តើ​ធ្វើ​ដូចម្ដេច​ទើប​យើង​អាច​ក្លាយ​ជា​មនុស្ស​ដែល​អាច​ដឹកនាំ​មនុស្ស​បាន?​



ភាព​ជា​អ្នក​ដឹកនាំ​គឺ​ជា​កម្មសិទ្ធិ​របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​វា​គ្រាន់​តែ​ស្ថិត​នៅ​ក្នុង​គោលដៅ​មួយ​ប៉ុណ្ណោះ ដូច្នេះ​ប្រសិន​បើ​អ្នក​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ នោះ​អ្នក​នឹង​មាន​ឱកាស​បាន​ទៅ​ដល់។ ជា​ការ​ពិត អ្វីៗ​គ្រប់​យ៉ាង​នៅ​លើ​ផែនដី​នេះ​ក្រៅ​ពី​ធម្មជាតិ គឺ​សុទ្ធ​តែ​បង្កើត​ឡើង​ដោយសារ​មនុស្ស ប៉ុន្តែ​អ្នក​ដឹកនាំ​គឺ​ជា​អ្នក​ដឹកនាំ​លើ​មនុស្ស ជា​អ្នក​ដឹកនាំ​បង្កើត​អ្វីៗ​ទាំង​ឡាយ​ដែល​មាន​នៅ​លើ​ផែនដី ដូច្នេះ​សំណួរ​សួរ​ថា តើ​ធ្វើ​ដូចម្ដេច​ទើប​យើង​អាច​ក្លាយ​ជា​មនុស្ស​ដែល​ដឹកនាំ​លើ​មនុស្ស​បាន?

លោកគ្រូ ហោ ចាន់រដ្ឋា អ្នក​ស្រាវ​ជ្រាវ​ភាព​ជា​អ្នក​ដឹក​នាំ និង​ជា​អ្នក​ចងក្រង​សៀវភៅ «ភាព​ជា​អ្នក​មាន​កំពូល» នៅ​ក្នុង​ទិវា​ទូត​សុច្ឆន្ទៈ​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នាំ​២០១៩ ដែល​ស្ដី​អំពី "ភាព​ជា​មាតាបិតា​មនុស្ស​ជាតិ" នា​ក្រសួង​កិច្ចការ​នារី កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៩ បាន​លើក​ឡើង​ថា អ្នក​ដឹកនាំ​ដំបូង​បង្អស់​គឺ​ឪពុក​ម្ដាយ ពួក​គាត់​គឺ​ជា​អ្នក​ដែល​បាន​នាំ​យើង​ឲ្យ​រីក​ចម្រើន​ធំធាត់​មក​ដល់​ថ្ងៃ​នេះ ដូច្នេះប្រសិន​អ្នក​ចង់​ស្វែង​យល់​ពី​ភាព​​ជា​អ្នក​ដឹកនាំ​ អ្នក​អាច​ស្រាវ​ជ្រាវ​ និង​ស្វែង​យល់​ពី​ឪពុក​ម្ដាយ​បាន។ 

លោក​បន្ត​ថា ភាព​ជា​អ្នក​ដឹកនាំ​ គឺ​មក​ពី​ពាក្យ​ អ្នក ផ្សំ​ជា​មួយ​ពាក្យ ដឹកនាំ ដោយ​ពាក្យ​អ្នក​គឺ​សំដៅ​លើ​មនុស្ស​ ដូច្នេះ​ភាព​ជា​អ្នក​ដឹកនាំ គឺ​ស្មើ​នឹង​ភាព​ជា​អ្នក​ដឹកនាំ​មនុស្ស ហើយ​ភាព​ជា​អ្នក​ដឹកនាំ​មនុស្ស​គឺ​មាន​ន័យ​ថា «ភាព​ជា​មាតាបិតា​នៃ​មនុស្ស​ជាតិ»។ យើង​មើល ​ចំពោះ​កូន​បង្កើត​របស់​យើង​គឺ​ជា​ចំនួន​មួយ​ដែល​មាន​កំណត់ ហើយបើ​​ធ្វើ​ការងារ​អ្វី​ចាំ​រំពឹង​តែ​សាច់​ញាតិ​ក្រុម​គ្រួសារ​កូន​ចៅរបស់​​ខ្លួន​គឺ​​វា​​ធ្វើ​ឲ្យ​យើង​មិន​អាច​ធ្វើ​កិច្ចការ​ធំ​បាន​ទេ ជា​ដំណោះ​ស្រាយ​គឺ​យើង​ត្រូវ​ការ​កូន​មិន​បង្កើត​ដែល​ជា​ចំនួន​មួយ​គ្មាន​ដែន​កំណត់​ដើម្បី​ជួយ​យើង។

