ធ្វើដូចម្តេចឲ្យចិត្តរបស់អ្នករឹងមាំក្រោយពេលត្រូវបានគេបោះបង់?​



ធ្វើដូចម្តេចឲ្យចិត្តរបស់អ្នករឹងមាំក្រោយពេលត្រូវបានគេបោះបង់? នេះជាសំនួរដ៏ពេញនិយមមួយរបស់អ្នកដែលបរាជ័យក្នុងរឿងដៃគូជីវិត។ សំនួរមួយនេះមិនពិបាកឆ្លើយនោះទេ ក៏ប៉ុន្តែវាបានបង្កប់នូវចម្លើយដែលពិបាកអនុវត្តសម្រាប់អ្នកមានវិបត្តិស្នេហា ជាពិសេសនៅពេលថ្មីថ្មោង។

យ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្តដែលពិបាករកចម្លើយដ៏ពិតប្រាកដសម្រាប់ដោះស្រាយវិបត្តិមួយនេះ អត្ថបទនេះនូវតែព្យាយាមផ្តល់ចម្លើយចំនួន ៥ ចំណុចសំខាន់ៗខាងក្រោមសម្រាប់ជួយលើកទឹកចិត្តអ្នកឲ្យរំដោះខ្លួនរួចផុតពីភាពអាប់អួរក្នុងដំណើរជីវិតគូររបស់អ្នក។   

១) ទុកឲ្យពេលវេលាមកព្យាបាលភាពឈឺចាប់របស់អ្នក 
ទំនាក់ទំនងស្នេហាដែលទើបនឹងបញ្ចប់ដូចជា ត្រូវគូរស្នេហ៍បោះបង់ ឬឈប់ស្រលាញ់នឹងធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់។ វាជារបួសផ្លូវចិត្តដ៏គ្រាំគ្រាមួយដែលពិបាកនឹងពិពណ៍នា និងពិបាកទទួលយកណាស់។ ក៏ប៉ុន្តែ អ្នកមិនចាំបាច់អ្វីមកចាប់បង្ខំខ្លួនឯងឲ្យបំភ្លេចអនុស្សាវរីយ៍ទាំងនោះបាននៅក្នុងពេលដ៏ខ្លីនោះទេ ។ អ្នកអាចបណ្តែតបណ្តោយវាមួយអស់ខ្យល់សិនទៅ។ 

សូមចាំថា ភាពសោកសៅ កំហឹង ឈឺចាប់ ភាពអាម៉ាស់ អារម្មណ៍ធុញថប់ អស់កម្លាំងចិត្ត ឬបាត់បង់ពន្លឺជីវិតក្នុងអំឡុងពេលនេះ គឺវាគ្រាន់តែជាអារម្មណ៍កើតឡើងមួយពេលប៉ុណ្ណោះ ហើយនរណាក៏ធ្លាប់ជួបដែរ។ ចាប់ទុកថា វាជារឿងទូទៅរបស់មនុស្ស ហើយត្រូវជឿជាក់ថា ពេលវេលាប្រាកដជាអាចព្យាបាលវាបាន។

២) ធ្វើអ្វីផ្សេងដែលមានប្រយោជន៍ដើម្បីប្រឡប់ចិត្តរបស់អ្នក
នៅពេលស្នេហាបែកបាក់ភ្លាមៗ អ្នកមិនអាចធ្វើចិត្តបានទាំងស្រុងបានទេ។ អារម្មណ៍នឹក ស្រលាញ់ ឬភាពសោស្តាយនៅតែពុះកញ្ជ្រោលក្នុងចិត្តរបស់អ្នកនៅឡើយ។  ហេតុដូច្នេះហើយ អ្នកត្រូវហាមខ្លួនឯងដាច់ខាត កុំប្រើប្រាស់អារម្មណ៍ខូចចិត្តនេះទៅសេពគ្រឿងស្រវឹង គ្រឿងញៀន ឬអំពើឧបាយមុខផ្សេងៗទៀតដែលធ្វើឲ្យអ្នកកាន់តែផុងខ្លួនជ្រៅជាងមុន។ 

