រៀនអភ័យទោសឲ្យខ្លួនឯងដោយអនុវត្តតាមវិធីសាស្រ្តទាំង ៦ នេះបើអ្នកពិតជាស្រលាញ់ខ្លួនឯង​



មានមនុស្សប៉ុន្មាននាក់ដែលសប្បាយរីករាយពេលត្រូវគេគេមាក់ងាយ គេបោកប្រាស់  ឬគេក្បត់ទំនុកចិត្ត ឬខកចិត្តដោយសារធ្វើអ្វីមួយមិនបានសមតាមបំណង? ហើយមានមនុស្សប៉ុន្មាននាក់ដែលអាចរកសេចក្តីសុខដាក់ខ្លួន ដោយរក្សាកំហឹងក្នុងចិត្តបន្ទាប់ពីជួបបញ្ហាទាំងនោះ? 

មានមនុស្សមួយចំនួនចូលចិត្តដាក់សម្ពាធលើខ្លួនឯងក្រោយជួបរឿងសោកសៅដោយគិតថា អ្វីដែលកើតឡើងជាកំហុសខ្លួនឯង ចងភ្ជាប់ខ្លួនទៅនឹងស្រមោលអតីតកាលដ៏ឈឺចាប់ និងបណ្តោយខ្លួនជាឲ្យទៅជាមនុស្សទន់ជ្រាយបំផុត។ មនុស្សឆ្លាត និងរឹងមាំពិតប្រាកដជាមនុស្សដែលចេះអត់ឱនទោសឲ្យខ្លួនឯង ជាមនុស្សដែលចេះដោះលែងខ្លួនឯងចេញពីស្រមោលអតីតកាល។ ចុះមូលហេតុអ្វីបានជាអ្នកត្រូវអភ័យទោសឲ្យខ្លួនឯង?

១) គ្មាននរណាអភ័យទោសឲ្យអ្នកទេ បើអ្នកមិនអភ័យទោសឲ្យខ្លួន

រឿងរ៉ាវដែលកន្លងហួសទុកវាជាមេរៀនដ៏ល្អមួយសម្រាប់ជីវិត ទោះបីជាវាធ្វើឲ្យអ្នកឈឺចាប់យ៉ាងណា បើអ្នកមិនប្រាប់អ្នកដទៃ គេក៏មិនដឹងពីទំហំនៃការឈឺចាប់ក្នុងខ្លួនអ្នកដែរ។ កាត់បន្ថយការឈឺចាប់ដែលអ្នកមានដោយការអភ័យ ឈប់ដាក់សម្ពាធលើខ្លួនឯងបន្តទៀត យកក្រណាត់ខ្មៅដែលកំពុងគ្រប់លើមុខរបស់អ្នកចេញបើអ្នកចង់មើលឃើញពិភពលោកដ៏ស្រស់ស្អាត។

២) បើមិនលើកលែងទោសឲ្យខ្លួនឯង តើអ្នកបន្តដំណើរជីវិតទៅមុខបានដោយរបៀបណា

អ្វីៗដែលបានកើតឡើងរួចមកហើយវាសុទ្ធតែជាអតីតកាលទាំងអស់ ទោះអ្នកពេញចិត្តឬមិនពេញចិត្តក៏អ្នកមិនអាចទាញពេលវេលាថយក្រោយបានដែរ តែចាំថាជីវិតអ្នកត្រូវដើរទៅមុខគ្រប់វិនាទី។ យកផ្ទាំងយកដែលកំពុងសង្កត់លើជើងអ្នកចេញ បើអ្នកចង់ឲ្យរបួសបានជាសះស្បើយ ហើយអាចបន្តដំណើរទៅមុខបានទៀត។