កូន​មិន​បង្កើត​សំដៅ​លើ​បុគ្គលិក ឬ​បុគ្គល​ដទៃ​ដែល​យើង​ស្រលាញ់​រាប់អាន​ចាត់​ទុក​ដូច​ជា​កូន​ជា​ចៅ​។ បើ​ទោះ​ជា​អ្នក​ស្រលាញ់​សម្ភារៈ​ប្រើប្រាស់​របស់​អ្នក​(ទូរស័ព្ទ,កុំព្យូទ័រ...)​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ក៏​វត្ថុ​ទាំង​នោះ​មិន​អាច​ស្រលាញ់​អ្នក​ត្រឡប់​មក​វិញ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ចំពោះ​មនុស្ស​គឺ​មាន​វិញ្ញាណ​មាន​បង្កប់​ក្ដី​ស្រលាញ់​ដ៏​ផូរផង់​ បើ​អ្នក​ផ្ដល់​ការ​ស្រលាញ់​រាប់​អាន​ចំពោះ​អ្នក​ដទៃ​ដោយ​ទឹក​ចិត្ត​ដ៏​បរិសុទ្ធ​ មនុស្ស​ទាំង​នោះ​នឹង​មាន​ក្ដី​ស្រលាញ់​ដ៏​ស្រស់​ស្អាត​ត្រឡប់​មក​អ្នក​វិញ។

ទំនាក់ទំនង​គឺ​ជា​អំណាច​ដ៏​ធំ​ជាង​គេ​ក្នុង​លោក ហើយ​ទំនាក់​ទំនង​ដែល​ធំ​ជាង​គេ​បំផុត​គឺ​ទំនាក់​ទំនង​គ្រួសារ។ បើ​យើង​ធ្វើ​ល្អ​ដាក់​កូន​បង្កើត​១០០​សូម​រាប់​ត្រឹម​មួយ ព្រោះ​បើ​ធ្វើ​គុណ​ហើយ​ទា​ចង់​បាន​គុណ​ពី​កូន​ នឹង​ធ្វើ​ឲ្យ​កូន​នោះ​លែង​ដឹង​គុណ។ ​មួយ​វិញ​ទៀត​ ចំពោះ​កូន​មិន​បង្កើតវិញ​​បើ​ធ្វើ​ល្អ​ត្រឹម​មួយ​គេ​អាច​នឹង​រាប់​១០០ ដូច្នេះ​ប្រសិន​បើ​ធ្វើ​ល្អ​ដាក់​កូន​មិន​បង្កើត​សូម​កុំ​រំពឹង​ផលតប​ស្នង​ពី​គេ ថ្ងៃ​ណា​មួយ​អំពើ​ល្អ​នោះ​នឹង​ហុច​ផល​ឲ្យ​អ្នក​ដោយ​ខ្លួន​ឯង​មិន​ខាន។ 

អ្នក​មិន​ចាំបាច់​ពិបាក​ទៅ​បង្កើត​កូន​ខ្លួន​ឯង​ឲ្យ​ច្រើន​ដើម្បី​មក​ជួយ​អ្នក​នោះ​ទេ អ្នក​គ្រាន់​តែ​​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​ផ្ដល់​ក្ដី​ស្រលាញ់​និង​ចាត់​ទុក​អ្នក​ដទៃ​គឺ​ជា​កូន​របស់​អ្នក ដូច្នេះ​អ្នកនឹង​​អាច​ជ្រើសរើស​កូន​​ប៉ុន្មាន​ក៏​បាន​អាស្រ័យ​លើ​អ្នក​ចង់​បាន បើ​កាល​ណា​អ្នក​រើស​បាន​កាន់​តែ​ច្រើន​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ភាព​ជា​មាតាបិតា​មនុស្ស​ជាតិ៕

ដោយ៖ ជួប ស្រីរ័ត្ន