ជាមួយនឹងពេលវេលារបស់អ្នក អ្នកគួរឈប់ផ្តោតអារម្មណ៍គិតពីវា មកធ្វើអ្វីផ្សេងដែលមានប្រយោជន៍វិញ។ ហាមនៅម្នាក់ឯង ហើយខលហៅជួបជុំ មិត្តភក្តិជជែកពីនេះពីនោះដូចជា ជជែករឿងជំនួញ លេងកីឡា ដើរកម្សាន្ត ឬអាចអានសៀវភៅ សរសេរអត្ថបទ រៀនធ្វើចិត្តឲ្យជ្រះថ្លាដោយការធ្វើបុណ្យ ឬចូលរួមការងារសង្គមឲ្យបានច្រើនជាដើម។ មិនយូរមិនឆាប់ អ្នកនឹងអាចឆាប់បំភ្លេចម្នាក់នោះបានជាមិនខាន។ 

៣) កុំតាមដាន ឬឧស្សាហ៍ឆែកមើល Profile របស់គេពេក
នៅពេលអ្នកនៅស្រលាញ់គេខ្លាំង អ្នកដឹងច្បាស់ណាស់ថា អ្នកមិនចង់ផ្តាច់ទំនាក់ទំនងជាមួយគេភ្លាមៗនោះទេ។ អ្នកនៅចង់ដឹងសុខទុក្ខ បារម្ភពីគេ នឹកគេ ចង់ជួបគេ និងចង់ឲ្យអ្វីៗវិលមកដូចដើមវិញ។ ក៏ប៉ុន្តែ គេគឺជាគេ គេបានជ្រើសរើសផ្លូវរបស់គេ ទុកឲ្យអ្នកជាអ្នកនៅបន្តភាពឈឺចាប់។ យ៉ាងណាមិញ អ្នកត្រូវទទួលស្គាល់ថា គេមានហេតុផលដែលចាកចេញពីអ្នក។ 

បើហេតុផលរបស់គេដើម្បីជួបមនុស្សដែលល្អជាងអ្នក ហើយអ្នកពិតជាស្រលាញ់គេពិតប្រាកដមែននោះ អ្នកគួរលែងដៃគេទៅ។ គេទៅបានសុខហើយ ហើយគ្មានអ្វីដែលអ្នកនៅបន្តចង់ដឹងពីគេ បារម្ភពីគេ ឬយំសោកស្តាយមិនអាចខ្វះគេបាននោះដែរ។ យកល្អឈប់តាមដាន ឈប់ឆាតទៅគេ ឬឧស្សាហ៍ឆែកមើល Profile របស់គេតទៅទៀតអី! បើសិនជាអាច អ្នកគួរផ្អាកលេងបណ្តាញសង្គម ឬប្រព័ន្ធទំនាក់ទំនងមួយរយៈសិនក៏ជាជម្រើសល្អសម្រាប់អ្នកដែរដើម្បីអាចងាយបំភ្លេចម្នាក់នោះបាន។ 

៤) ស្វែងរកទង្វើមិនល្អ ឬ ចំណុចអវិជ្ជមានរបស់គេឲ្យបានច្រើន

គន្លឹះមួយនេះថ្វីត្បិតតែវាមិនមានប្រសិទ្ធិភាពភ្លាមៗ ឬ១០០% ក៏ប៉ុន្តែវាក៏អាចរួមចំណែកមួយធ្វើឲ្យអ្នកកាត់បន្ថយការឲ្យតម្លៃទៅកាន់ម្នាក់នោះដែរ។ សូមកុំគិតតែចំណុចល្អរបស់គេដែលធ្វើមកលើអ្នក បើមិនដូច្នេះទេ ចិត្តរបស់អ្នកនៅតែទន់ជ្រាយទោរទន់ទៅរកគេវិញជាមិនខាន។ ព្យាយាមរកមើល៍ថា តើអតីតមិត្តប្រុស ឬមិត្តស្រីរបស់អ្នកបានធ្វើរឿងមិនល្អអ្វីខ្លះមកលើអ្នក? គាត់ ឬនាងធ្លាប់មិនឲ្យតម្លៃអ្នកត្រង់ណាខ្លះ? តើគាត់ ឬនាងមានចំណុចអវិជ្ជមានអ្វីខ្លះ? 

