មហាសេដ្ឋី ២ រូបអះអាងថា ការគេងឲ្យបាន ៨ ម៉ោងក្នុងមួយយប់ជាគន្លឹះជោគជ័យក្នុងជីវិតអ្នក
ការទទួលទានដំណេកមិនគ្រប់គ្រាន់បានក្លាយជាប្រធានបទមួយដែលត្រូវយកមកពិភាក្សា សម្រាប់អ្នកមានវ័យចាប់ពី ១៨ឆ្នាំ ឡើងទៅ តែក៏មានក្មេងៗមួយចំនួនអាយុក្រោម ១៨ឆ្នាំកំពុងជួបបញ្ហានេះដែរបណ្ដាលមកពីការចំណាយពេលសិក្សារបស់គេជាដើម។
បើនិយាយពីជីវិតអ្នកធ្វើការងារ និងសហគ្រិនជាក់ស្តែងជាអ្នកដែលមានភារៈធំ ត្រូវទទួលខុសត្រូវលើការងារច្រើនរហូតពេលខ្លះស្ទើរគ្មានពេលសម្រាក ហើយក៏មានសហគ្រិនច្រើនរាប់មិនអស់ដែរធ្លាប់បានលើកឡើងថា ពួកគាត់មានពេលសម្រាកត្រឹមតែ ៤ ទៅ ៥ម៉ោងប៉ុណ្ណោះក្នុងមួយយប់ដោយត្រូវចំណាយពេលគិតលើយុទ្ធសាស្រ្តអាជីវកម្ម។
ងាកមកមើលមហាសេដ្ឋីលំដាប់កំពូលពីររូបគឺ Tobias Lutke ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Shopify ដែលជាក្រុមហ៊ុន E-Commerce ធំមួយរបស់ប្រទេសកាណាដា និង Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon បាននិយាយដូចគ្នាថា៖ “គេងឲ្យបាន ៨ ម៉ោងក្នុងមួយយប់គឺសំខាន់ណាស់សម្រាប់ខ្ញុំ ហើយខ្ញុំតែងដាក់ភារកិច្ចមួយនេះក្នុងតារាងអាទិភាពជានិច្ច”។
ស្ថាបនិកវ័យ ៣៩ឆ្នាំ Tobias Lutke បានរៀបរាប់បន្តថា៖ “ស្ទើរគ្មានអ្នកជឿទេថារាល់ថ្ងៃខ្ញុំត្រូវត្រលប់ទៅដល់ផ្ទះនៅម៉ោង ៥:៣០នាទីល្ថាច ព្រោះក្នុងនាមជាសហគ្រិនគ្មាននរណាធ្វើការកំណត់ម៉ោងដូចជាបុគ្គលិកគេនោះទេ តែចំពោះខ្ញុំការងារគ្រាន់តែជាការងារ អ្វីដែលសំខាន់ហើយមានអាទិភាពបំផុតគឺគ្រួសារ និងសុខភាព”។ លោកបានបន្តថា លោកមិនដែលចំណាយពេលដើម្បីធ្វើការងារ ឬគិតពីអាជីវកម្មនៅពេលយប់នោះទេ ពោលគឺលោកធ្វើការតែ ៤០ម៉ោងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ព្រោះលោកមិនអាចអនុញ្ញាឲ្យភាពស្មុគស្មាញតាមរំខានអារម្មណ៍ ហើយធ្វើឲ្យលោកគេងមិនលក់យល់សបិ្តអាក្រក់នោះទេ ដូច្នេះលោកត្រូវការពេលវេលា ៨ម៉ោងដើម្បីគេងនៅពេលយប់។ យោងតាមការលើកឡើងពីគេហទំព័រ Forbes បានឲ្យដឹងថា Lutke មានទ្រព្យសម្បត្តិ ៣.៦ប៊ីលានដុល្លារហើយក្រុមហ៊ុន Shopify របស់លោកសព្វថ្ងៃមាន Market Cap (market capitalization) ៤៨ប៊ីលានដុល្លារ។
ជាមួយគ្នានេះផងដែរយោងតាមប្រសាសន៍របស់ Jeff Bezos ប្រាប់ទៅកាន់ Thrive Global ថា៖ “ខ្ញុំត្រូវការថាមពល និងគំនិតច្នៃប្រឌិតខ្ពស់បើខួរក្បាលខ្ញុំសម្រាកគ្រប់គ្រាន់អ្វីទាំងនោះខ្ញុំនឹងទទួលបាន។ ការគេងឲ្យបាន ៨ម៉ោងធ្វើឲ្យខ្ញុំមានការផ្លាស់ប្តូរច្រើន ហើយវាក៏បានបង្កើតឱកាសជោគជ័យដល់ខ្ញុំច្រើនដែរ ដូច្នេះខ្ញុំតែងយកការសម្រាកនេះជាអាទិភាពសម្រាប់សុខភាព”។ អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ក្រុមហ៊ុន Amazon ហើយ Market Cap (market capitalization) របស់ក្រុមហ៊ុននេះមានរហូតដល់ ៩២៦.៣៩ប៊ីលានដុល្លារគិតមកដល់ថ្ងៃ ២៧ ធ្នូ ឆ្នាំ២០១៩នេះ៕
ដោយ៖ យ៉ាយ៉ា