តើអ្នកគួររៀបចំផែនការអនាគតដោយរបៀបណា?
ជាការពិតហើយ អ្នកមិនអាចរៀបចំផែនការអ្វីមួយសម្រាប់ខ្លួនឯងបានដោយមិនបានមើលឃើញអ្វីសោះជាមុននោះទេ។ រឿងសំខាន់ដែលអ្នកគួរចងចាំក្នុងចិត្តនោះគឺថា អ្នកមិនត្រូវទស្សទាយពីអនាគតរបស់អ្នកទេ។ ប៉ុន្តែអ្នកត្រូវស្រមើស្រមៃពីអនាគតរបស់អ្នកដោយសំអាងលើសកម្មភាពបច្ចុប្បន្នកាលរបស់អ្នកនៅថ្ងៃនេះ។
មានប្រិយមិត្តខ្លះប្រហែលជាកំពុងយល់ថា អនាគតរបស់ខ្លួនប្រៀបដូចជាមនុស្សពិការភ្នែក។ អ្នកប្រហែលជាកំពុងមានសម្ពាធខ្លាំង ហើយមិនអាចគ្រប់គ្រងអ្វីដែលនឹងកើតឡើងចំពោះខ្លួនឯងនៅពេលអនាគត។ សាកអានអត្ថបទនេះ ហើយពិចារណាទាំងអស់គ្នាថា តើវាបានរួមចំណែកអ្វីខ្លះក្នុងការជួយបកស្រាយបំភ្លឺប្រិយមិត្តអ្នកអានលើប្រធានបទនេះ។
១.អ្នកមិនអាចរៀបចំផែនការអ្វីមួយសម្រាប់ខ្លួនឯងបានដោយមិនបានមើលឃើញអ្វីសោះទុកជាមុននោះឡើយ
តាមពិតទៅ កាលៈទេសៈបច្ចុប្បន្នរបស់អ្នកគឺមានឥទ្ធិពលធ្វើឲ្យចក្ខុវិស័យ (អ្វីដែលអ្នកអាចមើលឃើញជាមុន) របស់អ្នកភ្លឺស្វាង។ ក៏ប៉ុន្តែរឿងនេះវាអាចកើតមានបានលុះត្រាតែចក្ខុវិស័យរបស់អ្នកនៅតែស្ថិតនៅដកជាប់ក្នុងផ្នត់គំនិតរបស់អ្នករហូត។ ចក្ខុវិស័យនេះត្រូវតែការពារឲ្យបានជាដាច់ខាតទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ បើមិនដូច្នេះទេ អ្នកមិនអាចធ្វើឲ្យស្ថានភាពរបស់អ្នកល្អប្រសើរឡើងបានទេ។
- សូមគិតពីអ្វីដែលបានកើតមានឡើងយ៉ាងពិតប្រាកដចំពោះរូបអ្នកកាលពី៥ឆ្នាំមុន។ អ្វីៗទាំងអស់ទំនងកើតមានឡើងក្នុងស្ថានភាពខុសគ្នា៖
- មនុស្សថ្មីៗដែលអ្នកស្រលាញ់បានដើរចូលមកក្នុងឆាកជីវិតអ្នកជាបន្តបន្ទាប់ ឬក៏អ្នកមុនៗបានចាកចេញឆា្ងយពីឆាកជីវិតអ្នកជាបណ្តើរៗ
- មុខជំនួញ ឬមុខតំណែងរបស់អ្នកទំនងជាត្រូវបានពង្រីក ពង្រឹងឲ្យខ្លាំងជាមុន ឬបានផ្លាស់ប្តូរទាំងអស់តែម្តង
-អ្វីដែលកើតមានចំពោះអ្នក គឺវាមានប្រភពដើមហេតុរបស់វា។
ឥឡូវនេះសាកស្រមៃថា តើអ្វីទៅសំខាន់ជាងគេសម្រាប់អ្នកនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ? នេះជាសំនួរសំខាន់ដើម្បីបញ្ជាក់ថា អ្នកបានមើលឃើញខ្លួនឯងនឹងក្លាយជាមនុស្សបែបណា។ សូមកុំយកឥទ្ធិពលខាងក្រៅដូចជា ឥទ្ធិពលសេដ្ឋកិច្ច បរិស្ថាន នយោបាយ ឬមនុស្សជុំវិញអ្នកមកធ្វើជាកត្តាជំរុញឲ្យអ្នកក្លាយជាមនុស្សបែបនោះ។
