បាលីការពារក្រ៖ «ចេះគ្រប់គ្រាន់ ចាយសមហេតុផល ការពារ»​



ច្រើនឆ្នាំកន្លងមក ខ្ញុំមានឪកាសផ្តល់ប្រឹក្សាហិរញ្ញវត្ថុដល់មនុស្សមួយចំនួនតាមវិទ្យុ តាមរយៈហ្វេសបុកឆាត និងជួបផ្ទាល់ ជាមួយមនុស្សជាច្រើននាក់។ ខ្ញុំរកឃើញថាមូលហេតុដែលធ្វើឲ្យមនុស្សមួយចំនួនផុងខ្លួននឹង «បំណុល»ដោយសារមូលហេតុមួយចំនួនដូចខាងក្រោម៖

១) ចាយលើសលទ្ធភាព 

Wallet, Cash, Credit Card, Pocket, Money, Purse

ខ្ញុំមិនហៅចាយវាយខ្ចះខ្ចាយនោះទេ ព្រោះចាយខ្ចះខ្ចាយពេលខ្លះមនុស្សយើងអាចធ្វើបាន បើសិនជាមានលទ្ធភាព មិនធ្វើឲ្យខូចវិន័យការចាយវាយរបស់គេនោះទេ។ អ្នកមានចំណូល ៥០០$ ធ្លាប់ចាយជាមធ្យម ៣00$~៣៥០$ ក្នុងមួយខែ តែខែខ្លះមានបុណ្យ ការ ឬត្រូវទៅលេងស្រុក ឈឺស្កាត់ ក៏អាចចាយរហូតដល់ ៤៥០$ ឬ៥០០$ តែម្តងក៏អាចទៅរួចព្រោះមិនទាន់ចូលដើម។

ហេតុដូចច្នេះការចាយវាយខ្ចះខ្ចាយមិនមែនជាបញ្ហា តែបញ្ហាគឺចាយលើស(លើសគីឡូ)សមត្ថភាពទៅវិញទេ! ចង់បានរបស់តែមិនសូវមានលុយ មិនព្រមសន្សំលុយសិនចាំទិញបែរជាបង់រំលស់តាមចិត្តតែម្តង។ 

ចរិតចាយលុយរបៀបនេះគឺគួរឲ្យខ្លាចខ្លាំងណាស់ ព្រោះជាការប្រើជីវិតដែលមិនបានគិតដល់អនាគត យកអារម្មណ៍ចង់បានជាធំហើយបើក្លាយជាទម្លាប់ហើយពិបាកកែខ្លាំងណាស់។ 

អ្នកមានប្រាក់ខែ ៥០០$ រំលស់ទូរសព្ទ តំលៃ ២00$~៣00$ ដោយរំលស់ ២៥$~៣០$ រយៈពេល១ឆ្នាំ ដែលធ្វើឲ្យពួកគេមើលរំលងថាអាចបង់រំលស់យ៉ាងងាយស្រួល ព្រោះបើគិតប្រាក់ខែ ៥០០$ ប្រៀបធៀប១ខែ ២៥$~៣០$ ពួកគេគិតថាស៊ីផុយ។ តែគាត់ភ្លេចគឹតថាខែមុនមានដែលសន្សំ ឬសល់លុយលើសពី ៣០$ ដែរឬទេ? ព្រោះបើមាន ឬសន្សំបានការរំលស់ទូរសព្ទយកមកប្រើក៏មិនចាត់ទុកថាលើសសមត្ថភាពនោះដែរ តែបើសិនជាកន្លងមកមិនដែលសល់លុយមួយរៀល ដាច់ខែដាច់ខ្យល់ «ដើមខែសារីមេ ចុងខែសារេ......» ការបង់រំលស់ខាងលើគឺលើសគឺឡូ«លទ្ធភាព»ហើយបាទ។ 

២) គ្មានផែនការពារការប្រឈបជាមួយវិបត្តិហិរញ្ញវត្ថុដែលអាចកើតមានជាយថាហេតុ

Paper, Business, Aerial View, Benefit, Brainstorming

អ្នកដែលរកលុយបានមកចាយអស់ មិនដែលមានលុយសល់ មិនចេះសន្សំ មិនមានផែនការដោះស្រាយការប្រឈមផ្នែកហិរញ្ញវត្ថុដែលអាចកើតមាន ឈឺស្កាត់ ឧបទ្ទវហេតុអត់ការងារធ្វើ បើកប្រាក់ខែយីត ឬបើកមិនបាន(ក្រុមហ៊ុនបិទ) ។ល។ តែងតែធ្លាក់ចូលក្នុងវដ្តនៃភាពក្រីក្របានយ៉ាងងាយជាងអ្នកដែលគេត្រៀមលក្ខណសម្បត្តិយ៉ាងល្អទុកជាមុន។ 

