ក្បួនទាំង ៧យ៉ាងដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានភាពប្រសើរឡើងផ្នែកហិរញ្ញវត្ថុ
តើអ្នកដឹងអំពីរបៀបគ្រប់គ្រងលុយកាក់ទេ? ជាញឹកញាប់អ្នកចេះរបៀបគ្រប់គ្រងលុយរបស់អ្នកមកពីបទពិសោធន៍របស់អ្នក ពីមិត្តភក្តិរបស់អ្នក ពីក្រុមគ្រួសាររបស់អ្នក ឬបានមកពីការស្វែងរកដោយចៃដន្យនៅលើអ៊ីនធឺណិតជាដើម។ ប្រភពព័ត៌មានទាំងនោះពេលខ្លះមិនអាចជឿទុកចិត្តបាន ហើយនិងអាចនាំឱ្យមានផលអាក្រក់លើការគ្រប់គ្រងលុយកាក់របស់អ្នកទៅទៀត។ នៅក្នុងអត្ថបទនេះ BizKhmer នឹងណែនាំអ្នកនូវគន្លឹះ ៧យ៉ាង លើរបៀបគ្រប់គ្រងលុយកាក់របស់អ្នក និងស្ថានភាពហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព នឹងភាពឆ្លាតវៃ៖
១) ធ្វើការផ្លាស់ប្តូររបៀបគិតអំពីលុយ
មនុស្សមួយចំនួនតែងតែធ្វើឱ្យស្មុគស្មាញដល់បញ្ហាប្រាក់កាក់ និងមានភាពតានតឹងអំពីរបៀបរកលុយ។ មនុស្សមួយចំនួនជាញឹកញាប់តែងតែចៀសវាងមិននិយាយអំពីរឿងលុយកាក់ ព្រោះពួកគេមិនអាចគ្រប់គ្រងវាបាន។ ពួកគេចង់បោះបង់ចោល ឬពួកគេមិនមានការចាប់អារម្មណ៍ជាដើម។ នេះគ្រាន់តែជាវិធីមួយដើម្បីលាក់សម្ពាធ និងភាពភ័យខ្លាចរបស់ពួកគេតែប៉ុណ្ណោះ នៅពេលដែលពួកគេមិនអាចទទួលបានអ្វីដែលពួកគេចង់បាន។
ដើម្បីធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកស្ថិតក្រោមការគ្រប់គ្រង អ្នកត្រូវតែយល់ពីអារម្មណ៍របស់អ្នកជាមុនសិន។ អ្នកស្រី Tana Gildea ជាអ្នកនិពន្ធសៀវភៅ “The Graduate’s Guide to Money” ប្រាប់អ្នកហើយឲ្យសួរខ្លួនឯងថាអ្នកមានអារម្មណ៍យ៉ាងណាអំពីលុយ និងថាតើអ្នកពូកែរកលុយ សន្សំលុយ និងការគ្រប់គ្រងលុយឬទេ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ល្អអ្នកមិនអាចគ្រប់គ្រងប្រាក់កាក់បានល្អទេ។ កុំពឹងផ្អែកលើលុយឬមានអារម្មណ៍ថាមានកំហុសនៅពេលគិតអំពីវា។ ផ្ទុយទៅវិញអ្នកត្រូវផ្លាស់ប្ដូររបៀបគិត និងត្រូវជឿជាក់ថាអ្នកពិតជាអាចគ្រប់គ្រងថវិការបស់អ្នកបាន និងមានភាពរីករាយជាមួយវា។
២) ផ្លាស់ប្តូរវិធីដែលអ្នកនិយាយអំពីលុយ