ចំណុចមិនល្អរបស់គេដែលធ្វើមកលើអ្នក ប្រហែលជាធ្វើឲ្យអ្នកហត់នឿយនឹងការផ្គាប់ចិត្តមិនត្រូវ តាមឃ្លាំមើលកាយវិការមិនស្មោះត្រង់របស់គេ ភាពរឹងរុះ និងឆេវឆាងរបស់គេ ការទម្លាក់កំហុសដោយគ្មានការទទួលខុសត្រូវ ឬមួយទទួលបានពាក្យសម្តីមើលងាយរាប់មិនអស់ក៏ថាបាន។ ទន្ទឹមនឹងនេះយកល្អ អ្នកអាចប្រៀបធៀបគាត់ ឬនាងទៅនឹងអ្នកផ្សេងទៀតថា គេមិនមែនជាមនុស្សចុងក្រោយសម្រាប់អ្នកឡើយ។ មនុស្សល្អម្នាក់ទៀតនឹងចូលមកជំនួសផ្សះផ្សារផ្លូវវិត្តរបស់អ្នកជាមិនខាន។ 

៥) ព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន
វិធីមួយនេះប្រៀបដូចជាការសងសឹកមួយទៅនឹងការបោះបង់របស់គេមកលើអ្នក។ ក៏ប៉ុន្តែសូមកុំគិតទៅរឿងនេះអវិជ្ជមានខ្លាំងពេក។ អ្នកត្រូវដឹងថា កាលទេសៈនេះ អ្នកក៏គួរអរគុណអតីតមិត្តប្រុស ឬមិត្តស្រីរបស់អ្នកដែលបានចាកចេញពីអ្នក ពីព្រោះថា ការចាកចេញ ឬការបោះបង់របស់គេបានធ្វើឲ្យអ្នកក្លាយជាមនុស្សថ្មីដែលកានតែរឹងមាំជាងមុន។ អ្នកក៏ត្រូវគិតដែរថា បើគ្មានការបោះបង់របស់គេ អ្នកក៏គ្មានថ្ងៃដឹងថា  ខ្លួនឯងនៅមានចំណុចខ្សោយអ្វីខ្លះដែរ។ 

ភាពរឹងមាំរបស់អ្នកមិនមែនមានន័យថា អ្នកអាចបំភ្លេចគេបានគឺជាគោលដៅចុងក្រោយរបស់អ្នកនោះទេ។  វាគួរតែជាអ្វីដែលអាចបញ្ជាក់ទៅម្នាក់នោះថា អ្នកបានក្លាយមនុស្សជោគជ័យជាងមុន ល្អជាងមុន ស្អាតជាងមុន និងរឹងមាំជាងមុន។ ការចាប់ផ្តើមដ៏ល្អបំផុតរបស់អ្នក គឺត្រូវខិតខំព្យាយាមអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន សិក្សារៀនសូត្របន្ថែម រៀនជំនាញខ្លី ពង្រឹងជំនាញទំនាក់ទំនងឬ ប្រឹងប្រែងពង្រឹងអាជីពការងារឲ្យកាន់តែមុតស្រួចជាដើម។ រៀនធ្វើការជាមួយមនុស្សជោគជ័យ និងមើលបុគ្គលជោគជ័យជាគំរូ។ 

បន្ថែមលើនេះ អ្នកក៏ត្រូវគិតគួរដល់សុខភាពរបស់អ្នកដូចជា ទទួលទានអាហារដែលមានសុខភាពល្អ ឧស្សាហ៍ចេញទៅហាត់ប្រាណ ជិះកង់ លេងកីឡា ឬធ្វើសកម្មភាពផ្សេងៗទៀតដែលមានប្រយោជន៍ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងបានអភិវឌ្ឍជាងមុន និងដើម្បីបញ្ជាក់ដល់មនុស្សដែលបានបោះបង់អ្នកថា  ពិតជាសោកស្តាយដែលបានដើរចេញពីអ្នក៕

 

X
5s