គោលការណ៍ដ៏មុចស្រួចរបស់សិង្ហបុរីក្នុងការបង្កើតប្រភពផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃដល់ខ្លួនឯង
យោងតាម World Economic Forum បានឲ្យដឹងថាប្រទេសសិង្ហបុរីកំពុងមានយុទ្ធសាស្ត្រមុតស្រួចក្នុងការកាត់បន្ថយការប្រើប្រាស់ទឹកខ្ជះខ្ជាយដោយសារតែប្រទេសមួយនេះកំពុងតែឈានទៅរកវិបតិ្តខ្វះខាតទឹកក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ថ្វីត្បិតតែកូនប្រទេសមួយនេះជាកូនកោះមួយពិតមែនយ៉ាងណាក៍ដោយ តែបច្ចេកវិទ្យាដ៍ទំនើបរបស់ខ្លួនបានជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកជាង ៣០% ដល់ប្រជាជនសិង្ហបុរីដោយបម្លែងទឹកសមុទ្រទៅជាទឹកសាប។ ប៉ុន្តែវិធីសាស្ត្រមួយនេះគឺត្រូវការចំណាយថវិកាច្រើនព្រមទាំងមិនអាចផ្គត់ផ្គង់ទឹកបានទាំងអស់ដល់ប្រជាជនប្រទេសមួយនេះទេ។ ហេតុនេះហើយបានជាប្រទេសមួយនេះក៍បានពឹងផ្អែកលើការទិញទឹកសាបពីស្ទឹងប្រទេសជិតខាងរបស់ខ្លួនដែលជាប្រទេសម៉ាឡេស៊ីក្នុងតម្លៃ ០.០០១៤ ដុល្លារអាមេរិកក្នុង ១០០០ កាឡុនក្រោមកិច្ចព្រមព្រៀងតាំងពីឆ្នាំ ១៩២៧ ហើយកិច្ចព្រមព្រៀងនាំចូលទឹកនេះនឹងត្រូវផុតកំណត់នៅឆ្នាំ ២០៦១ ហើយសិង្ហបុរីក៍ជម្រោះទឹកនោះទៅជាទឹកដែលប្រើប្រាស់បាន ។ ប៉ុន្តែប្រទេសសិង្ហបុរីបានលក់អោយប្រទេសម៉ាឡេស៊ីវិញក្នុងតម្លៃ ០.០២៣ ដុល្លាអាមេរិកក្នុងចំនួនដដែរ ដែលបានធ្វើឲ្យប្រទេសម៉ាឡេស៊ីមិនពេញចិត្តនឹងតម្លៃនេះជាខ្លាំង។ ហេតុនេះហើយបានជាមួយគ្រានេះ ប្រទេសទាំងពីរមានបញ្ហារង្គឹះរង្គើរបន្តិចបន្តួចជាមួយនឹងគ្នាទាក់ទិននឹងរឿងនេះ។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Harvard បានឲ្យដឹងថាបច្ចុប្បន្នប្រទេសសិង្ហបុរីបានប្រើប្រាស់ចំណុះទឹកសរុបដល់ទៅជាង ១.៩៥ ពាន់លានលីត្រក្នុងមួយថ្ងៃៗ។ ហើយដោយសារតែមានកំណើនប្រជាជនទើបតម្រូវការទឹកប្រើប្រាស់ក៍កើនឡើងដែរក្នុងពេលខាងមុខ។ ដូចនេះ ដំណោះស្រាយរបស់ប្រទេសជឿនលឿនមួយនេះគឺងាកមកអនុវត្តនូវគោលនយោបាយទឹក “The Four Taps” ដែលគោលបំណងធំរបស់គោលការណ៍មួយនេះគឺព្យាយាមប្រែក្លាយប្រទេសសិង្ហបុរីឲ្យក្លាយជាប្រទេសដែលអាចផ្គត់ផ្គង់ទឹកប្រើប្រាស់ខ្លួនឯងបានច្រើនជាងមុននឹងកាត់បន្ថយការពឹងផ្អែកលើប្រភពផ្គត់ផ្គង់ទឹកពីប្រទេសដទៃ។ គោលការណ៍នេះចែកចេញជាចំនួន ៤ គឺការស្តុកទុកទឹកភ្លៀងក្នុងអាងស្តុកទឹក ការជម្រោះទឹកសំអុយទៅជាទឹកប្រើប្រាស់បាន កែច្នៃទឹកសមុទ្រទៅជាទឹកប្រើប្រាស់បាន និងរួមការនាំចូលទឹកពីប្រទេសដទៃដដែរផងដែរប៉ុន្តែក្នុងអត្រាតិចជាងមុន។
ចំពោះការប្រមូលទឹកស្ដុកទុកគឺប្រទេសមួយនេះមានប្រព័ន្ធបង្ហូរទឹកពីក្រោមដីនិងមានទំនប់ស្តុកទឹករហូតដល់ ១៧ កន្លែងដែលអាចប្រមូលទឹកភ្លៀងដែលធ្លាក់មកនៅលើផ្ទៃដីបាន ២ ភាគ ៣ នៃផ្ទៃដីរបស់ខ្លួន។ ហើយមានរោងចក្រកែច្នៃទឹកសំអុយទៅជាទឹកប្រើប្រាស់បានចំនួន ៥ កន្លែងដែលឥឡូវនេះអាចផ្តល់នូវតម្រូវការទឹករបស់ប្រទេសសឹង្ហបុរីជាង ៤០% ដែលជាតួលេខមួយដែលរដ្ឋាភិបាលសង្ឃឹមថានឹងកើនឡើងដល់ ៥៥% នៅឆ្នាំ ២០៦០ ៕
ដោយ៖ Anthony