នេះជាប្រភពធំៗចំនួន ៣ ដែលនាំឲ្យមានស្រ្តេសនៅកន្លែងការងារ​



ស្ថានភាពស្ត្រេស ឬសម្ពាធផ្លូវចិត្តនៅកន្លែងការងារហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនទៅៗជារៀងរាល់ឆ្នាំ។ ការស្ទង់មតិរបស់ក្រុមហ៊ុន Gallup នាពេលថ្មីៗនេះបានបង្ហាញថា ៧៩ ភាគរយនៃជនជាតិអាមេរិកមានសម្ពាធផ្លូវចិត្ត ឬ អារម្មណ៍តានតឹងនៅពេលខ្លះ ឬញឹកញាប់។ ចំណែក និយោជិកអាមេរិក ២ ភាគ ៣  ដែលធ្វើការពេញម៉ោងបានទទួលរងផលប៉ះពាល់ដោយសារតែជំងឺស្ត្រេសនេះ។

រីឯការស្ទង់មតិពីក្រុមហ៊ុន ComPsych ដែលជាក្រុមហ៊ុនផ្តល់កម្មវិធីជំនួយដល់បុគ្គលិកក៏ដូចជាធនធាន និងរបាយការណ៍អំពីសុខភាព ព្រមទាំងអាកប្បកិរិយារបស់បុគ្គលិកបានរកឃើញថា ប្រហែលជា ៥៩% នៃនិយោជិកទាំងអស់សារភាពថា ខ្លួនពិតជាកើតមានជំងឺ“ ស្ត្រេសខ្លាំងក្លា” ។ 

ប៉ុន្តែសំនួរដែលបានចោទសួរឡើងនោះគឺថា  តើអ្វីទៅដែលបណ្តាលឲ្យមានស្ត្រេសខ្លាំងនៅកន្លែងការងារ? យោងតាមទិន្នន័យរបស់ក្រុមហ៊ុនដដែលខាងលើ មានមូលហេតុចម្បងចំនួន៣ នោះគឺបន្ទុកការងារច្រើន (មាន៣៩%) បញ្ហាអត្តចរិតរបស់បុគ្គលិកម្នាក់ៗ (មាន៣១%)  និងបញ្ហាតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន (មាន១៩%)។

១) បន្ទុកការងារ
ដំណោះស្រាយ៖ សរសេរកត់ត្រាការងារអាទិភាពដែលអ្នកត្រូវធ្វើក្នុងថ្ងៃនីមួយៗ 
ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ អ្នកនឹងយល់ឃើញថា ការងារណាក៏សំខាន់សម្រាប់អ្នកដែរ ដែលធ្វើឲ្យអ្នកមានភាពច្របូកច្របល់។ ក៏ប៉ុន្តែប្រសិនបើ អ្នកដាក់ការងារនីមួយៗតាមអាទិភាពរបស់វា អ្នកនឹងអាចបំពេញការងារទាំងនោះចប់ចុងចប់ដើម និងប្រកបដោយផលិតភាព។ បន្ទាប់មកវាយតម្លៃមើលថា តើការធ្វើចំណាត់ថ្នាក់របស់អ្នកនោះវាសមរម្យតាមពេលវេលា និងភាពសំខាន់របស់វាហើយឬនៅ?

ប្រសិនបើអ្នកមើលឃើញថា អ្នកមិនអាចធ្វើវាឲ្យរួចរាល់ទាន់ពេលទេនោះ វាជារឿងល្អដែលអ្នកត្រូវពិភាក្សាជាមួយចៅហ្វាយរបស់អ្នក។ អ្នកត្រូវលើកយកហេតុផលមកបកស្រាយឲ្យបានត្រឹមត្រូវចំពោះមុខចៅហ្វាយរបស់អ្នកដែលនាំឲ្យការងារមានភាពយ៉ឺតយ៉ាវ។ 