មនុស្សជាញឹកញាប់តែងគិតថាការនិយាយអំពីលុយទៅអ្នកដទៃគឺជារឿងមិនសមរម្យទេ ដូច្នេះពួកគេទុកការនិយាយអំពីលុយនៅខាងក្នុងខ្លួន។ ជាអកុសល វាបណ្តាលឱ្យមានការខកចិត្តហើយអាចនាំឱ្យមានភាពផ្ទុយគ្នាជាច្រើន។ សាស្រ្តាចារ្យ Syble Solomon មកពី Financial Therapy Association បានអះអាងថាគូស្វាមីភរិយា ភាគច្រើនតែងតេនិយាយអំពីលុយនៅពេលដែលពួកគេជួបវិបត្តិ បើនិយាយអំពីលុយគឺពិបាកក៏ប៉ុន្តែវាគឺជាកត្តាដល់ចាំបាច់។ ភាពច្បាស់លាស់ផ្នែកហិរញ្ញវត្ថុគឺជាមធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងបង្កើតទំនាក់ទំនងល្អ។
៣) ផ្លាស់ប្តូររបៀបចាយវាយ
ដើម្បីហិរញ្ញវត្ថុរបស់អ្នក អ្នកត្រូវព្យាយាមចំណាយលុយឲ្យតិចជាងសមត្ថភាពរកប្រាក់របស់អ្នក និងផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យសមនឹងប្រាក់ចំណូលរបស់អ្នក។ នេះគឺជាគន្លឹះនិងជាវិធីដ៏សំខាន់បំផុតដើម្បីគ្រប់គ្រងប្រាក់របស់អ្នកឲ្យបានត្រឹមត្រូវ។ អ្នកគួរតែកែសម្រួលការចំណាយមិនសមហេតុផលរបស់អ្នកដើម្បីសន្សំប្រាក់បានច្រើនសម្រាប់គោលដៅវែងឆ្ងាយ ដូចជាការធ្វើដំណើរ ឬទិញផ្ទះជាដើម។ អ្នកក៏អាចគ្រប់គ្រងគណនីរបស់អ្នកបានផងដែរ ដោយមានជំនួយពីកម្មវិធីទូរស័ព្ទ សៀវភៅកត់ត្រា ឬសុំជំនួយមនុស្សដែលពូកែគ្រប់គ្រងលុយជាដើម។
៤) រៀបចំផែនការថវិការរបស់អ្នក
អ្នកអាចធ្វើឱ្យថវិកាស្មើ នឹងការប្រឹតប្រៀបយ៉ាងតឹងរ៉ឹងដែលអ្នកត្រូវលះបង់ភាពសុខស្រួលរបស់អ្នក ហើយមិនត្រូវអើពើនឹងភាពសប្បាយរបស់អ្នកច្រើននោះទេ។ ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាមធ្យោបាយល្អទាល់តែសោះ ប៉ុន្តែវាគ្រាន់តែធ្វើឱ្យអ្នកក្លាយជាគ្រាប់បែកកំណត់ពេលវេលាប៉ុណ្ណោះ ហើយអ្នកអាចសម្រេចចិត្តចំណាយប្រាក់ទាំងអស់របស់អ្នកក្នុងពេលតែមួយ។
៥) ចំណាយប្រាក់របស់អ្នកដោយឆ្លាតវៃ
អ្នកត្រូវកំណត់ថាការចំណាយរបស់អ្នកសំខាន់សម្រាប់អ្នកឬអត់ មិនមែនមុនពេលចំណាយប្រាក់ទាំងអស់លើវានោះទេ។ ត្រូវប្រាកដថាអ្នកមានផែនការសម្រាប់វា គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់អ្នក។ ប្រសិនបើអ្នកចង់ជួលផ្ទះល្វែងដែលមានទេសភាពស្អាតនិងបង្កើតកន្លែងលំហែកាយនៅផ្ទះ វាមានន័យថាអ្នកសម្រេចចិត្តចំណាយប្រាក់ចំណូលប្រចាំខែរបស់អ្នកនៅក្នុងកន្លែងរស់នៅ។ ប្រសិនបើអ្នកធ្វើដំណើរញឹកញាប់ ការចំណាយប្រាក់របស់អ្នកលើរបស់របរធ្វើដំណើរជំនួសគ្រឿងសង្ហារិមថ្លៃៗ។ វិធីដ៏ឆ្លាតមួយទៀតគឺចែកគណនីរបស់អ្នកជាពីរផ្នែក មួយសម្រាប់តម្រូវការចាំបាច់របស់អ្នកនិង មួយទៀតសម្រាប់ចំណង់របស់អ្នក។ ការធ្វើបែបនឹង អ្នកនឹងងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកបន្ទាប់ពីធ្វើវា។
