ចង់​ធ្វើ​ជា​អ្នក​រកស៊ី​ជោគជ័យ​ម្នាក់ មាន​ជំនាញ​ទាំងអស់​នេះ​​នៅ​ក្នុង​ខ្លួន​ហើយ​ឬនៅ?​



នៅ​ពេល​អ្នក​ចង់​មក​ជំនួញ​អ្វី​មួយ​អ្នក​​អាច​គិត​ថា មាន​ត្រឹម​បទពិសោធន៍ និង​ដើមទុន​​អាច​គ្រប់គ្រាន់​សម្រាប់​អ្នក​ទៅ​ហើយ។ ក៏ប៉ុន្តែ​នៅ​ក្នុង​ទិដ្ឋភាព​ជាក់​ស្តែង​ មាន​ចំណុច​២​នេះ វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។ ជា​ការ​ពិត​​ អ្នក​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា ហិរញ្ញវត្ថុ ទំនាក់ទំនង ជាដើម ដែល​នឹង​បង្ហាញ​ជូន​អ្នក​នៅ​ខាងក្រោម​នេះ។ បើ​គ្មាន​ជំនាញ​ទាំង​នេះ អ្នក​នឹង​ពិបាក​ធានា​បាន​ជា​សហគ្រិន​ដ៏​ជោគជ័យ​ម្នាក់​ណាស់​ ខណៈ​ដែល​នៅ​សតវត្ស​ទី ២១ នេះ សហគ្រិន​ម្នាក់ៗ​ត្រូវតែ​រៀន​សូត្រ​ជំនាញ​ថ្មីៗ​បន្ថែម​ទៀត​កាន់តែ​ច្រើន​ឡើង​ផង​ដែរ។

​​ជំនាញ​ទី១៖ ការ​គ្រប់គ្រង​លុយកាក់
នេះ​ជា​ជំនាញ​សំខាន់​មួយ​ព្រោះ​ថា អ្នក​មិន​អាច​សម្រេច​បាន​គោលដៅ​ជា​សហគ្រិន​បាន​ទេ​ប្រសិន​បើ​អ្នក​មិន​ដឹង​ថា តើ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ដោយ​របៀបណា? ចំណុច​នេះ​ទាមទារ​ឲ្យ​អ្នក​​បង្កើត​រចនាសម្ព័ន្ធ​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ដៃ​​ដើម្បី​តាមដាន​ចំណូល​ចំណាយ​របស់​អ្នក​មក​ពី​ណា និង​ទៅ​ណា​ខ្លះ។ ចំណុច​មួយ​ដែល​អ្នក​ត្រូវ​ចងចាំ​គឺ​ថា ត្រូវ​ធ្វើ​ម៉េច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ឲ្យ​មាន​ប្រសិទ្ធភាព បើ​មិន​ដូច្នេះ​ទេ ជំនួញ​អ្នក​​នឹង​ស្លាប់។

ជំនាញ​ទី​២៖ មហិច្ឆតា
មហិច្ឆតា​គឺ​ជា​​ជំនាញ​ដ៏​លំបាក​បំផុត​មួយ​របស់​សហគ្រិន។ គោលដៅ​ដែល​អ្នក​ត្រូវ​មាន​ជំនាញ​នេះ​គឺ​​ថា អ្នក​ចាំបាច់​ត្រូវការ​វា​ដើម្បី​​បន្ត​ដំណើរ​​អាជីវកម្ម​របស់​​​អ្នក​នៅ​ពេល​ដែល​ស្ថានភាព​ស្ថិត​នៅ​ក្នុង​ភាព​​​មិន​អំណោយផល។ វា​​ជា​សមត្ថភាព​ក្នុង​ការ​យល់ដឹង​ពី​គោលដៅ​ដែល​ត្រូវ​ទៅ​នៅ​ពេល​អនាគត និង​មិន​បាត់បង់​ការ​​ផ្ដោត​យកចិត្ត​ទុកដាក់​របស់​អ្នក​។ ​ជា​ទូទៅ​សហគ្រិន​ដែល​ជោគជ័យ ជា​មនុស្ស​ដែល​អន្ទះសា ​ស្វាហាប់ សកម្ម មិន​ងាយ​បោះបង់ និង​ស្រលាញ់​ការងារ​របស់​ខ្លួន​ជាទីបំផុត​។