ការមើលឃើញពីអនាគតរបស់អ្នក គឺជារឿងមួយក្នុងចំណោមរឿងមួយចំនួនទៀតដែលអ្នកត្រូវតែគ្រប់គ្រងឲ្យបាន។ បន្ទាប់មក បើអ្នកអាចធ្វើបាន នោះមានន័យថា ការមើលឃើញពីអនាគតរបស់អ្នកមួយនេះ ក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចចូលរួមកសាងអនាគតរបស់អ្នកឲ្យកើតមានឡើងពិតប្រាកដមែន។
២.អ្នកមិនត្រូវទស្សទាយពីអនាគតរបស់អ្នកទេ ប៉ុន្តែអ្នកត្រូវស្រមើស្រមៃពីអនាគតរបស់អ្នក
ជាការពិតហើយ គ្មាននរណាម្នាក់ដឹងថា នឹងមានអ្វីកើតឡើងនៅពេលខាងមុខនោះទេ។ នៅពេលមនុស្សម្នាក់ៗទទួលស្គាល់ចំណុចនេះ បន្ទាប់មកការរៀបចំផែនការសម្រាប់ពេលអនាគតពិតជាការងារដ៏សមហេតុសមផលមួយដែលមនុស្សម្នាក់ៗត្រូវធ្វើ។
ជាក់ស្តែង អ្នកមិនដឹងឡើយថា ខ្លួនឯងនឹងស្លាប់នៅពេលណា អាចពេលបន្តិចទៀត ខែក្រោយ ឆ្នាំក្រោយ ឬនៅ ១០ឆ្នាំខាងមុខ។ ប៉ុន្តែឧទាហរណ៍ថា អ្នករស់បាន ២០០ឆ្នាំ តើអ្នកជីវិតបែបណាដែលអ្នកចង់បាន? តើអ្វីទៅជាអាទិភាពទាំងឡាយរបស់អ្នក? តើនៅពេលនេះ អ្នកគួរធ្វើបៀបណាទើបគំនិតនោះក្លាយជាការពិតបាន?
បើគិតឲ្យលន្លង់លន្លោចបន្តិចពោលគឺពីមុនរហូតមកដល់ឥឡូវតើអ្វីទៅដែលអ្នកសោកស្តាយបំផុត? ការខ្ជះខ្ជាយពេលវេលាមួយឆ្នាំ ឬពីរឆ្នាំទៅនឹងទំលាប់អាក្រក់ ឬគំនិតមិនល្អ គឺជារឿងមួយ ប៉ុន្តែការខ្ជះខ្ជាយពេលវេលាលើរឿងទាំងនេះរហូតដល់ទៅ ១០ ឆ្នាំឬច្រើនជាងនេះគឺជារឿងមួយផ្សេងទៀត។ សូមចាំថា ការស្រមើលស្រមៃមិនមែនជារឿងប្រលោមលោកទេ ។ វាគឺជាសមត្ថភាពរបស់អ្នកក្នុងការបង្កើតប្លង់ជីវិតសម្រាប់ពេលវេលាដែលមិនទាន់មកដល់។
៣.អនាគតរបស់អ្នកបែបណា អាស្រ័យលើសកម្មភាពរបស់អ្នកថ្ងៃនេះ
អ្នកអាចស្រមៃថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ អ្នកនឹងមានផ្ទះមួយល្វែង រថយន្តមួយគ្រឿង ឬលុយ ១០ ម៉ឺនដុល្លារ។ ក៏ប៉ុន្តែសំនួរដែលសំខាន់នោះគឺថា តើអ្នកត្រូវធ្វើដូចម្តេច? ជាថ្មីម្តងទៀត វាគ្មានអ្វីក្រៅពីការរៀបចំផែនការជីវិតឲ្យចេញជាសកម្មភាពដើម្បីសម្រេចបានគោលដៅក្នុងអនាគតរបស់អ្នក។ សកម្មភាពរបស់អ្នកនឹងមិនអាចជោគជ័យបានទេ ប្រសិនបើអ្នករង់ចាំរហូតដល់ថ្ងៃកំណត់មកដល់។
វាត្រូវចាប់ផ្តើមពីការគិតត្រូវ និងធ្វើត្រូវរបស់អ្នកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃនោះបានមកដល់ ឬអាចលើសពីនេះទៅទៀតក៏ថាបាន បើមិនដូច្នេះទេ ពាក្យ “សោកស្តាយ” នៅតែមានវត្តមានបន្តទៀតនៅក្នុងខ្លួនរបស់អ្នក៕
ប្រភព៖ Inc