អ្នកជឿថា ជំនឿ ៤នេះ ធ្វើឲ្យអ្នកជោគជ័យ តែតាមពិតផ្ទុយស្រឡះ​



មានពេលខ្លះអ្នកប្រហែលជាជឿស្លុងទៅលើគំនិតខ្លួនឯងរហូតដល់ធ្វើឲ្យនរណាម្នាក់កផ្លាស់ប្តូរគំនិតរបស់អ្នកមិនបាន។ នៅពេលឈរនៅជ្រុងមួយនៃគំនិតរបស់អ្នក អ្វីដែលអ្នកយល់ឃើញគឺជារឿងត្រឹមត្រូវ ប៉ុន្តែវាអាចជារឿងខុសប្រសិនបើវាស្ថិតនៅជ្រុងម្ខាងទៀតរបស់អ្នកដទៃ។ ហេតុដូច្នេះហើយ រាល់គំនិត ទស្សនៈយល់ឃើញ ឬជំនឿអ្វីមួយ វានឹងជះឥទ្ធិពលល្អឬអាក្រក់ អាស្រ័យត្រង់ថាអ្នកបានវិភាគគ្រប់ជ្រុងជ្រោយ និងមានការផ្លាស់ប្តូរយល់ពីអ្នកជំនាញបានស៊ីជម្រៅកម្រិតណា។ 

ឥឡូវនេះ សាកល្បងយកជំនឿ ៤ ខាងក្រោមនេះទៅវិភាគមើល៍ថា តើអ្នកធ្លាប់មានគំនិតបែបនេះរហូតមកឬយ៉ាងណា? ប្រសិនបើចម្លើយវិជ្ជមានមែននោះ អ្នកត្រូវតែផ្លាស់ប្តូរការគិតតាមដែលអាចធ្វើបាន។ 

ជំនឿទី១៖ មានលុយ មានអំណាច និងមានកេរ្តិឈ្មោះ គឺជាភាពជោគជ័យ
មនុស្សដែលឲ្យតម្លៃទៅលើភាពជោគជ័យរបស់អ្នកណាម្នាក់ដោយផ្អែកទៅលើលុយ  អំណាច និងកេរ្តិឈ្មោះ មានន័យថា បុគ្គលនោះកំពុងឈរនៅកន្លែងមួយដ៏ងងឹតស្លុង។ បើអ្នកជឿស្លុងក្នុងទស្សនៈមួយនេះ អ្នកក៏មិនបានស្គាល់អ្វីដែលហៅថា គុណតម្លៃនៃការខិតខំព្យាយាម និងភាពជោគជ័យរបស់អ្នកដែរ។ 

ការពិត៖ ភាពជោគជ័យគឺអារម្មណ៍មួយដែលកើតចេញពីភាពជឿជាក់  ការផ្តល់អំណាច និងការប្តេជ្ញាចិត្តដើម្បីគុណតម្លៃមួយជារបស់អ្នក។ គុណតម្លៃដែលជារបស់ អ្នកវាត្រូវតែជាអ្វីដែលកើតចេញពីការខិតខំរបស់អ្នក។ មនុស្សជោគជ័យជាប់ចិត្តនឹងសេចក្តីពិតរបស់ខ្លួននេះដោយជ្រើសរើសអ្វីដែលខ្លួនតម្លៃបំផុតដល់ខ្លួនឯង និងអាជីវកម្ម។

ជំនឿទី២៖ ជោគជ័យគឺជាការខិតខំប្រឹងប្រែង និងត្រូវការពេលយូរទើបសម្រេចបាន
បុគ្គលដែលមានជំនឿថា វាត្រូវការពេលយូរ និងទាមទារឲ្យមានការខិតខំប្រឹងប្រែងឲ្យខ្លាំងបំផុតទើបទទួលបានជោគជ័យ បុគ្គលនោះនឹងធ្លាក់ទឹកចិត្ត និងបាត់បង់ការប្តេជ្ញាចិត្តដើម្បីធ្វើសកម្មភាពនោះ។ ប៉ុន្តែនោះមិនមែនជាកំហុសអ្នកទេ! ហេតុអ្វី? ពីព្រោះបើភាពជោគជ័យហាក់ដូចជានៅឆ្ងាយពីដៃអ្នក ឬមិនអាចសម្រេចបាន មនុស្សទូទៅនឹងចាប់ផ្តើមរកលេសពីមូលហេតុដែលនាំឲ្យមិនជោគជ័យ។

