សួរខ្លួនឯង ៨ សំនួរនេះនៅពេលអ្នកមិនដឹងថាត្រូវធ្វើអ្វីខ្លះក្នុងជីវិត?
ពេលខ្លះ គិតដល់អ្វីដែលអ្នកគួរធ្វើក្នុងជីវិត ឬអាជីពរបស់អ្នកអាចជាបញ្ហាប្រឈមមួយសម្រាប់អ្នក។ មានសំណួរមួយចំនួនដែលអ្នកអាចសួរខ្លួនឯងដើម្បីរកចម្លើយពិតប្រាកដសម្រាប់ខ្លួនអ្នកនៅពេលមានបញ្ហាប្រឈមនេះ។ តើអ្នកនឹងធ្វើអ្វីបើមានប្រាក់ ១០០ ០០០ ដុល្លារ? ២ លានដុល្លារ? មានសំនួរដ៏អស្ចារ្យបំផុតមួយទៀតគឺថា តើថ្ងៃណាដែលល្អបំផុតក្នុងជីវិតរបស់អ្នក? ទាំងនេះគឺជាសំនួរសំខាន់ៗដែលចោទសួរឡើងនៅក្នុងអត្ថបទមួយនេះដើម្បីក្រើនរំលឹកដាស់តឿនដល់អ្នក។
១.តើអ្នកច្រណែននរណាខ្លះ?
ការច្រណែនមិនមែនសុទ្ធតែអវិជ្ជមានទេ ប្រសិនបើអ្នកចេះប្រើវា។ វិធីសាស្រ្តមួយដែលធ្វើឲ្យការច្រណែនរបស់អ្នកទៅនឹងនរណាម្នាក់ជារឿងល្អ គឺការធ្វើឲ្យខ្លួនអ្នកល្អជាងអ្វីដែលម្នាក់នោះមាន។ សម្លឹងមើលមនុស្សដែលអ្នកច្រណែនឲ្យបាន ៣នាក់ឡើងទៅ ហើយកំណត់ភាពខ្លាំងរបស់អ្នកទាំងនោះ។ បន្ទាប់មកពង្រឹងភាពខ្លាំងរបស់អ្នកឲ្យបានដូចអ្នកទាំងនោះ ឬលើសពីនេះគឺជារឿងល្អបំផុត។ សូមចាំថា អ្នកប្រកួតប្រជែង ប៉ុន្តែមិនប៉ែងជើងគ្នា។
២.បើអ្នកមានលុយ ១០០ ០០០ ដុល្លារសម្រាប់រៀនបន្ត តើអ្នកនឹងចំណាយវាដោយរបៀបណា?
លុយ ១០០ ០០០ ដុល្លារដូចជាច្រើនណាស់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែក៏មិនច្រើនដែរសម្រាប់មនុស្សមួយចំនួនទៀត។ យ៉ាងណាមិញ អ្វីដែលសំខាន់ត្រង់ថា តើអ្នកយកលុយទាំងនេះទៅចាយវាយដូចម្តេចដើម្បីការសិក្សារបស់អ្នក? រៀនវគ្គខ្លីៗ? សិក្សាតាមអនឡាញ? ឬចូលរួមការបណ្តុះបណ្តាលផ្សេង?
៣.តើបុគ្គល៣នាក់ដែលអ្នកចង់យកគំរូតាមបំផុតមាននរណាខ្លះ?
មហាសេដ្ឋី អ្នកនយោបាយ ឬតារាចម្រៀង? ហេតុអ្វីបានជាអ្នកជ្រើសរើសបុគ្គលទាំងនោះ? តើអ្នកនឹងបុគ្គលទាំងនោះមានចំណុចដូចគ្នាអ្វីខ្លះ? សូមជ្រើសរើសបុគ្គល ៣នាក់ដែលអ្នកយល់ថា អ្នកចង់យកគំរូតាមបំផុត និងជាអ្នកដែលជំរុញឲ្យអ្នកតស៊ួពុះពារទៅមុខទៀត។ ធ្វើបែបនេះអាចជួយអ្នកកំណត់បានគុណតម្លៃស្នូលរបស់អ្នកដែលជាផ្នែកមួយដ៏សំខាន់នៃមហិច្ឆតារបស់អ្នក។
៤.តើមានមហិច្ឆតាណាមួយដែលអ្នកបោះបង់ចោលកាលពីអាយុខ្ទង់ជាង ២០?
កាលពីវ័យជាង ២០ អ្នកប្រហែលជាមានមហិច្ឆតាចង់ធ្វើអ្វីមួយ។ ក៏ប៉ុន្តែអ្នកបានបោះបង់ទៅវិញដោយសារតែមានកត្តាមួយចំនួនជាឧបសគ្គមករារាំង។ ទោះបីជាបែបនេះក្តី តើអ្នកអាចសាកល្បងព្យាយាមដាស់មហិច្ឆតារបស់អ្នកឲ្យងើបឡើងវិញដែរឬទេ? នៅពេលអ្នកមានមហិច្ឆតាពេលខ្លះអ្នកមិនត្រូវបោះបង់វាចោលដោយសារតែឧបសគ្គណាមួយនោះទេ។ បើអ្នកព្យាយាមធ្វើវា និងចង់បានវាយ៉ាងពិតប្រាកដ អ្នកនឹងអាចមានវិធីផ្សេងច្រើនជាងមួយដើម្បីឈោងចាប់វាឲ្យបាន។
៥.តើអ្នកមានអំណោយពិសេសអ្វីដែលមានតម្លៃបំផុតសម្រាប់អ្នក?