ជំនាញ​​ទី៣៖ ​ការ​រៀន​សូត្រ​ជា​ប្រចាំ
ការ​រៀន​សូត្រ​គឺ​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​មិន​ឈប់ឈរ។ ក្នុង​នាម​ជា​​សហគ្រិន​ជោគជ័យ​ម្នាក់ ការ​រៀន​សូត្រ​ទោះ​នៅ ក្នុង​ប្រព័ន្ធ ឬ​ក្រៅ​​ប្រព័ន្ធ​ក្តី​ គឺ​ជា​​​​កិច្ចការ​សំខាន់​មួយ​ទៀត​ក្រៅ​ពី​មុខ​ជំនួញ​របស់​ខ្លួន។ ហេតុដូច្នេះ​ហើយ​​វា​​ទាមទារ​ឲ្យ​អ្នក​ត្រូវ​សិក្សា​ស្វែងយល់​ពី​ចំណេះដឹង​ថ្មី​ទាំង​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ជំនាញ​ដែល​ទាក់ទង​ទៅ​នឹង​មុខ​ជំនួញ​របស់​អ្នក និង​ជំនាញ​ផ្សេងៗ​ទៀត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក។ ​ជំនាញ​នេះ​អ្នក​ត្រូវ​តែ​ធ្វើ​ជា​ប្រចាំ បើ​មិន​ដូច្នេះ​ទេ អ្នក​​នឹង​ជួប​ផល​លំបាក​ក្នុង​ការ​​ប្រកួតប្រជែង​ជា​មួយ​គេ​ណាស់។

​ជំនាញ​ទី​៤៖ ភាព​ច្នៃប្រឌិត ​
ដើម្បី​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក អ្នក​ត្រូវតែ​ជា​​សហគ្រិន​ដែល​មាន​ភាព​ច្នៃប្រឌិត​ម្នាក់។ ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដដែលៗ​​ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​លទ្ធផល​ដដែលៗ។ ហេតុដូច្នេះ​ ហេតុ​អ្វី​អ្នក​ចាំបាច់​ត្រូវ​មាន​ភាព​ច្នៃប្រឌិត? ​គឺ​ដោយសារតែ​វា​ជួយ​ឲ្យ​អ្នក​ទទួល​បាន​លទ្ធផល​ថ្មី​ដែល​ល្អ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​មុខ​ជំនួញ​របស់​អ្នក។ អ្នក​ត្រូវ​មាន​ផ្នត់​គំនិត​បែប​ច្នៃប្រឌិត​ក្នុង​ការ​​ស្វែង​រក​យុទ្ធសាស្ត្រ ឬ​គន្លឹះ​ថ្មីៗ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មុខ​ជំនួញ​របស់​អ្នក​កាន់តែ​​រីកចម្រើន​ទៅ​មុខ។

ជំនាញ​ទី៥៖ ផលិតភាព​ការងារ
សហគ្រិន​ជោគជ័យ​ត្រូវ​រៀន​ពី​របៀប​ប្រើប្រាស់​ជំនាញ​​​ដែល​ធ្វើ​ឲ្យ​​មាន​ផលិតភាព​ការងារ​ដោយ​រក​ឲ្យ​​ឃើញ​​នូវ​​គោលការណ៍ ឬ​វិធីសាស្ត្រ​​ដែល​មាន​ប្រយោជន៍​សម្រាប់​​ខ្លួន និង​ប្រកាន់ខ្ជាប់​គោលការណ៍​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។  លើស​ពី​នេះ​ទៅ​ទៀត សហគ្រិន​ជោគជ័យ​ត្រូវ​បង្កើន​ផលិតភាព​ការងារ​របស់​ខ្លួន​ដោយ​បំពេញ​ការងារ​មួយ​​ឲ្យ​អស់​លទ្ធភាព​ និង​ប្រើប្រាស់​យន្តការ​​​តាមដាន​ផលិតភាព​ការងារ​​ប្រកបដោយ​ប្រសិទ្ធភាព​​សម្រាប់​និរន្តរភាព​ក្រុមហ៊ុន​របស់​ខ្លួន។

