បើ​មិន​ច្បាស់​ថា​គំនិត​អាជីវកម្ម​របស់​អ្នក​ល្អ​ឬ​អត់ សាក​មក​មើល​ក្បូន​ទាំង៥​​​នេះ​



នៅ​ពេល​អ្នក​មាន​គំនិត​អាជីវកម្ម​ល្អ​មួយ អ្នក​​ប្រហែល​ជា​យល់​ថា អ្នក​អាច​នឹង​​ជោគជ័យ​ច្រើន​​លើ​​ជំនួញ​នោះ។ អ្នក​មាន​ក្តី​សង្ឃឹម ​មាន​ការ​​រំពឹង​ទុក ប៉ុន្តែ​អារម្មណ៍​​របស់​អ្នក​នៅ​លាយឡំ​​ជាមួយ​នឹង​​ក្តី​បារម្ភ​​ព្រោះ​​អ្នក​​យល់​ថា ការ​គិត​អាច​មិន​ដូច​ការ​ធ្វើ​នោះ​ទេ។ អ្នក​អាច​នៅ​មាន​ភាព​​ស្ទាក់ស្ទើរ ហើយ​​​មិនដឹង​ថា អ្នកដទៃ​មើល​មក​​ល្អ​ឬ​អត់? នេះ​​ជា​បញ្ហា​ទូទៅ​មួយ​របស់​អ្នក​រកស៊ី​ថ្មីថ្មោង។ 

ដើម្បី​បញ្ចប់​ចម្ងល់​នេះ និង​ដើម្បី​ដឹង​កាន់តែ​ច្បាស់​ថា គំនិត​អាជីវកម្ម​របស់​អ្នក​ល្អ​ឬ​អត់ សាកល្បង​អនុវត្ត​តាម​គន្លឹះ ៥ ចំណុច​ខាងក្រោម​នេះ៖ 

១.សេវាកម្ម ឬ​ផលិតផល​របស់​អ្នក​គ្មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​នៅ​ពេល​​ឥឡូវ​នេះ
ទោះបីជា​គំនិត​អាជីវកម្ម​របស់​អ្នក​ល្អ​ឥតខ្ចោះ​យ៉ាងណាក៏ដោយ ប្រសិន​បើ​គំនិត​ដែល​អ្នក​គិត​ចង់​រកស៊ី​លក់​ផលិតផល ឬ​សេវាកម្ម​នោះ​មិន​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ទេ ហើយ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​​ក៏​ដូច​ជា​ការ​​ផ្តល់​ភាព​ពេញចិត្ត​ពេញ​ថ្លើម​ដល់​អតិថិជន​​ទេ​នោះ អ្នក​អាច​វិនិច្ឆ័យ​ដោយ​ខ្លួនឯង​បាន​ថា គំនិត​​អាជីវកម្ម​របស់​អ្នក​មិន​ល្អ​រួច​ទៅ​ហើយ។

២.អតិថិជន​មិន​ហ៊ាន​ចំណាយ​លុយ​​លើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ពេល​អ្នក​ចង់​ឲ្យ​ពួកគេ​ចំណាយ
រឿង​ដ៏​សាមញ្ញ​របស់​អាជីវកម្ម​គឺ​ងាយស្រួល​ទេ។ ​អាជីវកម្ម​របស់​អ្នក​នឹង​ជោគជ័យ បើ​អ្នក​រក​​ចំណូល​​បាន​​ច្រើន​​ជាង​ចំណាយ ហើយ​បើ​ករណី​នេះ​មិន​កើត​មាន​ទេ វា​បង្ហាញ​ថា អាជីវកម្ម​​របស់​អ្នក​មាន​ដង្ហើមរស់​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ។ អ្នក​ត្រូវ​សិក្សា​លម្អិត​​លើ​ផលិតផល ឬ​សេវាកម្ម​មួយ​រាប់​ចាប់​តាំង​ពី​ការ​ចំណាយ​លើ​ការ​ផលិត ការ​វេច​ខ្ចប់ ការ​ចែកចាយ ឬ​ផ្តល់​សេវាកម្ម​ជាដើម​ ហើយ​​កំណត់​​តម្លៃ​​មួយ​​នៅ​លើ​ទីផ្សារ។ យ៉ាងណាមិញ បើ​អតិថិជន​របស់​អ្នក​មិន​ពេញចិត្ត​តម្លៃ​នោះ​ដោយ​យល់​ថា វា​ថ្លៃ​ពេក ហួស​ពី​សមត្ថភាព​របស់​​ពួកគេ ឬ មិន​អាច​ដោះស្រាយ​បញ្ហា​តម្រូវការ​​របស់​ពួកគេ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​ទេ វា​ជា​សញ្ញាណ​បញ្ជាក់​ថា គំនិត​អាជីវកម្ម​របស់​អ្នក​ដើរ​ទៅ​មុខ​មិន​រួច​ឡើយ។

៣.អ្នក​វិនិយោគ​មិន​ចាប់​អារម្មណ៍​គំនិត​អាជីវកម្ម​របស់​អ្នក
រាល់​អាជីវកម្ម​ទាំងអស់​ត្រូវការ​ទុន​ដើម្បី​​​​ចាប់​ផ្តើម​ប្រតិបត្តិការ​រកស៊ី។ ប្រសិន​បើ​គ្មាន​ទុន អាជីវកម្ម​នោះ​ប្រៀប​ដូចជា​រថយន្ត​គ្មាន​សាំង​ដូច្នេះ​ដែរ។ អ្នក​អាច​ចាប់​ផ្តើម​​​រកស៊ី​បាន​ជាមួយ​គំនិត​អាជីវកម្ម​របស់​អ្នក​ក៏ប៉ុន្តែ​វា​ដើរ​ទៅ​មុខ​មិន​បាន​ឆ្ងាយ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBInsights បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​ថ្មីថ្មោង ២៩% បាន​បរាជ័យ​ដោយសារតែ​ខ្វះ​ទុន។