៣) អ្នកមិនអាចអត់ទោសឲ្យនរណាម្នាក់បានទេ បើអ្នកមិនចេះអត់ទោសសូម្បីឲ្យខ្លួនឯង

ចង់ធ្វើខ្លួនជាមនុស្សមានសីលធម៌ មានគុណធម៌ពិតប្រាកដអ្នកត្រូវរៀនចេះលើកលែង ចេះអភ័យ វារាប់ចាប់ពីការលើកលែងឲ្យខ្លួនឯងមុន។ បើអ្នកចង់បង្រៀនគេត្រូវបង្រៀនខ្លួនឯងឲ្យធ្វើបានជាមុនសិន ពេលអ្នកធ្វើវាបានខ្លួនអ្នកនឹងរីកចម្រើន។

៤) អ្វីៗសុទ្ធតែអាចចាប់ផ្តើមសារជាថ្មី បើចិត្តយើងចង់

កុំគិតពីភាពអៀនខ្មាស់នូវកំហុសដែលខ្លួនធ្លាប់សាង ឲ្យតែយើងមានស្មារតីភ្ញាក់រឮកចង់កែប្រែកំហុស និងចាប់ផ្តើមកែប្រែធ្វើឲ្យអ្វីៗក្លាយជាល្អវិញ។ ទឹកល្អក់ដែលមានលាយជាមួយដីភក់ក៏នៅអាចប្រើសាជូធ្វើឲ្យទឹករងថ្លាប្រើបាន ចុះទម្រាំមនុស្សដែលមានសតិ មានការគិតហេតុអ្វីមិនអាចកែប្រែចំនុចអាក្រក់ ដុះខាត់វាឲ្យមានប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃនោះ។

៥) ទទួលស្គាល់តម្លៃរបស់ខ្លួន

អ្វីៗក្នុងលោកនេះសុទ្ធតែមានតម្លៃ មិនថាជាភាវៈមានជីវិត ឬគ្មានជីវិតទេ។ សត្វក៏នៅចេះស្រលាញ់ខ្លួនវា ស្រលាញ់ក្រុមគ្រួសារវា ចង់មានក្តីសុខក្នុងការរស់នៅ។ ជីវិតមនុស្សរឹតតែមានតម្លៃ ព្រោះមនុស្សជាសត្វថ្នាក់ខ្ពស់មានសតិបញ្ញាគ្រប់គ្រាន់ មានការគិតពិចារណា ត្រូវចេះឲ្យតម្លៃខ្លួនឯង កុំគិតថាខ្លួនឯងជាអន់ អសមត្ថភាព អ្វីក៏អ្នកអាចធ្វើបានដែរឲ្យតែមានការតាំងចិត្ត។ អ្នកកើតមកដើម្បីភាពជោគជ័យដើម្បីបង្កើតភាពអស្ចារ្យដល់ពិភពលោក មិនមែនដើម្បីអស់ភាពសង្ឃឹម ព្រមឲ្យនរណាគាបសង្កត់បានតាមចិត្ត ឬដើម្បីតែចុះចាញ់ព្រហ្មលិខិតគ្រប់ពេលវេលាទេ។

៦) ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍ

មនុស្សដែលតែងទទួលបានភាពជោគជ័យ និងការរីកចម្រើន ជាមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវិត ហើយយកបទពិសោធន៍ទាំងនោះជាមេរៀនដ៏ប្រពៃដើម្បីអភិវឌ្ឍខ្លួនទៅរកភាពរីកចម្រើនមួយ។ បទពិសោធន៍នៃការបរាជ័យ ការឈឺចាប់ជាមេរៀនមួយល្អបំផុតដែលគ្មានសាលាណាអាចបង្រៀនអ្នកបាន។ ពេលអ្នកអាចទទួលវា និងចេះកែច្នៃបញ្ហាទាំងនោះឲ្យក្លាយជាឱកាសមាសសម្រាប់ទទួលផលយ៉ាងល្អសម្រាប់ខ្លួនឯង មានន័យថាអ្នកកំពុងចេះអភ័យទោសឲ្យខ្លួនឯងហើយ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s