បណ្ឌិត ហោ ប៊ុនឡេង៖ ឥទ្ធិពល​សំខាន់​៣ ​រុញ​ច្រាន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​



«ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ទាល់​តែ​យើង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល ហើយ​ឥទ្ធិពល​នោះ​គឺ​មាន​៣​យ៉ាង​គឺ ទី១) កាយសម្បទា​សមសួន, ទី២) សមត្ថភាព​សមសួន និង​ទី៣) ភាព​សមសួន​ក្នុង​ភាព​ជា​គំរូ» នេះ​ជា​ការ​ចែក​រំលែក​របស់​ ឯកឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត​ ហោ ប៊ុនឡេង អនុប្រធាន​អាជ្ញាធរ​ជាតិ​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​អេដស៍ បាន​លើក​ឡើង​នៅ​ក្នុង​​ទិវា​ទូត​សុច្ឆន្ទៈ​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នាំ​២០១៩ ដែល​ស្ដី​អំពី "ភាព​ជា​មាតាបិតា​មនុស្ស​ជាតិ" នា​ក្រសួង​កិច្ចការ​នារី កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ។

នា​ឱកាស​នៃ​កម្មវិធី ឯកឧត្ដម​ បណ្ឌិត ហោ ប៊ុនឡេង បាន​ចែក​រំលែក​ថា ឥទ្ធិពល​ទី១ កាយ​សម្បទា​សមសួន៖ តើ​យើង​មាន​កាយ​សម្បទាន​សមសួន​ឬ​ទេ? ពាក្យ​ថា​កាយ​សម្បទា​សមសួន​គឺ​មាន​ន័យ​ថា ជា​មនុស្ស​ដែល​មាន​គ្រប់​លក្ខណៈ​សម្បត្តិ មាន​ភាព​មាំមួន និង​ស្វាហាប់។ 

ឥទ្ធិពល​ទី២ មាន​សមត្ថភាព៖ ត្រង់​ចំណុច​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ចំណុច​សំខាន់​៣​គឺ ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ចំណេះ​ដឹង ជំនាញ រួម​និង​បទពិសោធន៍។

ឥទ្ធិពល​ចុង​ក្រោយ ​គឺ​ជា​ចំណុច​សំខាន់​បំផុត​ និង​មិន​អាច​ខ្វះ​បាន​គឺ​ ភាព​ជា​គំរូ៖ ភាព​ជា​គំរូ គឺ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​សុជីវធម៌ ជា​មនុស្ស​ដែល​មាន​សីលធម៌ ជា​មនុស្ស​ដែល​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ជា​មនុស្ស​ដែល​មាន​ព្រហ្មវិហារ​ធម៌។ ប្រសិន​បើ​មាន​ឥទ្ធិពល​នេះ គឺ​ប្រាកដ​ណាស់​ថា អ្នក​នឹង​អាច​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ឆ្នើម ឬ​ជា​មាតាបិតា​មនុស្ស​ជាតិ​យ៉ាង​ពិត​ប្រាកដ។

ឯកឧត្ដម​បញ្ជាក់​ថា មេដឹកនាំ​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​គឺ​ជា​មនុស្ស​ដែល​មាន​ចរិត​ឆេវឆាវ ព្រោះ​មនុស្ស​មនុស្ស​ប្រភេទ​នេះ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ណាស់។ ផ្ទុយ​ទៅ​វិញ​មេ​ដឹកនាំ​ដែល​អស្ចារ្យ​គឺ​ជា​មនុស្ស ដែល​មាន​ក្បាល​ដ៏​អស្ចារ្យ៖ ចេះ​គិត​ពិចារណា ប្រើ​បញ្ញា​ជា​ស្ពាន​ដោះ​ស្រាយ​បញ្ហា​ ជំនួស​កម្លាំង​បាយ មាន​បេះដូង​ដ៏​អស្ចារ្យ៖ ពោរពេញ​ដោយ​ព្រហ្មវិហារ​ធម៌ និង​ចុង​ក្រោយ​គឺ​ភាព​ជា​គំរូ​នេះ​ឯង៕

ដោយ៖ ជួប ស្រីរ័ត្ន