ការពិត៖ ការប្រឹងប្រែងព្យាយាមក្នុងរយៈពេលយូរអង្វែងមួយមិនអាចធានាបានថា អ្នកនឹងជោគជ័យបានទេ។ ការពិត ភាពជោគជ័យអាចកើតឡើងក្នុងមួយប៉ព្រិចភ្នែក និងងាយៗទៀតផង។ ប្រសិនបើអ្នកមានជំនាញវិជ្ជាជីវៈល្អត្រឹមត្រូវ ឬទេពកោសល្យណាមួយ អ្នកអាចជោគជ័យបានដោយខិតខព្យាយាមតែបន្តិចបន្តួចប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ  អ្នកអាចធ្វើឲ្យវាសម្រេចបានបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃបានមុនសម្រេចបានភាពជោគ័យធំណាមួយរបស់អ្នក។

ជំនឿទី៣៖ មនុស្សជោគជ័យជាមនុស្សអាត្មានិយម និងគិតតែពីប្រយោជន៍ខ្លួនឯង
អ្នកដែលយល់ថា បុគ្គលជោគជ័យជាមនុស្សអាត្មានិយម និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាទូទៅបុគ្កលនោះជាមនុស្សដែលបាត់បង់ទំនុកចិត្តលើខ្លួនឯង ជំងឺតួរឯក និងជាមនុស្សបរាជ័យ។ ការយល់ឃើញបែបនេះ គ្មានអ្វីក្រៅតែពីធ្វើឲ្យបុគ្គលជោគជ័យមើលមកពួកគេវិញថា ជាមនុស្សឆោតល្ងង់ ឬច្រណែនឈ្នានីសឡើយ។  

ការពិត៖ អ្នកមិនអាចរកឃើញបុគ្គលជោគជ័យពិតប្រាកដម្នាក់តារយៈការផ្តោតលើអ្វីដែលនៅពីខាងក្រៅខ្លួននោះឡើយ។ មុននឹងក្លាយជាមនុស្សជោគជ័យ ពួកគេត្រូវហែលឆ្លងកាត់ជាអ្នកដែលត្រូវត្រួសត្រាយផ្លូវឲ្យខ្លួនឯង ខិតខំកែប្រែចំណុចខ្វះខាត រៀនសូត្រហ្វឹកហាត់ចំណេះជំនាញរបស់ខ្លួន និងដាក់ចិត្តចែករំលែកគុណតម្លៃឲ្យអ្នកដទៃកាន់តែច្រើនឡើង។ ការលើកទឹកចិត្តឲ្យមានគុណតម្លៃ ការចែករំលែក និងគំនិតល្អៗ គឺជាលក្ខណៈសម្បត្តិរបស់មនុស្សជោគជ័យ។

ជំនឿទី៤៖ ចង់ជោគជ័យលុះត្រាតែបានចូលសាលារៀន
មនុស្សមួយចំនួនយល់ថា ការទទួលបានសញ្ញាបត្រ ឬត្រូវឆ្លងកាត់ការសិក្សារនៅគ្រឹះស្ថានសិក្សាផ្សេងៗស្របតាមគោលការណ៍ប្រព័ន្ធអប់រំទើបអាចធ្វើឲ្យខ្លួនជោគជ័យ។ មាននិស្សិតខ្លះសុខចិត្តជំពាក់បំណុលគេ ដើម្បីយកលុយទៅបង់សាលា ឬទៅរៀនបន្តទៀត ហើយក៏មានអ្នកខ្លះទៀតយល់ថា ត្រូវតែប្រឡូកក្នុងសាលាឲ្យបានច្រើនសិនទើបចាំចេញរកលុយតាមក្រោយ។ ការយល់ឃើញបែបនេះវាមិនខុសទេ ហើយវាក៏មិនត្រូវទាំងស្រុងដែរ។ 

ការពិត៖ ចង់ក្លាយជាមនុស្សជោគជ័យម្នាក់ អ្នកមិនចាំបាច់ចូលសាលារៀន ហើយត្រូវរៀនឲ្យពូកែដូចសិស្សនិស្សិតដទៃទៀតទេ។ ពេលខ្លះវាអាចធ្វើឲ្យអ្នកខាតពេល ខណៈការចំណាយលើការបង់សាលាក៏មានចំនួនច្រើន។ ការពិតទៅ សាលារៀនគ្រាន់តែជួយឲ្យចេះទ្រឹស្តី និងបានរីកចម្រើនទៅមុខ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងវាអាស្រ័យលើអនុវត្តរបស់អ្នកតែប៉ុណ្ណោះ។ សូមចាំថា ការស្រូបយកចំណេះដឹងមិនចាំបាច់ទាល់តែអង្គុយក្នុងថ្នាក់នោះឡើយ។ ការរៀនសូត្រពីសង្គមជុំវិញ ការអនុវត្ត រៀនសូត្រពីមនុស្សជោគជ័យ វគ្គខ្លី រាប់អានមនុស្សត្រូវ រកស៊ី ចេះប្រើសមត្ថភាព ជាដើម សុទ្ធតែគន្លឹះធ្វើឲ្យអ្នកជោគជ័យ៕

ប្រភព៖ Entrepreneur 

 

X
5s