ភាពជាមហាសេដ្ឋី ៦យ៉ាងជួយដៅផ្លូវអ្នកទៅរកភាពមានបាន
មនុស្សមិនតិចទេដែលចង់មានទ្រព្យច្រើន ក្លាយជាមហាសេដ្ឋី។ ដើម្បីក្លាយជាមហាសេដ្ឋី មនុស្សមួយចំនួនត្រូវចូលសិក្ខាសាលារៀនសូត្រ ឬស្ដាប់បុគ្គលជោគជ័យជាដើម។ ការចូលវគ្គសិក្សាបែបនេះអាចជួយអ្នកបានមួយចំណែក ប៉ុន្តែអ្វីដែលអ្នកត្រូវដឹងអំពីមហាសេដ្ឋីនោះគឺមនុស្សទាំងនោះមានការគិតនិងធ្វើសកម្មភាពខុសប្លែកពីមនុស្សធម្មតា។ សកម្មភាពរបស់មហាសេដ្ឋីសុទ្ធតែអ្នកអាចរៀនសូត្រនិងធ្វើតាមបាន។ ខាងក្រោមនេះគឺជាកត្តាទាំង៦ដែលធ្វើឲ្យអ្នកក្លាយជាអ្នកមាន៖
១) មហាសេដ្ឋីមានជំនាញនិងអត្តចរិតខុសពីគេ
មហាសេដ្ឋីចំណាយពេលបង្កើតគំនិតថ្មីៗនិងយុទ្ធសាស្ត្រថ្មីៗ ដោយពួកគេមិនចំនាយពេលឥតប្រយោជន៍ទៅលើសកម្មភាពដដែលៗប្រចាំថ្ងៃនោះទេ។ មហាសេដ្ឋីតែងតែពង្រីកការគិតរបស់ពួកគេ អភិវឌ្ឍគំនិត ការអនុវត្ត និងការសម្រេចលទ្ធផល។
២) មហាសេដ្ឋីគឺជាមនុស្សមានចក្ខុវិស័យ
មហាសេដ្ឋីមានការគិតអំពីអនាគត និងគោលដៅរយៈពេលវែងជាជាងការគិតតែលើចំណង់មួយភ្លេតក្នុងពេលបច្ចុប្បន្ន។ មនុស្សបែបនេះមើលឃើញរូបភាពដោយមានចក្ខុវិស័យធំសម្រាប់ពេលអនាគត។ ដូចនេះ អ្នកត្រូវមានចក្ខុវិស័យឲ្យច្បាស់ក្នុងខួរក្បាលរបស់អ្នក ទាល់តែអ្នកអាចសម្រេចលទ្ធផលនិងទទួលបានជោគជ័យ។
៣) មហាសេដ្ឋីទទួលយកការផ្លាស់ប្ដូរ
ការផ្លាស់ប្ដូរអាចជាភាពភ័យខ្លាច ប៉ុន្តែការភ័យខ្លាចអ្វីដែលថ្មីគឺមិនអាចធ្វើឲ្យអ្នកអាចបង្កើតឱកាសបាននោះទេ។ មហាសេដ្ឋីយល់ថាការផ្លាស់ប្ដូរបើទោះបីជាវិជ្ជមានឬអវិជ្ជមានក៏ដោយ វាតែងតែផ្ដល់នូវផលប្រយោជន៍មកវិញជាមិនខាន។ ផ្នត់គំនិតបែបនេះហើយនឹងជួយឲ្យអ្នកកាន់តែមានជំនឿជាក់ក្នុងចិត្ត ដែលនឹងជួយឲ្យអ្នកអាចគ្រប់គ្រងភាពភ័យខ្លាចបាន។
៤) មហាសេដ្ឋីជាមនុស្សមានការតាំងចិត្ត
កុំគិតថាប្រាក់គឺជាគ្រឿងជំរុញចិត្តរបស់អ្នកតែមួយមុខ ប៉ុន្តែវាជាចំណង់និងជាបេសកម្មក្នុងជីវិតដែលជួយជំរុញឲ្យមនុស្សទាំងនោះចង់សម្រេចបានគោលបំណង។ អ្នកត្រូវតែរកឲ្យឃើញអំពីវត្ថុបំណង ចំណង់របស់អ្នកដែលជួយលើកទឹកចិត្តអ្នកឲ្យហ៊ានឆ្លងកាត់ឧបសគ្គទាំងឡាយដែលពាំងផ្លូវរបស់អ្នក។ អ្នកត្រូវសួរខ្លួនអ្នកថា៖ តើខ្ញុំអាចបង្កើតប្រាក់១លានដុល្លារក្នុងមួយឆ្នាំដោយធ្វើអ្វីដែលខ្ញុំស្រលាញ់ដោយរបៀបណា?
៥) មហាសេដ្ឋីហ៊ានប្រឈមនឹងហានិភ័យ
មហាសេដ្ឋីជាមនុស្សដែលហ៊ានប្រឈមមុខនឹងហានិភ័យ ពីព្រោះថាប្រសិនបើគេមិនធ្វើបែបនេះទេគេមិនអាចចាប់ឱកាសបាននោះទេ។ វិធីក្នុងការប្រឈមមុខនឹងហានិភ័យគឺតាមរយៈការគណនានូវផលប៉ះពាល់រួចទៅហើយមុននឹងសម្រេចធ្វើវា។
៦) មហាសេដ្ឋីមិនដែលបោះបង់ការរៀនសូត្រ
ដើម្បីក្លាយជាមហាសេដ្ឋីគឺតាមរយៈការសិក្សារៀនសូត្រដើម្បីពង្រឹងចំណេះដឹងនិងយល់ដឹងព័ត៌មានថ្មីៗដែលជួយបង្កើតឱកាសនិងបង្កើតទ្រព្យ។ អានសៀវភៅដែលជួយពង្រឹងសមត្ថភាពរបស់ខ្លួន ស្វែងរកមនុស្សពូកែៗដែលអាចជួយអ្នកនិងនាំផ្លូវដល់អ្នក។ នៅពេលអ្នកព្យាយាមពង្រីកចំណេះដឹងរបស់អ្នកឲ្យកាន់តែទូលាយ នោះអ្នកកាន់តែមានឱកាសក្នុងការរីកចម្រើន។
មហាសេដ្ឋីមិនត្រឹមតែគិតអំពីភាពជោគជ័យប៉ុណ្ណោះទេ ពួកគេជាមនុស្សមានទំនួលខុសត្រូវនិងធ្វើអ្វីដែលជួយពួកគេក្នុងការសម្រេចគោលដៅ។ ធ្វើជាមនុស្សដែលជាអ្នកធ្វើ ផ្ដោតលើគោលដៅធំ ហើយមិនអនុញ្ញាតិឲ្យអ្វីមួយមកបាំងផ្លូវនៃភាពជោគជ័យរបស់ពួកគេ៕
ប្រែសម្រួល៖ លង់ វណ្ណៈ
ប្រភព៖ Entrepreneur