្គម និងតម្រូវការមនុស្សទេ អ្នកមិនអាចទាញយកផលប្រយោជន៍កម្រៃសម្រាប់អាជីវកម្មបានទេ។ យើង​អាច​សង្កេតបានថាអាជីវកម្មច្រើនណាស់សព្វថ្ងៃ កំពុងព្យាយាមប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Line, Instagram, Telegram, និង Viber ជាដើមដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​អាជីវកម្ម​ខ្លួន​ទៅដល់អតិថិជនបានដឹងបានស្គាល់។ បន្ថែមពីនោះក៏មានជាគេហទំព័រផ្ទាល់ខ្លួនដើម្បីអាចឲ្យអតិថិជនស្វែងរកពួកគេបានដោយងាយ និងផ្តល់ឱកាសដល់អតិថិជនបានភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គេ។

ចំនុចទី ៤ នេះសំខាន់ណាស់ចំពោះអាជីវកម្មខ្នាតតូចថ្មីគួរអនុវត្ត ដើម្បីចៀសវាងការចំណាយច្រើនលើការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ខ្លួន តែម្ចាស់អាជីវកម្មអាច​ទទួល​បានមកវិញនូវផលចំណេញច្រើនដូចជា៖
ក) ទាក់ទាញអតិថិជន ធ្វើឲ្យគេស្គាល់អ្នកកាន់តែច្រើននិងទូលំទូលាយ
ខ) ផ្តល់ការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានគ្រប់គ្នា និងគ្រប់ជ្រុងជ្រោយ ដឹងពីតម្រូវការពិតប្រាកដ និងបញ្ហាដែលគាត់ជួបប្រទះជាក់ស្តែងព្រោះអតិថិជនបានជួបជាមួយអ្នកផ្ទាល់
គ) អតិថិជនអាចក្លាយជាអ្នកតំណាងដ៏ល្អសម្រាប់អាជីវកម្មអ្នក ព្រោះគាត់ជាអ្នកបានប្រើប្រាស់គាត់នឹងជួយផ្សព្វផ្សាយបន្តនូវភាពល្អប្រសើរ ចំនុចវិជ្ជមាន អត្ថប្រយោជន៍ដែលគាត់ទទួលបានពីផលិតផលឬសេវាកម្មដែលអាជីវកម្មអ្នកផ្តល់ជូនគាត់។


៥) គិតពីការស្វែងរកអ្នកសហការឲ្យបានឆាប់ប្រសើរជាងអូសបន្លាយពេលវេលា
មានការរួមសហការគ្នាក្នុងការងារអាជីវកម្មមានន័យថា ដើមទុនអ្នកកំពុងកើនឡើងថែមមួយកម្រិត គំនិតថ្មីៗសម្រាប់អភិវឌ្ឍអាជីវកម្មក៏កំពុងមានអ្នកជួយគិតបន្ថែមដែរ ទោះបីជាអ្នកត្រូវប្រឈមនឹងការបែងចែកប្រាក់ចំនេញក៏ពិតមែន។ យ៉ាងហោចណាស់អ្នកត្រូវគិតថា មានគំនិតច្រើនវាតែងប្រសើរជាងមានគំនិតតែ មួយ មានដៃគូរឈរក្នុងសមរភូមិជាមួយគ្នា ក៏គ្រាន់បើជាងចូលទៅប្រយុទ្ធជាមួយសត្រូវតែម្នាក់ឯងដែរ។ តែអ្វីដែលអ្នកត្រូវពិចារណាឲ្យជាក់លាក់គឺត្រូវស្វែងរកដៃគូរណាដែលល្អ គួរឲ្យទុកចិត្តបំផុតចៀសវាហានិភ័យដល់ខ្លួនឯង៕

ដោយ៖ យ៉ាយ៉ា

X
5s