៦) សន្សំសំចៃ
កុំសន្សំដោយមិនដឹងអ្វី ប៉ុន្តែត្រូវកំណត់គោលដៅហិរញ្ញវត្ថុរបស់អ្នកដោយផ្អែកលើបរិបទជាក់លាក់មួយដើម្បីដឹងពីចំនួនទឹកប្រាក់ និងរយៈពេលក្នុងការសម្រេចវា។ អ្នកកាន់តែយល់ច្បាស់នៅពេលដែលអ្នកកំណត់គោលដៅរបស់អ្នកច្បាស់លាស់ អ្នកកាន់តែមានទឹកចិត្តចង់សម្រេចវាកាន់តែខ្លាំង។
៧) ការសន្សំសម្រាប់ការចូលនិវត្តន៍
ដើម្បីរស់នៅបានស្រួលនៅពេលចូលនិវត្តន៍អ្នកត្រូវសន្សំពី ១៥% ទៅ ២០% នៃប្រាក់ចំណូលរបស់អ្នក (អាចច្រើនជាង 20% ប្រសិនបើអ្នកអាចរកប្រាក់ចំណូលបានច្រើន)។ ជាអកុសល មិនមានមនុស្សច្រើនទេដែលអាចធ្វើបាន។ ជាដំបូង វាអាចជាការពិបាកក្នុងការសន្សំរហូតដល់ ១០% ឬ ១៥% នៃប្រាក់ចំណូលរបស់អ្នក ប៉ុន្តែប្រសិនបើចំនួនទឹកប្រាក់នេះត្រូវបានដកដោយស្វ័យប្រវត្តិពីប្រាក់ខែរបស់អ្នកហើយផ្ទេរទៅគណនីចូលនិវត្តន៍វាងាយស្រួលជាង។ ឧទាហរណ៍៖ ជាមួយនឹងប្រាក់ចំណូល ៥០ ០០០ ដុល្លារក្នុងមួយឆ្នាំ អ្នកបានកំណត់គោលដៅនៃការសន្សំ ១០ ភាគរយនៃប្រាក់ខែ ហើយនៅចុងឆ្នាំនីមួយៗអ្នកនឹងមានទឹកប្រាក់ ៥ ០០០ ដុល្លារនៅក្នុងគណនីរបស់អ្នក។
ប៉ុន្តែប្រសិនបើអ្នកមិនអនុវត្តសកម្មភាពនេះទេ សំនួរសួរថា តើអ្នកនឹងធ្វើអ្វីដើម្បីរកប្រាក់បាន ៥,០០០ ដុល្លារ? លើសពីនេះទៅទៀត ចំនួនទឹកប្រាក់នេះនឹងនាំមកនូវប្រាក់ចំណេញដល់អ្នក ជាមួយអត្រាធនាគារ ៧% ក្នុងមួយឆ្នាំ។ ឧទាហរណ៍៖ អ្នកនឹងមានរហូតដល់ ៧៥ ម៉ឺនដុល្លារបន្ទាប់ពី ៣៥ ឆ្នាំនិងជាង ១ លានដុល្លារបន្ទាប់ពី ៤០ ឆ្នាំ។ ប្រសិនបើអ្នកធ្វើឲ្យមុខរបបរបស់អ្នកកើនឡើងខ្ពស់ នោះអ្នកនិងអាចរកប្រាក់បានច្រើន ហើយកុំភ្លេចរក្សាចំនួនមួយផ្នែកទុកសម្រាប់ការចូលនិវត្តន៍របស់អ្នក។
ខាងលើ យើងបានណែនាំអ្នកនូវវិធី ៧ យ៉ាងអំពីវិធីធ្វើអោយខ្លួនអ្នកកាន់តែប្រសើរក្នុងការគ្រប់គ្រងលុយ។ តើអ្នកធ្លាប់សាកល្បងវិធីណាមួយក្នុងចំណោមវិធីទាំងនេះទេ?បើមានសូមចែករំលែកបទពិសោធន៍របស់អ្នក។
ដោយ៖ រ័ត្ន ដឺលី