ជំនាញ​ទី​៦៖ ​​ទំនាក់ទំនង​ក្នុង​សង្គម
សហគ្រិន​មួយ​ចំនួន​បាន​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការ​ឲ្យ​តម្លៃ​​លើ​ជំនាញ​មួយ​នេះ ខណៈ​ដែល​សហគ្រិន​​ខ្លះ​ទៀត​បាន​មើល​រំលង​ជំនាញ​មួយ​នេះ។ សហគ្រិន​ដែល​មិន​បាន​​ឲ្យ​តម្លៃ​លើ​ជំនាញ​មួយ​នេះ​បាន​បរាជ័យ​ក្នុង​ការ​​​ស្វែង​រក​មនុស្ស​ល្អៗ​ជា​ច្រើន​ដែល​មាន​សមត្ថភាព​មក​ធ្វើ​ជា​ដៃគូ​ជំនួញ ឬ​ដៃគូ​ទំនាក់ទំនង​ក្នុង​អាជីព​របស់​ខ្លួន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ជោគជ័យ។ ផ្ទុយ​ទៅ​វិញ ការ​បង្កើត​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​ដ៏​ល្អ​មួយ​ជា​ពិសេស​​ជា​មួយ​ក្រុម​មនុស្ស​ដែល​មាន​ជំនាញ​ប្រហាក់ប្រហែល​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​គន្លឹះ​ថ្មីៗ បទពិសោធន៍ និង​យុទ្ធសាស្ត្រ​​ជា​ច្រើន​ដែល​អ្នក​មិន​បាន​រៀន​នៅ ក្នុង​សាលា​មក​អនុវត្ត​នៅ​ក្នុង​មុខ​ជំនួញ​របស់​អ្នក។

ជំនាញ​ទី​៧៖​ ការ​គ្រប់គ្រង
ជំនាញ​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​មិន​ទាន់​​គ្រប់គ្រាន់​ទេ​សម្រាប់​ធ្វើ​ជា​សហគ្រិន​ដ៏​ជោគជ័យ​ម្នាក់​​ដរាបណា​អ្នក​មិន​មាន​ជំនាញ​​ផ្នែក​គ្រប់គ្រង។ ក្នុង​នាម​ជា​សហគ្រិន​ម្នាក់ អ្នក​ចាំបាច់​ត្រូវ​គ្រប់គ្រង​ការងារ​ជំនួញ​របស់​អ្នក​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ​ដូច​ការ​​ចង់​បាន​របស់​អ្នក។ នេះ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ត្រូវ​រៀន​សូត្រ​ពី​របៀប លើកទឹកចិត្ត​ខ្លួនឯង អភិវឌ្ឍ និង​គាំទ្រ​ដល់​បុគ្គលិក​របស់​អ្នក។ ការ​រៀន​សូត្រ​​ពី​ជំនាញ​មួយ​នេះ នឹង​អាច​ជួយ​ឲ្យ​អ្នក​អាច​ចាត់ចែង និង​រៀបចំ​បំពេញ​ការងារ​ស្រប​តាម​អ្វី​ដែល​ជា​ភាព​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ពួកគេ។

ជំនាញ​ទី៨៖ ចំណេះដឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម
នេះ​ជា​ជំនាញ​មួយ​ដែល​អាច​បង្កើត​ទិដ្ឋភាព​អាជីវកម្ម​របស់​អ្នក​កាន់តែ​រលូន​ឡើង​ដោយ​ហេតុ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ដើរ​តួនាទី​យ៉ាង​​សំខាន់​នៃ​ភាព​ជោគជ័យ​របស់​អ្នក។ នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​អាជីវកម្ម​របស់​អ្នក​  អ្នក​​ចាំបាច់​ត្រូវ​​មាន​ចំណេះដឹង​មួយ​នេះ​ឲ្យ​បាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​បាន និង​ត្រូវ​​ប្រើប្រាស់​វា​ឲ្យ​មាន​ប្រសិទ្ធភាព​​ដើម្បី​​ឲ្យ​វា​ជួយ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​អ្នក​ឲ្យ​ដល់​អតិថិជន​គោលដៅ។ ក្នុង​​ករណី​អ្នក​មិន​មាន​ពេល​ច្រើន​ដើម្បី​ស្វែងយល់​ពី​វា អ្នក​អាច​ជួល​អ្នក​ផ្សេង​ទៀត​មក​គ្រប់គ្រង​ជំនួស​អ្នក​ក៏​បាន។

ជំនាញ​ទី​៩៖ តស៊ូ
សហគ្រិន​ជោគជ័យ​ទាំងអស់​សុទ្ធតែ​ធ្លាប់​បាន​ជួបប្រទះ​ការ​បរាជ័យ​រាប់​មិន​​អស់ និង​ពេល​ខ្លះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ធ្ងន់ធ្ងរ​​ទៀត​ផង។  យ៉ាងណា​ក៏ដោយ គេ​អាច​សហគ្រិន​ប្រភេទ​នេះ​​ជោគជ័យ​បាន ​គឺ​ដោយសារតែ​ពួកគេ​​អាច​​ហែល​ឆ្លងកាត់​ឧបសគ្គ​ទាំង​នោះ​បាន ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​​បោះបង់​អាជីវកម្ម​របស់​ខ្លួន។  ពួកគេ​បាន​ប្រែក្លាយ​ការ​​បរាជ័យ​ទាំង​នោះ​ទៅ​ជា​ឱកាស​សម្រាប់​សិក្សា​រៀន​សូត្រ ហើយ​បន្ត​ដំណើរ​ជា​ថ្មី​ម្តង​ទៀត​ មិន​ព្រម​បោះបង់​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ទីបំផុត។

