ជ្រើសរើសអាជីពឬអាជីវកម្មមួយមិនខុសពីជ្រើសរើសស្នេហាឡើយ ៤ ចំណុចខាងក្រោមនឹងពន្យល់អ្នក
ពាក្យថាស្នេហា ឬការជ្រើសរើសគូជីវិតមិនមែនជារឿងលេងសើចដូចជ្រើសរើសសំលៀកបំពាក់ទេ បើជ្រើសរើសត្រូវវាធ្វើឲ្យអ្នកជួបសុភមង្គល តែក្នុងករណីអ្នកជ្រើសរើសគូជីវិតខុសអ្នកនឹងត្រូវជួបតែរឿងហត់នឿយ និងរស់នៅជាមួយភាពសោកសៅស្ទើរពេញពាក់កណ្ដាលជីវិត។
យ៉ាងណាមិញ ការជ្រើសរើសអាជីវកម្ម ឬចាប់យកអាជីពការងារមួយក៏មិនខុសពីការជ្រើសរើសស្នេហាដែរ បើអ្នកគ្រាន់តែគិតថាចង់បើករបររកស៊ីមួយ ឬការងារមួយដូចគេឯងដែរ អ្នកនឹងប្រឈមជាមួយបញ្ហាច្រើនជាងអ្នកដែលបានកំណត់ក្តីស្រលាញ់ច្បាស់លាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ពិតណាស់នរណាក៏ចង់ល្អនរណាក៏ចង់មានបាន ឃើញមនុស្សនៅជុំវិញខ្លួនមានអាជីវកម្មផ្ទាល់ខ្លួនអាចរកចំណូលបាន និងពង្រីកកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ខណៈដែលអ្នកដទៃអាចស្វែងរកក្តីសុបិនរបស់ខ្លួន ចាប់ពង្រីកអាជីវកម្ម ឬបង្កើនជំនាញសន្សំបទពិសោធន៍ការងារដើម្បីអភិវឌ្ឍន៍ខ្លួនកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកដែលគ្មានគោលដៅច្បាស់លាស់ក៏ចាប់ផ្តើមចាប់ស្រវាការងារ ឬអាជីវកម្មមួយទាំងមិនដឹងច្បាស់ថាខ្លួនឯងសក្តិសម ពេញចិត្ត និងមានជំនាញលើការងារទាំងអស់នេះឬអត់ផង។ វាជាផលលំបាកមួយដែលមិនត្រឹមតែជះឥទ្ធិពលដល់ខ្លួនប៉ុណ្ណោះទេ វាក៏ផ្តល់ផលប៉ះពាល់ដល់អ្នកដទៃផងដែរបើកាលណាអ្នកចាប់អ្វីទាំងដែលគ្មានការរៀបចំផែនការច្បាស់លាស់។
តែអ្នកអាចធ្វើការពិសោធន៍បានថា អ្នកពិតជាស្រលាញ់អាជីវកម្ម ឬអាជីពការងារមួយនោះមែន ឬគ្រាន់តែជាការយល់ច្រលំក្តីស្រលាញ់មួយឆាវ តាមការវិភាគមួយចំនួនដូចខាងក្រោម៖
១) អាជីវកម្ម ឬអាជីពការងារនោះត្រូវជំនាញ និងក្តីស្រលាញ់របស់អ្នក