លើកឧទាហរណ៍៖ រឿងងាយៗ អ្នកដែលមានម៉ូតូ ឡានបើកសុខៗស្រាប់តែអាសំណប់រប់បងប្អូនខូច បើម៉ូតូត្រឹម ៤០$~៥០$ បើឡានខ្ទង់រាប់រយតើបានលុយមកពីណាជុសជុលបើមិនដែលសន្សំលុយផងបើមិនសុំម៉ែ~ឪ ឬខ្ចីគេ។ 

អ្នកដែលមិនខ្វល់ខ្វាយពីរឿងសុខភាព ល្ងាចឡើងដាក់(ផឹក) ថ្ងៃណាមួយសុខៗមានជំងឺត្រូវចំណាយថ្លៃព្យាបាលរាប់រយបែបនេះពេលជាហើយ ស្ទើឈឺម្តងទៀតពេលឃើញចំណាយ។ ទាំងនេះគ្រាន់តែជារឿងរាវមួយចំនួនជាបញ្ហាប្រឈមដែលអាចអាចកើតឡើងលើជីវិតយើងគ្រប់គ្នា សុទ្ធតែត្រូវការប្រើលុយឲ្យខានតែបាន បើអ្នកមិនមានលុយទេមានតែខ្ចីបុលគេដែលជាហេតុត្រូវធ្លាក់ក្នុងអន្ទាក់បំណុល។ 

៣) ដោះស្រាយបញ្ហាហិរញ្ញវត្ថុឲ្យតែរួចពីដៃ

Puzzle, Money, Business, Finance, Solution, Success

អ្នកដែលទាំងមានទម្លាប់ចាយវាយលើសលទ្ធភាព និងមិនមានការត្រៀមខ្លួនជាមួយបញ្ហាប្រឈមរឿងហិរញ្ញវត្ថុ(លុយ) ពេលមានបញ្ហា ច្រើនតែប្រើវិធីប្រមាណដោះស្រាយឲ្យតែរួចពីដៃ។

ខ្វះលុយ ត្រូវការលុយ ក៏ដោះស្រាយដោយប្រមាទ ដោយរកលុយមកដោះស្រាយឲ្យផុតៗ មិនបានគឹតពិចារណាថា លុយដែលទាញយកមកដោះស្រាយបញ្ហានៅពេលនេះ អាចធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះដល់ជីវិតរស់នៅថ្ងៃខាងមុខដែរ ឬទេ? 

ឧទារហណ៍ ចង់បានទូទឹកកកតំលៃថ្លៃប្រើ ជំនួសឲ្យខំសន្សំលុយដើម្បីទិញ បែជារំលស់យកតែម្តង រួចត្រូវរំលស់ជាប់(ចំណាយថេរ) ចាប់ពី ១២ខែ រហូតដល់៣៦ខែក៏មាន ។ ពេលខ្លះត្រូវការលុយចាយក៏ ចងការប្រាក់ ឬខ្ចីធនាគារដោយមិនបានខ្វល់ពីការប្រាក់ ចាប់ពី១០% ក្នុង១ខែ ឬប្រាក់រំលស់ធនាគារ ទាំងដើមទាំងការ ថាតើទៅរួចដែរ ឬទេ? ចុងក្រោយខ្ចី អាថ្មីសង អាចាស់ ការប្រាក់ថ្លៃទៅៗជីវិតវិលវល់បែបនេះគ្មានថ្ងៃចប់។ ប្រសិនថ្ងៃនេះជីវិតអ្នកស្ថិតនៅក្នុងវដ្តនៃភាពក្រីក្រដោយសារបំណុលដែលបានលើកឡើងខាងលើ ល្មមដល់ពេលហើយដែលអ្នកគួរតែចាប់ផ្តើមដោះស្រាយបញ្ហាយ៉ាងប្រាកដប្រជា មុនអ្វីៗហួសពេលអស់! 

ដោយ៖ ជា បូណាន

 

X
5s