អត្ថប្រយោជន៍ទាំង៧ ចំណុចសម្រាប់សុខភាពបានមកពីការទទួលទានកាហ្វេ​



កាហ្វេជាភេសជ្ជៈដែលកំពុងមានប្រជាប្រិយខ្លាំងក្នុងពិភពលោក ហើយមានវាកម្រិតប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមខ្ពស់ ដែលល្អសម្រាប់សុខភាព។ មានការសិក្សាស្រាវជ្រាវមួយចំនួនបានបញ្ជាក់ថា ការទទួលទានកាហ្វេផ្តល់ប្រយោជន៍ដល់សុខភាពដែលអ្នកនឹកស្មានមិនដល់។ ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ ៧ យ៉ាងដែលបានមកពីការទទួលទានកាហ្វេ៖

១) ជួយបង្កើតថាមពលសម្រាប់បំពេញការងារប្រចាំថ្ងៃ

កាហ្វេអាចជួយបង្កើនថាមពលដល់អ្នកដែលមានអារម្មណ៍ថានឿយហត់ តែសម្រាប់អ្នកដែលមានបញ្ហាជាមួយសារធាតុកាហ្វេអ៊ីន ឬមានបញ្ហាសម្ពាធឈាមមិនគួរទទួលទានទេ។ អ្នកដែលមានអារម្មណ៍ថានឿយហត់ដោយសារខួរក្បាលទទួលរងសម្ពាធ សារធាតុកាហ្វេអ៊ីនបានដើរតួនាទីជួយភ្ញោច និងដាស់ភាពរំញោចឲ្យវិលត្រលប់មកវិញ។

២) ជួយដុតបំផ្លាញភាពធាត់

សារធាតុកាហ្វេអ៊ីនមានតួនាទីសំខាន់ក្នុងការដុតបំផ្លាញជាតិខ្លាញ់ និងភាពធាត់។ តាមការសិក្សាបង្ហាញថា កាហ្វេអ៊ីនអាចជួយពន្លឿនអត្រាមេតាប៉ូលីសពី ៣ ទៅ ១១%។ 

៣) កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២

ជំងឺទឹកនោមផ្អែមប្រភេទទី២ ជាបញ្ហាជំងឺមួយដែលកំពុងប្រឈមខ្លាំង ហើយក៏កំពុងកើតមានលើមនុស្សរាប់លាននាក់លើពិភពលោកនាពេលបច្ចុប្បន្ន។ មានហេតុផលមួយចំនួនបង្ហាញថា ការទទួលទានកាហ្វេអាចកាត់បន្ថយអត្រានៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយ ២៣ ទៅ ៥០% នៃអ្នកទទួលទានកាហ្វេជាប្រចាំមានភាគរយតិចក្នុងការកើតជំងឺនេះ។

៤) ជួយឲ្យអាយុវែង

មនុស្សមួយចំនួនអាចនឹងចំលែកចិត្តបន្តិចបើឮថាទទួលទានកាហ្វេជួយឲ្យអាយុវែង តែវាជាការពិតព្រោះនៅចំនុចខាងលើបានបង្ហាញថា ទទួលទានកាហ្វេជួយដុតបំផ្លាញភាពធាត់ បំផ្លាញជាតិខ្លាញ់ក្នុងសរសៃឈាម។ ដូច្នេះវាបានចូលរួមក្នុងការកាត់បន្ថយអត្រាខ្លាញ់ក្នុងសរសៃឈាម នាំឲ្យមានដំណើរការល្អនៃចរន្តឈាមជួយឲ្យអាយុវែង។ 

៥) ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត និងជួយឲ្យអារម្មណ៍ស្រស់ថ្លា

ជំងឺបាក់ទឹកចិត្តជាជំងឺមួយដ៏គួរឲ្យខ្លាច និងគួរឲ្យព្រួយបារម្ភបំផុត វានាំឲ្យប៉ះពាល់ដល់សុខភាពអ្នកជំងឺយ៉ាងខ្លាំងរហូតដល់បាត់បង់ការគ្រប់គ្រងសតិខ្លួនឯង។ ការទទួលទានកាហ្វេវាអាចជួយឲ្យអារ្មណ៍ស្រស់ថ្លាកាត់បន្ថយភាពស្មុគស្មាញ ជាហេតុនាំឲ្យកាត់បន្ថយអត្រានៃការកើតជំងឺបាក់ទឹកចិត្តបាន។

៦) កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកផ្សេងៗ

មហារីកក៏កំពុងស្ថិតក្នុងប្រធានបទមួយដ៏គួរឲ្យព្រួយបារម្ភសម្រាប់សុខភាព នៃមនុស្សជាតិទូទាំងពិភពលោកដែរ ព្រោះមហារីកបានក្លាយជាដើមហេតុនៃកំណើនអត្រាមរណៈដែរ។ កាហ្វេបានដើរតួនាទីជាអ្នកការពារប្រឆាំងនឹងមហារីក ២ ប្រភេទគឺ មហារីកថ្លើម និង មហារីកពោះវៀនធំ។ ជំងឺមហារីកថ្លើមកំពុងស្ថិតក្នុងលំដាប់លេខ ៣ នៃអត្រាមរណៈក្នុងពិភពលោក ខណៈមហារីកពោះវៀនធំឈរនៅលំដាប់លេខ ៤។ តាមការសិក្សាបានបង្ហាញថាអ្នកដែលមានទម្លាប់ទទួលទានកាហ្វេក្នុងកម្រិតត្រឹមត្រូវអាចកាត់បន្ថយអត្រាមហារីកដល់ទៅ ៤០%។

៧) កាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺសរសៃឈាម ស្ត្រូក ឬស្លាប់មួយចំហៀងខ្លួន (Stroke)

សារធាតុកាហ្វេអ៊ីនជាអ្នកជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងសរសៃឈាម ដូចនេះវាជួយសម្រួលដល់ចលនា និងចរន្តឈាមដំណើរការបានល្អ។ តាមការសិក្សាបង្ហាញថា អ្នកមានទម្លាប់ទទួលទានកាហ្វេក្នុងកម្រិតត្រឹមត្រូវអាចកាត់បន្ថយហានិភ័យអត្រាកើតជំងឺបេះដូង និងសរសៃឈាម ឬស្លាប់មួយចំហៀងខ្លួន ឬស្រ្តូក (Stroke) បានរហូតដល់ ២០%។

ជារឿយៗមានករណីមួយចំនួនដែលអាចបណ្តាលមកពីការកើនឡើងសម្ពាធឈាមក្រោយទទួលទានកាហ្វេ។ វាជាការពិតព្រោះនេះបណ្តាលមកពីសុខភាពមនុស្សម្នាក់ៗខុសគ្នា តែការកើនឡើងសម្ពាធឈាមនេះវាស្ថិតក្នុងចន្លោះពី ៣-៤mm/Hg ប៉ុណ្ណោះ។  ករណីនេះដែរ អ្នកដែលមានបញ្ហាមិនគួរទទួលទានការហ្វេទេ៕

ដោយ៖ យ៉ាយ៉ា 

 

 

 

X
5s