ដោយសារតែ​មូលហេតុ​នេះ​ហើយ ការ​បង្ហាញ​គំនិត​អាជីវកម្ម​របស់​អ្នក​ទៅ​កាន់​អ្នក​វិនិយោគ ឬ​អ្នក​ជំនួញ​ដែល​មាន​លុយ​ច្រើន​មុន​អ្នក​ចាប់​ផ្តើម​ជំនួញ នឹង​អាច​កំណត់​បាន​ថា គំនិត​អាជីវកម្ម​របស់​អ្នក​ល្អ​ឬ​អត់។ ប្រសិន​បើ​ពួកគេ​មិន​ចាប់​អារម្មណ៍​ទេ​នោះ វា​អាច​បញ្ជាក់​បាន​ថា គំនិត​អាជីវកម្ម​របស់​អ្នក​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ឬ​មិន​ល្អ​តែម្តង​។ 

៤.តម្រូវការ​សេវាកម្ម ឬ​ផលិតផល​របស់​​មិន​មាន​ស្ថិរភាព
អ្នក​តែង​សង្កេត​​ឃើញ​ថា អាជីវកម្ម​ខ្លះ​បាន​បើក​តែ​មួយ​ឆាវ​ហើយ​ក៏​បិត​ទៅ​វិញ ដោយសារតែ​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​​គ្មាន​ស្ថិរភាព ឬ​មិន​កើន​ឡើង​តែម្តង។ ពេល​ខ្លះ​​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​កំពុង​ត្រូវការ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន ក៏ប៉ុន្តែ​អ្នក​​មើល​ឃើញ​ថា នៅ​ពេល​អនាគត​វា​នឹង​មិន​ពេញនិយម​ដោយសារតែ​មាន​ផលិតផល ឬ សេវាកម្ម​ថ្មី​មក​ជំនួស។ នេះ​ជា​សញ្ញាណ​​មិន​ល្អ​មួយ​​​ដែល​អាច​បញ្ជាក់​បាន​ថា អាជីវកម្ម​របស់​អ្នក​មិន​អាច​​ឈរ​​នៅ​លើ​ទីផ្សារ​បាន​យូរ​ឡើយ។

សូម​ចាំ​ថា បើ​តម្រូវការ​សេវាកម្ម ឬ​ផលិតផល​នោះ​នៅ​ទ្រឹង​មួយ​កន្លែង​មិន​ចុះ​មិន​ឡើង សូម​កុំ​​ប្រឡូក​ក្នុង​អាជីវកម្ម​នោះ​យូរ​ពេក។ អ្នក​គួរ​ដកខ្លួន​ ហើយ​សម្លឹង​មើល​​គំនិត​អាជីវកម្ម​ថ្មី​វិញ​ដែល​​អាច​ធានា​បាន​នូវ​កំណើន​តម្រូវការ​ប្រើប្រាស់​ប្រកបដោយ​ស្ថិរភាព​ទាំង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត។

៥.មាន​អ្នក​ផ្សេង​ទៀត​ធ្លាប់​រកស៊ី​ដូច​អ្នក​ដែរ​ តែ​​បាន​បរាជ័យ​ទៅ​វិញ
នេះ​ជា​បទពិសោធន៍​ដ៏ ល្អ​មួយ​ដែល​អ្នក​គួរ​សិក្សា​រៀនសូត្រ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មុនៗ​រកស៊ី​លើ​មុខ​ជំនួញ​ដូច​អ្នក តែ​បរាជ័យ​ទៅ​វិញ? នេះ​អាច​បណ្តាល​មក​ពី​​កត្តា​ទីតាំង យុទ្ធសាស្ត្រ​ទីផ្សារ​មិន​ល្អ និង​តម្រូវការ​ទាប​ជាដើម។ បើ​អ្នក​ចង់​​បើក​​ជំនួញ​នោះ​ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​ជោគជ័យ​​ឬ​អត់? តើ​អ្នក​មាន​អ្វី​ជា​​ចំណុច​ខុសប្លែក​ពី​អ្នក​ទាំង​នោះ? តើ​អ្នក​អាច​បង្កើត​កំហុស​ ឬ​ជាន់​ដាន​ពួកគេ​ឬ​អត់? 

តាម​ពិត​ទៅ រាល់​អាជីវកម្ម​​ទាំងអស់​ដែល​បើក​ហើយ​បរាជ័យ មិនមែន​មានន័យ​ថា មុខ​ជំនួញ​នោះ​​វា​មិន​ជោគជ័យ​រហូត​នោះ​ទេ។ ក៏ប៉ុន្តែ​នេះ​ជា​ការ​ដាស់តឿន​មួយ​សម្រាប់​អ្នក​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​​ក្នុង​ការ​បង្កើត​យុទ្ធសាស្ត្រ​មួយ​ដែល​ល្អ​ជាង​នេះ​ដើម្បី​ជៀសវាង​បង្កើត​កំហុស​ដូច​ពួកគេ ឬ​ក៏​ថា ដក​ខ្លួន​ចេញ​តែម្តង​៕

ប្រភព៖ Entrepreneurs 

 

 

 

​​

​​

 

X
5s