ស្ថាបនិក BROWN COFFEE៖ អាជីវកម្ម Franchise ចំណាយទុនច្រើននិងមិនមានភាពឯករាជ្យ​



ស្ថិតក្នុងបរិបទប្រកួតប្រជែងទីផ្សារសេរី កម្ពុជាបានបើកឱកាសដល់បណ្ដាក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក អាចមានលិទ្ធភាពធ្វើអាជីវកម្មដោយសេរីទៅលើជំនាញ និងឱកាសផ្សេងៗគ្នា ក្នុងនោះ យើងសង្កេតឃើញការនាំចូលនូវយីហោអាជីវកម្មបរទេសជាច្រើនមកក្នុងទីផ្សារកម្ពុជាផងដែរ ខណៈអាជីវកម្មក្នុងស្រុកមួយចំនួនធំ ក៏កំពុងពង្រឹងសមត្ថភាពខ្លួន ដើម្បីប្រកួតប្រជែងនឹង Franchise បរទេស។

ប្រភពរូបភាពពី៖ ហ្វេសបុកផេក BROWN Coffee and Bakery

លោក ចាង ប៊ុនលាង នាយកប្រតិបត្តិនៅប្រោនកាហ្វេ (BROWN​ COFFEE) ដែលជាយីហោហាងកាហ្វេក្នុងស្រុកមួយ ដែលសាធារណជនទទួលស្គាល់ថា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នោះ បានឲ្យដឹងថា ការទិញយីហោ (Franchise) ពីគេគឺត្រូវចំណាយដើមទុនច្រើន និងមិនសូវមានសេរីភាពក្នុងការកែប្រែ ឬបង្កើតអ្វីបន្ថែមទៅលើផលិតផលដែលមានស្រាប់របស់គេនោះទេ។

លោកបានយល់ឃើញថា រវាងការទិញម៉ាកពីគេ និងបង្កើតដោយខ្លួនឯងគឺមានគុណសម្បត្តិ និងគុណវិបតិ្តរៀងខ្លួន មិនអាចនិយាយថាមួយណាប្រសើរជាងមួយណាទេសំខាន់គឺផ្អែកទៅលើរបៀបនៃការគ្រប់គ្រងនិងគោលដៅរបស់គេ។

លោកផ្តល់យោបល់យ៉ាងនេះ ក៏ដោយសារលោកមានបទពិសោធផ្ទាល់ក្នុងការទិញយីហោពីគេផង និងបង្កើតខ្លួនឯងផង។ យីហោដែលលោកទិញពីបរទេសនោះគឺភេសជ្ជៈតែគជ់ GONGCHA។ មូលហេតុដែលលោកបានទិញយីហោនោះ គឺដោយសារតែលោកចង់សាកល្បង ក៏ដូចជាចង់ដឹងថា តើរវាងការបង្កើតម៉ាកខ្លួនឯង និងការនាំចូលពីគេ មានលក្ខណៈគ្រប់គ្រងខុសគ្នាយ៉ាងណា?

ជាលទ្ធផល លោក ចាង ប៊ុនលាង ម្ចាស់ហាងកាហ្វេប្រោនយល់ថា៖ «បើទិញយីហោពីគេមកហើយ យើងមិនចេះច្នៃប្រឌិតវាឲ្យស៊ីនឹងរសជាតិរបស់អតិថិជនក្នុងស្រុករបស់យើង ក៏មិនទទួលបានជោគជ័យដែរ តែបើបង្កើតខ្លួនឯងហើយមិនមានអ្វីថ្មី ឬខុសប្លែកពីគេក៏នៅតែដដែលជម្រើសទាំងពីរគឺវាម្យ៉ាងម្នាក់»។

គួរបញ្ជាក់ថា ប្រោន កាហ្វេ (BROWN COFFEE) គឺជាយីហោហាងកាហ្វេរបស់ខ្មែរលំដាប់លេខមួយនាពេលបច្ចុប្បន្ន ដែលជាទីពេញនិយមរបស់យុវវ័យនាទីក្រុងភ្នំពេញ និងជាកន្លែងដែលអ្នកជំនួញនិងសិស្សសកលវិទ្យាល័យជួបពិភាក្សាគ្នា និងធ្វើកិច្ចការសាលា។

គួរបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្ន ប្រោនកាហ្វេ (BROWN​ COFFEE)  មានសាខាសរុបចំនួន ២០ សាខា៕

ដោយ៖ ស្រីពេជ្រ

X
5s