វាមិនផ្តោតលើការសិក្សាតែមួយមុខទេ ព្រោះមិនមែនអ្នកដែលចប់មហាវិទ្យាល័យទាំងអស់សុទ្ធតែធ្វើការងារតាមជំនាញដែលខ្លួនបានបញ្ចប់ទាំងអស់នោះដែរ។ អាជីវកម្មក៏ដូចគ្នា កាលណាបើអ្នកចាប់យកអាជីវកម្មមួយដែលកើតចេញពីក្តីស្រលាញ់របស់អ្នក បូកផ្សំជាមួយជំនាញដែលអ្នកមាន ឬហៅថាដុង ទើបវាជួយជម្រុញឲ្យដំណើរការអាជីវកម្មនោះទៅដោយរលូន។ វាប្រៀបបាននឹងស្នេហារវាងមនុស្សពីរនាក់ដែលកើតចេញពីក្តីស្រលាញ់ពិត អ្នកមិនងាយនឹងងាករេចិត្តហើយបោះបង់ចោលទេ។
២) ហត់យ៉ាងណាក៏អ្នកនៅតែពេញចិត្តជាមួយអាជីវកម្ម ឬអាជីពមួយនេះ
អ្នកអាចពិសោធន៍ដឹងថាអ្នកចាប់យកអាជីវកម្ម ឬអាជីពការងារមួយនេះត្រឹមត្រូវឬទេលើចំណុចមួយនេះ ព្រោះបើទោះជាអ្នកត្រូវហត់នឿយយ៉ាងណា ក៏អ្នកនៅតែស្រលាញ់ពេញចិត្តក្នុងការធ្វើវាបន្តទៀត ឧទាហរណ៍ដូចជាគ្រូបង្រៀនពិតណាស់ថាពួកគាត់ហត់ត្រូវឈរបង្រៀនសិស្សផងស្រែកផង អប់រំសិស្សទៀតតែគាត់នៅតែធ្វើព្រោះគាត់ស្រលាញ់អាជីពនេះ។ ដោយឡែកអ្នកបើកអាជីវកម្មលក់ម្ហូបអាហារ ឬអ្នកធ្វើតុការជាដើម ខ្លួនត្រូវមានជំនាញខាងធ្វើម្ហូប ត្រូវរ៉ាប់រងធ្វើម្ហូបផង គ្រប់គ្រងបុគ្គលិកផង បើមនុស្សដែលធ្វើយ៉ាងណាកុំឲ្យស្ទះម្ហូបពេលភ្ញៀវមកដល់ បើមនុស្សដែលគ្មានចិត្តអំណត់ស្រលាញ់ការងារអាជីវកម្មមួយនេះទេគឺមិនអាចទៅរួចទេ។ តែពួកគាត់នៅតែពេញចិត្តក្នុងការបន្តដំណើរជីវិតអាជីវកម្មមួយនេះ ហើយធ្វើវាដោយរីករាយបំផុត វាមិនខុសពីស្នេហាមួយទេបើអ្នកពិតជាស្រលាញ់ដៃគូរបស់អ្នកមែន ទោះជាអ្នកជួយបញ្ហាអ្វីក៏អ្នកនៅតែពេញចិត្តជាមួយស្នេហានេះ។
៣) អាជីពការងារ ឬអាជីវកម្មនេះផ្តល់កម្លាំងឲ្យអ្នកបន្តទៅមុខ
ក្នុងជីវិតរស់នៅគ្មានឡើយមនុស្សដែលមិនជួបឧបសគ្គ ជីវិតការងារ ឬអាជីវកម្មក៏ដូចគ្នាដែរបើគ្មានឧបសគ្គ អ្នកមិនអាចរឹងមាំបានទេ។ បើអ្នករកឃើញថានៅពេលអ្នកជួបបញ្ហាឧបសគ្គចំពោះការងារឬអាជីវកម្ម តែបញ្ហាទាំងនោះវាបានផ្តល់កម្លាំងដល់អ្នកដើម្បីក្រោកឈរដើរបន្តទៀត ផ្តល់បទពិសោធន៍មេរៀនល្អៗ និងរីករាយជាមួយការប្រឈមដោះស្រាយនឹងបញ្ហា ទាំងនេះវាបញ្ជាក់យ៉ាងច្បាស់ថាអ្នកកំពុងជ្រើសយកអាជីព ឬអាជីកម្មមួយត្រឹមត្រូវហើយ។