ជំនាញ​ទី១០៖ ការ​គ្រប់គ្រង​ពេលវេលា
ការ​គ្រប់គ្រង​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជំនាញ​ដ៏​មាន​តម្លៃ​បំផុត​មួយ​ទៀត​សម្រាប់​សហគ្រិន​ដែល​ជោគជ័យ។ ដើម្បី​គ្រប់គ្រង​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព អ្នក​ត្រូវ​រៀបចំ​គម្រោង​ដែល អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​លម្អិត​បំផុត ឬ​រៀបចំ​កាលវិភាគ​ការងារ​ប្រចាំ​ថ្ងៃ​។ បន្ថែម​លើ​នេះ អ្នក​ក៏​ត្រូវ​បែងចែក​ការងារ​ដែល​ត្រូវ​ធ្វើ​តាម​ភាព​សំខាន់​របស់​វា​ផង​ដែរ និង​ចេះ​ជ្រើសរើស​​កិច្ចការ​​ផ្សេងៗ​ដែល​ចាំបាច់​មក​ធ្វើ​ជា​ការងារ​អាទិភាព​របស់​អ្នក។ ​​សូម​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ចេះ​គ្រប់គ្រង​ពេលវេលា ការងារ​របស់​អ្នក​នឹង​មាន​ប្រសិទ្ធភាព​កាន់តែ​​ខ្ពស់​ និង​​អាច​ចំណាយ​ពេល​តិច​ផង​ដែរ។

ជំនាញ​ទី១១៖ ការ​​ទំនាក់ទំនង
មិន​ចំពោះ​ថា អាជីវកម្ម​របស់​អ្នក​តូច ឬ​ធំ​ប៉ុណ្ណា​ក៏ដោយ វា​ជា​រឿង​ចំា​បាច់​ដែល​អ្នក​ត្រូវ​អភិវឌ្ឍ​ខ្លួន​ធ្វើ​ជា​សហគ្រិន​ដែល​​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​នៅ​ក្នុង​ការ​ទំនាក់ទំនង​​ប្រកបដោយ​ប្រសិទ្ធភាព​ជា​មួយ​អតិថិជន ដៃគូ​ជំនួញ បុគ្គល​ជោគជ័យ និង​បុគ្គលិក​នៅ​ក្នុង​ស្ថាប័ន​របស់​​អ្នក​ផង​ដែរ។  វា​ជា​ជំនួញ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​នាម​ជា​សហគ្រិន។ ហេតុ​អ្វី? ពី​ព្រោះ​ថា ប្រសិទ្ធភាព​នៃ​ការ​ទំនាក់ទំនង​របស់​អ្នក​នឹង​ធ្វើ​​ឲ្យ​​​​​អ្នក​ស្គាល់​មនុស្ស​កាន់តែ​ច្រើន ស្គាល់​អតិថិជន​កាន់តែ​ច្រើន និង​ទទួល​បានការ​គាំទ្រ​ពី​សាធារណជន​កាន់តែ​ច្រើន​ដែល​​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​​រីកចម្រើន។

ជំនាញ​ទី១២៖ យុទ្ធសាស្ត្រ​អាជីវកម្ម
ការ​មាន​យុទ្ធសាស្ត្រ​ជំនួញ​​នៅ​ក្នុង​ដៃ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ជំនាញ​ដ៏​សំខាន់​សម្រាប់​​សហគ្រិន​ដែល​ជោគជ័យ។ ថ្វី​បើ​សហគ្រិន​ភាគច្រើន​បាន​ឈាន​ដល់​កម្រិត​កំពូល​នៃ​អាជីព​របស់​​ខ្លួន​ក៏ដោយ​តាមរយៈ​ន​ឆន្ទៈ​ខ្ពស់ ​និង​​ទេពកោសល្យ​​ក៏​ដោយ​ ក៏​​​វា​ចាំបាច់​ត្រូវ​មាន​យុទ្ធសាស្ត្រ​អាជីវកម្ម។  យុទ្ធសាស្ត្រ​នេះ​ទាមទារ​ឲ្យ​អ្នក​មាន​ជំនាញ​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​ដើម្បី​បង្កើត​រចនាសម្ព័ន្ធ​អាជីវកម្ម​​មួយ​ដ៏​សមស្រប​សម្រាប់​យក​​មក​អនុវត្ត​បន្តបន្ទាប់​៕

ប្រភព៖ Entrepreneur

X
5s