ត្រូវធ្វើដូចម្តេចនៅពេលមេមិនចូលចិត្តអ្នក?​



នៅពេលចៅហ្វាយមិនចូលចិត្តអ្នក ជាការពិតណាស់អ្នកនឹងមានអារម្មណ៍តានតឹង មានសម្ពាធ ស្មុគស្មាញ និងខ្វះ ទំនុកចិត្តក្នុងការងារ។ ក៏ប៉ុន្តែតើអ្នកមានធ្លាប់ព្យាយាមស្វែងរកដំណោះស្រាយដែរឬទេ? តើអ្នកកំពុងបណ្តែតបណ្តោយឲ្យស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរទៅៗឬយ៉ាងណា? 

សូមអបអរសាទរប្រសិនបើអ្នកជាបុគ្គលិកសំណប់របស់ចៅហ្វាយអ្នក។ ចុះបើមិនដូច្នេះ! អត្ថបទនេះសាកល្បងស្វែងរកគន្លឹះចំនួន ៦ សម្រាប់ផ្តល់ជូនប្រិយមិត្តអ្នកអានយកទៅអនុវត្តនៅពេលដែលចៅហ្វាយមិនពេញចិត្តអ្នក។ គន្លឹះទាំងនេះរួមមាន៖ 

១) ត្រូវសកម្មក្នុងក្រុមការងារ 
ពីគំរោងធំ ៗ រហូតដល់ការប្រជុំតូចតាចនៅក្នុងក្រុមការងារ អ្នកចង់ឲ្យចៅហ្វាយមើលមកអ្នកថា ជាបុគ្គលិកសកម្មម្នាក់។ វិធីយកចិត្តមេដែលមិនចូលចិត្តអ្នកគឺមានន័យថា អ្នកគួរតែបន្តធ្វើជាបុគ្គលិកដែលចូលរួមវិភាគទានយ៉ាងសកម្មដល់ដល់ក្រុមហ៊ុនរបស់អ្នក ។ ជាការពិតហើយថ្វីត្បិតតែចៅហ្វាយមិនចូលចិត្តអ្នក ប៉ុន្តែអ្នកត្រូវជឿថា ពួកគេក៏ត្រូវគោរពរបៀបទទួលខុសត្រូវក្នុងការងាររបស់អ្នកនៅក្នុងក្រុមហ៊ុនអ្នកដែរ និងថាតើអ្នកអាចផ្តល់គុណតម្លៃច្រើនកម្រិតណាទៀតឲ្យក្រុមហ៊ុនរបស់អ្នក។ ប្រសិនបើអ្នកត្រូវការចំណុចនេះ អ្នកក៏ត្រូវចេះលើកទឹកចិត្ត ខិតខំធ្វើការដោយខ្លួនឯងដែរ ។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែអង្គុយមួយកន្លែងធ្វើការនៅទីនោះ ពោលដើម្បីបន្ថយសម្ពាធពីការស្អប់ខ្ពើមរបស់ចៅហ្វាយអ្នក អ្នកត្រូវមានវត្តមានឲ្យសកម្មនៅក្នុងក្រុមការងារ ហើយត្រូវបង្ហាញពួកគេថា អ្នកក៏ជាផ្នែកមួយដ៏សំខាន់ក្នុងក្រុមហ៊ុននោះដែរ។

២) កុំគេចមុខពីចៅហ្វាយរបស់អ្នក
តើអ្នកអាចគិតថា អ្នកអាចគេចពីចៅហ្វាយរួចមែនទេ? មិនអាចទេ! ការគេចវេសពីមេរបស់អ្នកកាន់តែធ្វើឲ្យចៅហ្វាយរបស់អ្នកបារម្ភ និងថ្នាំងថ្នាក់ជាមួយអ្នកកាន់តែខ្លាំងឡើង។ មេរបស់អ្នកប្រហែលជាឆ្ងល់ថា អ្នកកំពុងមានបញ្ហា ធ្វើការងារមិនបានសម្រេច ឬអ្នកកំពុងបង្កើតកំហុសហើយ។ នៅពេលចៅហ្វាយស្អប់អ្នក វាជាឱកាសល្អ មួយសម្រាប់អ្នករៀនសូត្រ។ តើអ្នកនៅព្យាយាមលាក់បាំងអ្វីទៀត? ប្រសិនបើអ្នកគិតថា មេរបស់អ្នកមិនចូលចិត្តអ្នកដូចមុនទៀតទេ អ្នកមិនចាំបាច់ទៅគេចមុខធ្វើអ្វី។ រៀបចំខ្លួនធម្មតា ហើយខិតខំធ្វើការឲ្យកាន់តែខ្លាំងជាងមុននោះជឿថា ទំនាក់ទំនងរបស់អ្នកជាមួយចៅហ្វាយនឹងអាចផ្លាស់ប្តូរខុសពីការរំពឹងទុក។ 

