សម្តេចតេជោ អំពាវនាវបង្កើនការផ្សព្វផ្សាយផលិតផលក្នុងស្រុក ខណៈម្ចាស់អាជីវកម្មត្អូញត្អែរពីកង្វះការគាំទ្រ​



កាលពីរសៀលអាទិត្យថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការបើកពិធីពិព័រណ៌ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 

ថ្លែងក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ "ការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងផ្តោតការយកចិត្តទុកដាក់ខ្ពស់ស្របតាមការកំណត់នៃអនុក្រិតស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ ៥ឆ្នាំ លើកលែងការបង់ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងការលើកទឹកចិត្តចំណាយដែលអាចកាត់កងបាន ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា"។ 

តាមការបង្ហោះក្នុងទំព័របណ្ដាញសង្គម Samdech Hun Sen, Cambodian Prime Minister សម្តេចតេជោ បានសរសេររៀបរាប់ថា “សូមចូលរួមបង្ហោះផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកឲ្យបានច្រើន ដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ”។

បន្ថែមពីនេះសម្តេចក៏មានប្រសាសន៍ទៀតថា “ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានជួយបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើផលិតផល ពង្រឹងគុណភាពផលិតផល និងសេវា បង្កើតការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ លើសពីនេះទៅទៀតសម្តេចតេជោ បានកត់សម្គាល់ឃើញថា តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសដូចជា ពិព័រណ៍ពិភពលោក ពិព័រណ៍អន្តរជាតិ និងពិព័រណ៍ចិន-អាស៊ានជាដើមបានធ្វើឲ្យកម្ពុជាយើងមានកិត្តិយស ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់ខ្លួន ស្វែងរកទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេសបានចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត"។

ងាកទៅកាន់ម្ចាស់អាជីវកម្ម សិប្បកម្មខ្នាតតូចមួយចំនួនបានត្អូញត្អែរថា ទោះបីមានការជ្រោមជ្រែង លើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលដល់សហគ្រាសធុនតូច និងមធ្យមក្តី មកទល់ពេលនេះក្នុងមានពួកគាត់ជាម្ចាស់សិប្បកម្ម ម្ចាស់អាជីវកម្មខ្នាតតូចនៅតែជួបប្រទះបញ្ហាកង្វះការគាំទ្រពីប្រជាជនខ្មែរដូចគ្នា។ 

 

ម្ចាស់សិប្បកម្ម តារា ហ្វូត ជាអ្នកកែច្នៃប្រេងចេញពីគ្រាប់ធញ្ញជាតិបានមានប្រសាសន៍ឲ្យដឹងថា បើកដំណើរការអាជីវកម្មអស់រយៈពេលជាង ២ឆ្នាំមកនេះ បើនិយាយពីការគាំទ្រនៃអ្នកប្រើប្រាស់ក្នុងស្រុកគឺនៅតិចតួចនៅឡើយ ព្រោះពួកគាត់គិតថាផលិតផលនៅមិនទាន់មានគុណភាពទាំងដែលផលិតផលរបស់លោកទទួលបានការទទួលស្គាល់ស្តង់ដារគុណភាពពីក្រសួងពាណិជ្ជកម្ម និងស្តង់ដារហាឡាល (Halal)  រួចហើយក្តី។

លោកបន្តថា៖ “បើធៀបជាមួយផលិតផលបរទេសនាំចូល យើងពីបានប្រកួតជាមួយគេណាស់ពិសេសបើយើងដាក់តាំងលក់នៅផ្សារទំនើបទៀតគឺរឹតតែពិបាក ព្រោះមនុស្សភាគច្រើនតែងឲ្យតម្លៃលើគុណភាពនៃផលិតផលនាំចូលច្រើនជាងផលិតផលក្នុងស្រុក នេះហើយដែលជាផលលំបាកខ្លាំងសម្រាប់ដំណើរការអាជីវកម្មរបស់ខ្ញុំ”។ 

ចំណែកសិប្បកម្មកែច្នៃកង់ឡានម៉ូតូជារបស់របរប្រើប្រាស់ដូចជា ផើងផ្កា ទោងរូបសត្វ តុកៅអី របស់លោក សឿង សួគ៌ា នៅខេត្តព្រៃវែងក៏បានរៀបរាប់ដែរថា សិប្បកម្មរបស់លោកបើកដំណើរការរយៈពេលជាង ១ ឆ្នាំហើយ តែសន្ទុះនៃការគាំទ្ររបស់ប្រជាជនក៏មិនទាន់មានច្រើនដែរ។ ភាគច្រើនអ្នកដែលទិញផលិតផលពីសិប្បកម្មរបស់លោកច្រើនជាម្ចាស់ហាងកាហ្វេ ឬហាងបាយនៅរាជធានីភ្នំពេញដែលច្រើនមានគំនិតគាំទ្របរិស្ថាន និងបង្កើនការច្នៃប្រឌិតតុបតែងលម្អក្នុងហាងរបស់ពួកគាត់តែប៉ុណ្ណោះ ចំណែកអ្នកប្រើប្រាស់ទូទៅដូចជាមិនសូវមានទេ។

លោកបានរៀបរាប់បន្ថែមថា៖ “ការពិតទៅសិប្បកម្មរបស់ខ្ញុំមានការទទួលស្គាល់ និងគាំទ្រពីក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្មហើយខាងក្រសួងក៏លើកទឹកចិត្តឲ្យខ្ញុំមកតាំងពិព័រណ៌នៅថ្ងៃនេះ តែពេលមកដល់គឺខ្ញុំដូចជាចង់អស់សង្ឃឹមព្រោះសឹងតែគ្មានអ្នកចូលមើលថាវាជាផលិតផលអ្វី”។ បើគ្មានការគ្មានការគាំទ្រពីប្រជាជនខ្មែរគ្នាឯងផង តើផលិតផលក្នុងស្រុកនឹងអាចរស់រានមានជីវិតម្តេចនឹងបាន? 

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍តាំងពិព័រណ៍នេះមានស្ដង់សរុបចំនួន ៣៧២ស្ដង់ ដោយមានទំនិញ និងសេវាជាច្រើនប្រភេទផងដែរ ហើយរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩៕

ដោយ៖ យ៉ាយ៉ា

 

X
5s