២) បញ្ហាអត្តចរិតរបស់បុគ្គលិករួមការងារម្នាក់ៗ
ដំណោះស្រាយ៖ ប្រជុំមួយទល់នឹងមួយ ហើយស្នើឲ្យពួកគេនិយាយពីជំហរយល់ឃើញរបស់ពួកគេត្រង់ទៅត្រង់មក
ទំនាក់ទំនងជាមួយមិត្តរួមការងារអ្នកជារៀងរាល់ថ្ងៃ ប្រហែលជាមិនបានធ្វើឲ្យអ្នកដឹងច្បាស់ថា វាអាចជាមូលហេតុធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងបែបណានោះទេ។ តើរបៀបធ្វើការងារផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់នោះមានលក្ខណៈបែបណា?  តើពួកគេនឹងមានប្រតិកម្មយ៉ាងណាចំពោះយោបល់របស់អ្នក? តើពួកគេកំពុងមានកង្វល់អ្វីខ្លះ? វិធីដ៏មានប្រសិទ្ធិភាពមួយដើម្បីបំបែកភាពតានតឹងមួយនេះគឺសាកសួរពីអ្វីដែលជំហរយល់ឃើញរបស់ពួកគេនៅពេលនេះ?

នៅពេលដែលអ្នកបានលើកទឹកចិត្តឲ្យក្រុមការងារទាំងនោះចែករំលែកនូវអ្វីដែលពួកគេចង់និយាយ អ្នកនឹងទទួលបានពីគោលជំហរពិតប្រាកដរបស់ពួកគេ ហើយអាចស្វែងរកដំណោះស្រាយថ្មីៗសម្រាប់លើកកម្ពស់វប្បធម៌ទំនាក់ទំនងល្អនៅក្នុងកន្លែងការងារ។ ទន្ទឹមនឹងនេះ វាជួយឲ្យក្រុមការងារម្នាក់ៗចាប់ផ្តើមការសន្ទនា និងយល់ចិត្តថ្លើមគ្នាជាងមុន។

៣) បញ្ហាតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន
ដំណោះស្រាយ៖ ពេលដើរ ឬសម្រាក គិតពីអ្វីដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរ និងអ្វីដែលអ្នកចង់ផ្លាស់ប្តូរ
គ្មានឡើយការធ្វើឲ្យមាន តុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន។ ប៉ុន្តែ អ្នកពិតជាអាចធ្វើឲ្យសម្ពាធការងាររបស់អ្នកកាត់បន្ថយបាន ហើយអាចត្រឡប់មកផ្ទះវិញប្រកបដោយថាមពលដើម្បីធ្វើការងារផ្សេងដែលទាក់ទងទៅនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ 

បញ្ហានេះអាចដោះស្រាយបាននៅពេលដែលអ្នកជជែកដេញដោលសួរខ្លួនឯងថា តើអ្នកគួរធ្វើការងារអ្វី ឬត្រូវធ្វើអ្វីខ្លះដើម្បីឲ្យជីវិតរបស់អ្នកមានការផ្លាស់ប្តូរ?  អ្នកត្រូវរកឲ្យឃើញនូវភាពជោគជ័យសម្រាប់ខ្លួនឯង កំណត់បញ្ហា ប្រឈមនានាក្នុងជីវិត និងក្តីសង្ឃឹមនៅក្នុងជីវិត។ អ្នកត្រូវរៀនសូត្រពីបញ្ហាឧបសគ្គ បទពិសោធន៍ និងអ្វីដែលអ្នកកំពុងប្រឈមមុខ ពីព្រោះទាំងនេះសុទ្ធតែជាមេរៀនដ៏ល្អដែលអាចជួយឲ្យអ្នករកឃើញគុណតម្លៃថ្មីសម្រាប់ជីវិតរបស់អ្នកជាពិសេសទាក់ទងទៅនឹងអាជីពការងាររបស់អ្នកតែម្តង៕ 

ប្រភព៖ Entrepreneur 

 

X
5s