ហេតុផល ៥ យ៉ាងបញ្ជាក់ថា ការអានជួយឲ្យសុខភាពអ្នកល្អខ្លាំងហួសពីការស្មាន
តាមការសិក្សាពីសកលវិទ្យាល័យ Sussex (University of Sussex) កាលពីឆ្នាំ ២០០៩ បានរកឃើញថាការអានជួយឲ្យអ្នកកាត់បន្ថយភាពតានតឹងបាន ៦៨% ហើយវាបានធ្វើឲ្យអ្នកអានមានខួរក្បាលល្អជាងអ្នកមិនចូលចិត្តអាន។
ចំពោះអ្នកដែលស្រលាញ់ និងចូលចិត្តសៀវភៅគេខ្លាចបាត់បង់សៀវភៅជាងបាត់បង់លុយកាក់ទៅទៀត ព្រោះអ្នកស្រលាញ់ការអានឲ្យតម្លៃលើការទទួលបានចំណេះដឹងតាមរយៈការអាននេះខ្លាំងណាស់។ ការអានបានមានសមត្ថភាពដ៏អស្ចារ្យក្នុងការបញ្ជូនអ្នកអានទៅកាន់ពិភពមួយផ្សេង ធ្វើឲ្យពួកគេមានអាចមើលឃើញពិភពលោកបានទូលំទូលាយជាងអ្នកដទៃដែលមិនទម្លាប់អាន ហើយការអាននេះក៏បានក្លាយជាគ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្តបានយ៉ាងពូកែសក្តិសិទ្ធិផងដែរ។ ខាងក្រោមនេះជាហេតុផលបញ្ជាក់៖
១) ការអានជួយកាត់បន្ថយបញ្ហាស្មុញស្មាញ និងធុញថប់
ភាពស្មុគស្មាញត្រូវបានរួមចំណែកប្រមាណ ៦០% នៃមូលហេតុបង្កឲ្យមនុស្សមានជំងឺ និងជួបប្រទះ
បញ្ហាសុខភាពទាំងរាងកាយ ទាំងផ្លូវចិត្ត ហើយវាក៏ជាបុព្វហេតុចំបងដែលនាំឲ្យមនុស្សម្នាក់កើតមានបញ្ហាដាច់សរសៃឈាម និងស្លាប់មួយចំហៀងខ្លួន (ស្រ្តូក) ដូចគ្នា។ តែការអានសៀវភៅបានជួយជម្រុញឲ្យអ្នកដែលមានបញ្ហាធុញថប់ ស្មុគស្មញក្លាយមកជាធូរស្រាលវិញ ហើយក៏មានអត្រាភាពរយប្រសិទ្ធិភាពខ្ពស់ជាងការស្តាប់តន្ត្រី និងការដើរលេងទៅទៀត។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត David Lewis ឯកទេសផ្នែកណឺរ៉ូន និងប្រព័ន្ធប្រសាទនៅ Mindlab International នៅ Sussex បានបញ្ជាក់ថា លោកបានធ្វើការពិសោធន៍លើរូបលោកផ្ទាល់និងរកឃើញថា ការដែលគាត់ចំណាយអានសៀវភៅជាប្រចាំ បានធ្វើឲ្យលោកធូរស្បើយពីភាពតឹង និងកន្រ្តាក់សាច់ដុំ ហើយក៏បានធ្វើឲ្យសុខភាពបេះដូងលោកមានដំណើរការល្អដែរ។
២) បង្កើនសមត្ថភាពខួរក្បាល
ជាធម្មតា មនុស្សវ័យកាន់តែច្រើនការចង់ចាំកាន់តែថយចុះ សមត្ថភាពខួរក្បាលកាន់តែចុះខ្សោយ។ តាមការសិក្សាស្រាវជ្រាវមួយក្នុងឆ្នាំ ២០១៣ ដោយ Rush នៅសកលវិទ្យាល័យ Medical Center នាទីក្រុង Chicago បានរកឃើញថាការអានជួយបង្កើនការចង់ចាំដល់មនុស្សដែលមានវ័យចន្លោះពី ៧៩ ដល់ ៨៩ឆ្នាំ ដែលពួកគាត់អាចនៅចាំបានល្អពីរឿងរ៉ាវយុវវ័យរបស់ខ្លួន ចាំឈ្មោះកូនចៅ លេខផ្ទះជាដើម ខណៈមនុស្សមួយចំនួនក្នុងវ័យនេះមិនអាចចាំបាន។
៣) បង្កើតភាពវិជ្ជមាន សុទិដ្ឋិនិយមក្នុងការគិត និងផ្សារភ្ជាប់ជាមួយសង្គមបានច្រើន
អ្នកដែលចូលចិត្តអានច្រើនតែងមានគំនិតទូលំទូលាយមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ពួកគេមិនអង្គុយចាំរិះគន់ ឬមិនធ្វើអ្វីហើយចាំឲ្យគេផ្គាប់ចិត្តនោះទេ ផ្ទុយមកវិញពួកគេចូលចិត្តបង្កើតអ្វីមួយដែលអាចដោះស្រាយឬកែប្រែបញ្ហាដែលកំពុងកើតមាននោះបាន។ លើសពីនេះគេជាមនុស្សដែលចូលចិត្តចែករំលែកចំណេះដឹងល្អៗជាមួយអ្នកដទៃ ក៏ចូលចិត្តរៀនសូត្រពីអ្នកដទៃនូវអ្វីដែលគេខ្វះខាតដូចគ្នា ហើយគេជាមនុស្សដែលឲ្យតម្លៃលើការសិក្សាជាទីបំផុត។
៤) ការអានជួយឲ្យទទួលទានដំណេកបានស្ងប់ល្អ
សម័យនេះ ស្មាតហ្វូនបានក្លាយជារបាំងមួយរារាំងមនុស្សពីការទទួលទានដំណេកយ៉ាងស្កប់ស្កល់របស់គេ តែការសិក្សាបានបង្ហាញថាការចំណាយពេលអានសៀវភៅ ច្រើនជាងការមើលទូរស័ព្ទឆ្លាតវៃជួយឲ្យបុគ្គលនោះអាចទទួលទានដំណេកបានល្អ ហើយសុខភាពខួរក្បាលរបស់គេក៏ល្អដូចគ្នា។
៥) ការអានបង្កើនភាពឆ្លាតវៃ
តាមការសិក្សាបង្ហាញថា កុមារដែលត្រូវបានឪពុកម្តាយឬគ្រូបណ្តុះឲ្យពួកគេមានទម្លាប់អានជាប្រចាំតែងមានភាពឆ្លាតវៃ ពួកគេចេះ ដឹង ស្គាល់ពាក្យច្រើនជាងក្មេងដទៃ ពួកគេអាចនឹងដឹងរឿងរ៉ាវច្រើនជាងក្មេងដទៃក្នុងវ័យស្របាលគ្នា ពួកគេក៏នឹងមានភាពក្លាហាន បូករួមជាមួយនឹងភាពអត់ទ្រាំ៕
ដោយ៖ យ៉ាយ៉ា