៣) មកធ្វើការឲ្យបានមុនម៉ោង
តាមពិតទៅ វាពិបាកណាស់ក្នុងការរៀបចំខ្លួនយ៉ាងប្រញាប់ប្រញាល់ទៅធ្វើការដែលខ្លួនមិនមានអារម្មណ៍ចង់ធ្វើ ប៉ុន្តែអ្នកមិនអាចបដិសេធន៍បានទេ។  ការបង្ហាញវត្តមានរបស់អ្នកនៅបន្ទប់ធ្វើការទាំងព្រឹកព្រលឹមមុនបុគ្គលិកផ្សេងទៀតជារៀងរាល់ថ្ងៃ ឬនៅពេលប្រជុំផ្សេងៗ វាបានបង្ហាញពីទំនុកចិត្ត និងចំណាប់អារម្មណ៍ចង់ធ្វើការរបស់អ្នក។ ប្រសិនបើអ្នកពិតជាចង់ធ្វើការមែននោះ សូមយកចិត្តទុកដាក់លើការងារ និងក្រុមការងាររបស់អ្នក ហើយកុំ ព្យាយាមគិតពីចៅហ្វាយរបស់អ្នកច្រើនពេក។ នេះឆ្លុះបញ្ចាំងថា អ្នកកំពុងធ្វើការងារដើម្បីអាជីពរបស់អ្នក ដើម្បីក្រុមហ៊ុន មិនមែនដើម្បីអាជីពការងាររបស់ពួកគេទេ។ បើអ្នកមានទម្លាប់មួយនេះនោះអ្នកនឹងដឹងថា ការមកធ្វើការលឿន និងការយកចិត្តទុកដាក់នឹងការងារ ពិតជាមានឥទ្ធិពលកម្រិតណា។

៤) ធ្វើការឲ្យលើសម៉ោង ឬចេញធ្វើការក្រោយគេ
នៅពេលអ្នកធ្វើការជាមួយចៅហ្វាយដែលមិនពេញចិត្តអ្នក អ្នកអាចមានលេសជាច្រើនដើម្បីចេញពីធ្វើការលឿន។ អ្នកប្រហែលជាគិតថា អ្នកនឹងយកការងារទៅធ្វើនៅផ្ទះពេលយប់នេះ ស្ទះផ្លូវ ឬផ្លូវឆ្ងាយត្រូវប្រញាប់ទៅផ្ទះជាដើម។ ប៉ុន្តែសូមចាំថា ការចេញពីធ្វើការលឿន មិនអាចយកចិត្តចៅហ្វាយដែលមិនចូលចិត្តអ្នកបានទេទោះក្នុងហេតុផលណាក៏ដោយ។ ចៅហ្វាយអ្នកប្រហែលជាមិនចាប់អារម្មណ៍ទៅនឹងរឿងដែលអ្នកចេញលឿនដើម្បីចង់គេចពីពួកគេទេ ប៉ុន្តែពួកគេនឹងគិតថា អ្នកកំពុងគេចចេញពីការងាររបស់អ្នក។ នេះនឹងធ្វើឲ្យអ្នកបាត់បង់ការការគោរព និងឲ្យតម្លៃ ពីចៅហ្វាយរបស់អ្នក។ 

៥) ចេះកោតសរសើរចៅហ្វាយរបស់អ្នក
ការកោតសរសើរចៅហ្វាយរបស់អ្នកមិនមែនជារឿងខុសឆ្គងនោះទេ ជាពិសេសនៅពេលចៅហ្វាយមិនចូលចិត្តអ្នក និងនៅពេលអ្វីៗវាល្អប្រសើរឡើងដូចជាការងារបានសម្រេចជាដើម។ អ្នកត្រូវចេះមានល្បិចសរសើរ ហើយ ត្រូវរក្សាវាឲ្យមានលក្ខណៈវិជ្ជាជីវៈ។ ប៉ុន្តែការកោតសរសើរពីរឿងផ្ទាល់ខ្លួន រូបសម្បត្តិ ឬការស្លៀកពាក់គឺរឿងគ្រោះថ្នាក់មួយ។  សូមប្រកាន់ខ្ជាប់នូវប្រធានបទណាដែលទាក់ទងនឹងការងារសាមញ្ញដូចជាថា “ ខ្ញុំពេញចិត្តនូវអ្វីដែលលោកប្រធានបានធ្វើនៅកន្លែងនេះ ការធ្វើបទបង្ហាញរបស់លោកប្រធាននៅឯកិច្ចប្រជុំពិតជាធ្វើបានល្អណាស់ ខ្ញុំគិតថា អ្នកទាំងអស់គ្នាបានយកចិត្តទុកដាក់លើអ្វីដែលលោកប្រធានកំពុងធ្វើ”។ សូមបង្ហាញការសរសើរដោយស្មោះត្រង់ និងបង្ហាញថា អ្នកពិតជាមានចេតនាពិតប្រាកដនូវអ្វីដែលអ្នកបានសរសើរនោះ។ 

៦) កុំនិយាយរឿងរ៉ាវមិនល្អរបស់ចៅហ្វាយនៅពីក្រោយខ្នង
សម្រាប់ចៅហ្វាយរបស់អ្នក អ្នកមិនបានស្ថិតនៅក្នុងក្រសែភ្នែកចៅហ្វាយរបស់អ្នករួចទៅហើយ។ ហេតុដូច្នេះ ការនិយាយរឿងរ៉ាវមិនល្អរបស់ចៅហ្វាយនៅពីក្រោយខ្នងគឺជាបន្ទុកធ្ងន់បន្ថែមទៀតសម្រាប់អ្នក។ រឿងរ៉ាវជាច្រើនដូចជា ចៅហ្វាយមិនចូលចិត្តអ្នក អ្នកមិនគួរបង្ហើបឲ្យអ្នកផ្សេងដឹងទេ ឬបើទោះបីជាពួកគេបានដឹងក៏ដោយ ក៏អ្នកមិនចាំបាច់និយាយវាចេញមកដែរ។ ការនិយាយដើមចៅហ្វាយនាយ បង្ហាញថា អ្នកជាបុគ្គលិកខ្វះសីលធម៌ មិនគួរឲ្យគោរព និងគ្មានវិជ្ជាជីវៈ។ សូមចាំថា ទោះជាក្នុងតម្លៃអ្វីក៏ដោយ អ្នកដាច់ខាតមិនត្រូវលើកយកប្រធានបទមិនល្អរបស់ចៅហ្វាយមកនិយាយនោះដែរ៕

ប្រភព៖ topresume

 

X
5s