៤) កុំទាន់ថាស្រលាញ់នៅពេលដែលអ្នកមិនទាន់ជួបបញ្ហា
វាជាការពិតដែលមិនអាចប្រកែកបាន ដែលមនុស្សគ្រប់គ្នាសុទ្ធតែស្រលាញ់ភាពស្រស់ស្អាត ហើយក៏រឹតតែមិនខុសដែលថាយើងនឹងបោះបង់អ្វីមួយនៅពេលដែលវាខូចខាត ឬចាប់ផ្តើមមានបញ្ហា ឬអស់សម្រស់ ឬធ្វើឲ្យអ្នកមានអារម្មណ៍ថាមានផាសុកភាពដូចពេលដំបូង។ សម្រេចចិត្តចាប់យកអាជីវកម្មអ្នកបានស្រមៃឃើញពីភាពស្រស់ស្អាត និងដំណើរនៃការរីកលូតលាស់របស់អាជីវកម្មមួយនោះគឺពិតជាមានភាពស្រស់បំព្រងហើយអ្នកក៏មិនសូវជាព្យាករណ៍បានច្បាស់ដែរពីបញ្ហាដែលនឹងកើត។ តែអ្វីៗមិនដូចការគិតរបស់អ្នកទាំងស្រុងទេ ជួនកាលការព្យាករណ៍ចំពោះបញ្ហាដែលអ្នកបានគិតទុក វាបែរជាច្រើនលើសលប់ស្មានមិនដល់ក៏ថាបាន។ ក្នុងដំណាក់កាលនេះហើយដែលមនុស្សភាពច្រើនតែងបោះបង់ចោលក្តីស្រមៃ ការគូសវាសផ្លូវដើរយ៉ាងស្រស់ស្អាតនាំគេទៅកាន់ភាពជោគជ័យ ព្រោះគេមិនអាចទ្រាំទ្រជាមួយបញ្ហាឧបសគ្គ និងការឈឺចាប់បាន ហើយនេះក៏មកពីគេមិនទាន់ស្គាល់ច្បាស់ថាអ្វីជាក្តីស្រលាញ់ អ្វីជាបញ្ហា អ្វីជាការជំនះជាមួយភាពឈឺចាប់។ បើធៀបជាមួយស្នេហាវិញគឺដូចគ្នាបេះបិតតែម្តង នៅពេលដែលគូស្នេហ៍មួយគូចាប់ផ្តើមស្រលាញ់គ្នា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ហើយបានគូសវាសផ្លូវដ៏ស្រស់បំព្រងសម្រាប់ដំណើរជីវិត។ តែអ្វីដែលពួកគេខ្វះចន្លោះគឺការសិក្សាពីគ្នាឲ្យបានច្បាស់ ពួកគេនៅមិនទាន់ដឹងនៅឡើយទេថាម្នាក់ៗនឹងក្លាយជាមនុស្សបែបណានៅពេលមានបញ្ហាកើតឡើង រវាងពួកគេទាំងពីរនឹងនៅតែនិយាយល្អជាមួយគ្នាបានទេពេលមានកំហឹង ហើយពួកគេនឹងដោះស្រាយបញ្ហាដែលកើតមានឡើងដោយវិធីណា។ បើគេអាចស្វែងរកដំណោះស្រាយដោយការនិយាយគ្នា ហើយរកកំហុស កំហឹងដែលកើតមានឡើងជាមេរៀននិងមិនធ្វើវាម្តងទៀត គេច្បាស់ជានៅតែអាចបន្តដំណើរជាមួយគ្នាបាន។ ដោយឡែកបើពួកគេមិនអាចរកផ្លូវចេញសម្រាប់បញ្ហាទេ ពួកគេច្បាស់ជាត្រូវចែកផ្លូវគ្នាដើររៀងខ្លួន ហើយក្តីស្រលាញ់មួយនេះនឹងមិនអាចបន្តទៅមុខជាមួយគ្នាបានឡើយ៕
ដោយ៖ យ៉ាយ៉ា