ហេតុផល ៥ យ៉ាងបង្ហាញថា ការសិក្សានៅមហាវិទ្យាល័យពិតជាមានតម្លៃខ្លាំងណាស់សម្រាប់សហគ្រិន​



ការសិក្សាគឺជារឿងមួយសំខាន់ណាស់សម្រាប់មនុស្សរាល់គ្នា ហេតុដូច្នេះហើយទើបសព្វថ្ងៃទាំងវិស័យសាធារណៈ និងឯកជនខិតខំបំផុសគំនិតដោយមានការលើកកម្ពស់ខ្លាំងលើវិស័យអប់រំ ទោះបីជាមិនមានលទ្ធភាពច្រើនក៏ឲ្យចប់ត្រឹមបាក់ឌុបដែរ។ បន្តថ្នាក់មហាវិទ្យាល័យមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចឈានចាប់យកបានទេ វាអាចបណ្តាលមកពីកត្តាជីវភាព កត្តាគ្រួសារ អ្នកខ្លះត្រូវរៀបការទាំងវ័យក្មេងហើយបោះបង់ចោលក្តីស្រមៃទាំងស្រុងក្នុងការបញ្ចប់ថ្នាក់សិក្សារបស់ខ្លួន។ 

ដោយឡែកអ្នកខ្លះទៀតមានគំនិតបង្កើតអាជីវកម្មផ្ទាល់ខ្លួន ហើយគិតថាការបន្តយកថា្នក់បរិញ្ញាបត្រជារឿងមួយខ្ជះខ្ជាយព្រោះគង់តែមិនយកទៅបម្រើការងារដដែល។ តែក្នុងអត្ថបទមួយនេះយើងនឹងលើកយកពីហេតុផល ៥ យ៉ាងសំខាន់ដែលបង្ហាញថាការសិក្សាថ្នាក់មហាវិទ្យាល័យគឺមានតម្លៃបំផុតសម្រាប់សហគ្រិន។ 

១) ពោរពេញដោយធនធាន

ធនធានដែលលើកឡើងនៅពេលនេះ គឺសំដៅដល់ធនធានផ្នែកចំណេះ។ ច្បាស់ណាស់ថាអ្នកត្រៀមបើកដំណើរការអាជីវកម្ម អ្នកច្បាស់ជាមានធនធានផ្នែកហិរញ្ញវត្ថុហើយ តែអ្នកត្រូវមានបន្ថែមនូវធនធានផ្នែកចំណេះដឹងសម្រាប់ដំណើរការអាជីវកម្មទៀត។ ការសិក្សានៅមហាវិទ្យាល័យជួយអ្នកក្នុងការរៀបចំផែនការអាជីវកម្ម ចាត់ចែងចំណូលចំណាយឲ្យមានប្រសិទ្ធភាពបំផុត ក៏ដូចជាការបែងចែកការងារជាដើម។

២) ការប្រមូលផ្ដុំគំនិតច្រើន

សហគ្រិនភាពច្រើនទទួលរងភាពបរាជ័យដោយសារការមិនចេះប្រមូលផ្តុំព័ត៌មាន ភាពខ្វះចន្លោះនៃការប្រើប្រាស់ វិភាគ ទិន្នន័យឬព័ត៌មានដែលទទួលបាន។ ការដែលមិនបានធ្វើការវិភាគច្បាស់លាស់នេះហើយទើបធ្វើឲ្យគេមិនអាចដឹងពីតម្រូវការពិតប្រាកដរបស់អតិថិជន មិនស្គាល់ច្បាស់ថានរណាជាគូប្រជែងឲ្យពិតប្រាកដ។

៣) ជួយក្នុងការបើកគំនិត ស្វែងរកអ្វីដែលថ្មីៗលើទីផ្សារ

មិនមែនមហាវិទ្យាល័យទាំងអស់សុទ្ធតែមានបរិយាកាសនៃការសិក្សាដូចគ្នាទេ សាលាខុសគ្នា នៅតំបន់ខុសគ្នា អ្នកសិក្សាក៏សុខគ្នាទាំងពូជសាសន៍ ស្ថានភាពគ្រួសារ និងបរិបថសេដ្ឋកិច្ច។ ដូចនេះពេលអ្នកចូលរៀនផ្នែកជំនួញមានន័យថា មិត្តរួមថ្នាក់របស់អ្នកដ៏រៀនជំនាញដូចគ្នាដែរ ដូចនេះម្នាក់ៗសុទ្ធតែមានគំនិតជាសហគ្រិន ចែករំលែកការយល់ឃើញនិងស្ថានភាពរស់នៅក៏ដូចជាតម្រូវការដែលសង្គមនីមួយៗមានចំពោះគ្នាទៅវិញទៅមក។

៤) មានទំនាក់ទំនងល្អ ( Strong interpersonal skills)

មនុស្សដែលជោគជ័យភាគច្រើនជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន ព្រោះបើគាត់ជាសហគ្រិនទៀតគឺគាត់ត្រូវលក់ផលិតផលឬសេវាកម្មរបស់គាត់ទៅឲ្យមនុស្សនៅជុំវិញខ្លួនមុន មុនពេលអាចពង្រីកអាជីវកម្ម ពង្រីកការលក់របស់គាត់ទៅដល់មនុស្សដែលនៅឆ្ងាយៗ។ ពេលចូលសិក្សាថ្នាក់មហាវិទ្យាល័យវាបានជួយគាត់ច្រើនណាស់ក្នុងការប្រាស្រ័យទាក់ទង ដោយសារការសិក្សាតម្រូវឲ្យគាត់ធ្វើការផ្លាស់ប្តូរគំនិតយោបល់ ពិភាក្សា និងធ្វើការងារជាក្រុមជាមួយមិត្តរួមថ្នាក់ ហើយពេលខ្លះអាចជាការផ្លាស់ប្តូរការសិក្សាជាមួយថ្នាក់ ឬ សាលាផ្សេងទៀតក៏មាន។

៥) គ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលាគឺជារឿងមួយសំខាន់ខ្លាំងណាស់។ គ្មានបុគ្គលជោគជ័យណាដែលមិនអាចគោរពពេលវេលាបានទេ ព្រោះការគោរពពេលវេលាបានមានន័យថាបុគ្គលម្នាក់នោះចេះគោរពខ្លួនឯង និងគោរពមនុស្សនៅជុំវិញខ្លួនល្អបំផុត៕

ដោយ៖​ យ៉ាយ៉ា

 

X
5s