Jack Ma និង Elon Mask កំពុងភ័យថា ពិភពលោកនឹងប្រឈមមុខនឹងរឿងមួយនេះនៅពេលអនាគត​



នៅពេលគេនិយាយពីប្រធាបទស្តីអំពីអនាគតរបស់មនុស្សជាតិ មហាសេដ្ឋីចិន Jack Ma និងមហាសេដ្ឋីអាមេរិកលោក Elon Musk មានភាពខ្វែងគំនិតគ្នាជុំវិញសន្ទុះភាពរីកចម្រើននៃការប្រើប្រាស់បញ្ញាសប្បនិម្មិត (Artificial Intelligence)។ សម្រាប់លោក Jack Ma លោកមានសុទិដ្ឋិនិយមចំពោះបច្ចេកវិទ្យានេះ ខណៈដែលលោក Elon Musk យល់ឃើញផ្ទុយពីនេះ។

យ៉ាងណាមិញ មហាសេដ្ឋីកំពូលៗក្នុងលោកមកពីបណ្តាប្រទេសមហាអំណាចពីរផ្សេងគ្នាខាងលើបានគំនិតយល់ឃើញរួមគ្នាមួយពីហានិភ័យគួរឲ្យព្រួយបារម្ភដែលពិភពលោកនឹងត្រូវប្រឈមមុខនៅពេលអនាគត។ ផ្អែកតាមគំនិតរបស់មហាសេដ្ឋីទាំងពីរនេះ បញ្ហាប្រឈមដែលពិភពលោកនឹងជួបប្រទះនោះគឺការ “ធ្លាក់ចុះយ៉ាងគំហុកនៃចំនួនប្រជាជន”។

ថ្លែងនៅក្នុងវេទិកាស្តីអំពីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ពិភពលោកដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Musk បានថ្លែងដូច្នេះថា៖ «មនុស្សជាច្រើនយល់ថា ពិភពលោកយើងឥឡូវនេះមានមនុស្សច្រើនណាស់ ប៉ុន្តែការពិតនេះគឺជាទស្សនៈចាស់គំរិលមួយ។ ឧទាហរណ៍ថា មនុស្សយើងចាប់ផ្តើមប្រើប្រាស់ AI កាន់តែច្រើនឡើង នៅពេលអនាគត ខ្ញុំគិតថា បញ្ហាប្រឈមរបស់ពិភពលោកនៅក្នុងរយៈពេល ២០ឆ្នាំទៅមុខទៀត គឺការធ្លាក់ចុះប្រជាជនយ៉ាងគំហុក។»

«បញ្ហានៅ ២០ឆ្នាំខាងមុខ គឺប្រជាជននឹងដាំក្បាលចុះ ។ ប្រជាជនមិនមានកំណើនទៀតទេ។ វាធ្លាក់ចុះយ៉ាងគំហុកតែម្តង»។ នេះជាការគាំទ្រ របស់លោក Jack Ma ទៅនឹងទស្សនៈរបស់មហាសេដ្ឋី Elon Musk។ លោកបន្តថា៖« ខ្ញុំគាំទ្រសម្តីរបស់គាត់ទាំងស្រុង។ ប្រជាជនចិន ១,៤ ពាន់លាននាក់មើលទៅច្រើនសម្បើមណាស់ ប៉ុន្តែនៅ ២០ឆ្នាំទៀត យើងនឹងជួបបញ្ហាប្រជាជនធ្លាក់ចុះ ហើយល្បឿនធ្លាក់ចុះនេះនឹងកាន់តែលឿន។ យើងអាចហៅថា ជាការធ្លាក់ចុះយ៉ាងគំហុកតែ្តង»។ 

ទស្សនៈយល់ឃើញរបស់មហាសេដ្ឋីទាំងពីររូបនេះត្រូវបានគេមើលឃើញថា មានភាពស៊ីសង្វាក់គ្នាជាមួយនឹងការព្យាករណ៍នានាដែលថា កំណើនប្រជាជនសាកលលោកនឹងនៅទ្រឹងជាលើកដំបូងក្នុងយុគសម័យទំនើបនេះនៅ ប៉ុន្មានទសវត្សរ៍ខាងមុខ ជាពិសេសនៅចុងឆ្នាំ ២១០០ តែម្តង។ ការធ្លាក់ចុះនេះដោយសារតែកត្តាចម្បងមួយគឺអត្រាពន្យារកំណើតមានការកើនឡើង។ 

របាយការណ៍ UN និយាយថា ទោះបីជាឆ្នាំ ២១០០ ប្រជាជននៅតំបន់អាហ្វ្រិកនៅតែមានកំណើន ប៉ុន្តែកំណើនប្រជាជននៅតំបន់អាមេរិក អឺរ៉ុប និងអាស៊ីនឹងមានការធ្លាក់ចុះ៕ 

ប្រភព៖ CNBC

 

X
5s