ដឹងអត់ថា Warren Buffett ចូលចិត្តឲ្យកាដូអ្វីដល់សមាជិកគ្រួសារពេល​បុណ្យណូអែល?​



មហាសេដ្ឋី Warren Buffett ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway បានកសាងជំនួញ និងទ្រព្យសម្បត្តិរបស់លោកប្រកបដោយភាពឈ្លាសវៃ និងប្រយ័ត្នប្រយែងបំផុត។ ទន្ទឹមនឹងនេះលោកក៏ត្រូវបានគេចាត់ទុកផងដែរថា ជាមហាសេដ្ឋីម្នាក់ដែលមានការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយ និងជោគជ័យខ្លាំងក្នុងការវិនិយោគ។  

មូលហេតុនេះហើយដែលធ្វើឲ្យលោកមានការប្រុងប្រយ័ត្នខ្ពស់ផងដែរក្នុងការជូនកាដូទៅដល់សមាជិកក្រុមគ្រូសាររបស់លោកនៅថ្ងៃបុណ្យឈប់សម្រាកប្រចាំឆ្នាំ ដូចជាបុណ្យណូអែលជាដើម។ តើអ្វីទៅជាកាដូដែលមហាសេដ្ឋីវ័យ ៨៩ឆ្នាំចូលចិត្តឲ្យសមាជិកក្រុមគ្រួសាររបស់លោក?

បើយោងតាមការបង្ហើបឲ្យដឹងពីអតីតកូនប្រសារស្រីរបស់លោកគឺនាង Mary បានឲ្យដឹងថា លោក Warren Buffett តែងតែងឲ្យកាដូម្នាក់ៗចំនួន ១០ ០០០ ដុល្លារដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់លោក។ ប៉ុន្តែកាដូទាំងនោះមិនមែនជាសាច់ប្រាក់សុទ្ធទេ ពោលគឺមានតម្លៃជាស្តុក ឬភាគហ៊ុន។ នាងបន្តថា ភាគហ៊ុនដែលលោកចែកឲ្យនោះគឺជាចំណែកភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Coca Cola តែម្តង។ 

ជាគោលការណ៍នៅពេលលោកចែកកាដូ លោកតែងសរសេរដាក់ក្នុងសំបុត្រដោយរៀបរាប់ថា សមាជិកម្នាក់ៗអាចដូរភាគហ៊ុនជាសាច់ប្រាក់ ឬទុកភាគហ៊ុននោះសម្រាប់ជួញដូរទៅថ្ងៃមុខទៀតក៏បាន។ មូលហេតុសំខាន់បំផុតមួយដែលលោកជូនកាដូបែបនេះទំនងជាលោកយល់ច្បាស់ថា ការផ្តល់កាដូជាស្តុកមានប្រយោជន៍ជាងជាលុយសុទ្ធត្បិតអី តម្លៃស្តុក ១០ ០០០ ដុល្លារនឹងអាចរកប្រាក់ចំណូលឲ្យពួកគេបន្ថែមទៀតនៅថ្ងៃក្រោយ៕

ប្រភព៖ CNBC 

 

X
5s