សាកគិតបន្តិចហើយរាយឈ្មោះរង្វាន់កាដូដែលអ្នកទទួលបាននៅក្នុងជីវិតរបស់អ្នក។ ហេតុអ្វីបានជាអ្នកទទួលបានវា? តើវាពិតជាមានតម្លៃដូចដែលអ្នកគិតដែរឬទេ? ការកំណត់អំពីអំណាច ឬរង្វាន់ដែលផ្តល់ឲ្យអ្នកគឺបានបង្ហាញពីការឲ្យតម្លៃមួយទៅលើចំណុចខ្លាំងដែលជាទេព្យកោសល្យរបស់អ្នកលើសអ្នកដទៃ។ ចំណុចខ្លាំងនេះហើយដែលបញ្ជាក់ថា ជីវិតរបស់អ្នកគួរសម្រួចខ្លួនឯងឲ្យស្របទៅតាមភាពខ្លាំង ឬភាពខ្សោយរបស់ខ្លួន។
៦.សួរមិត្តភក្តិជិតស្និតរបស់អ្នកចំនួន៣នាក់ថា តើអ្វីទៅដែលធ្វើឲ្យអ្នកជាមនុស្សពិសេស?
វាមិនមែនចៃដន្យទេដែលមិត្តស្និតស្នាលរបស់អ្នក ជ្រើសរើសអ្នកជាមិត្តភក្តិសំណប់ចិត្តរបស់ពួកគេ។ ដូច្នេះហើយអ្នកត្រូវសួរពួកគេវិញថា នូវមូលហេតុដែលធ្វើឲ្យអ្នកជាមនុស្សពិសេសសម្រាប់ពួកគេ។ តើអ្នកជាមនុស្សគួរឲ្យអស់សំណើច គួរឲ្យទុកចិត្ត ស្មោះត្រង់ ចិត្តល្អ ឬអ្វីផ្សេងទៀត? តើមិត្តភក្តិរបស់អ្នកបានជ្រើសរើសអ្នកដោយសារតែអ្នកជាមនុស្សមានទេព្យកោសល្យអ្វីមួយពិសេសមែនទេ? ការសាកសួរសំនួរទាំងនេះទៅកាន់ពួកគេដើម្បីរកឲ្យឃើញថា អ្នកពិតជាមានគុណសម្បត្តិពិសេសៗជាច្រើនពិតប្រាដកមែន។
៧.តើថ្ងៃធម្មតាណាមួយដែលអស្ចារ្យបំផុតក្នុងជីវិតរបស់អ្នក?
សូមចងចាំថ្ងៃធម្មតាទាំងនោះ (មិនមែនថ្ងៃពិធីមង្គលការ ថ្ងៃខួបកំណើត ឬថ្ងៃឈប់សម្រាកនោះទេ) ហើយលម្អិតអំពីរបៀបដែលអ្នកចំណាយទៅលើវា ។ អ្នកគួរចំណាយពេលយ៉ាងហោចណាស់ពី ៥ ទៅ ១០ នាទីដើម្បីសរសេរវាចេញមក។ ឧទាហរណ៍ថា តើថ្ងៃណាដែលអ្នកអាចវិលត្រឡប់មករកភាពប្រក្រតីវិញពិតប្រាកដក្រោយពេលបែកបាក់ស្នេហា? តើអ្នកនៅកន្លែងណានៅពេលអ្នកទទួលស្គាល់លើចំណុចខ្លាំង និងភាពអត់ធន់របស់ខ្លួន? តើពេលណាអ្នកបានសន្ទនាជាមួយជនអនាថា រៀបរាប់ពីប្រវត្តិរបស់ពួកគេ? សូមចំណាយពេលបន្តិចគិតទៅដល់អនុស្សាវរីយ៍អស្ចារ្យទាំងឡាយ និងបង្ហាញពីមូលហេតុដែលវាសំខាន់សម្រាប់អ្នក។
៨.តើអ្នកនឹងធ្វើអ្វីប្រសិនបើមានលុយ ២លានដុល្លារក្នុងកុងធានាគារ?
លុយចំនួនប៉ុណ្ណេះ វាគ្រប់គ្រាន់ហើយដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុចាំបាច់សម្រាប់ប្រើប្រាស់រាល់ថ្ងៃរបស់អ្នកដោយមិនចាំបាច់ធ្វើការពេញមួយជីវិតរបស់អ្នក ។ ការវិនិយោគដោយឈ្លាសវៃ វាអាចជាវិធីល្អបំផុតដែលធ្វើឲ្យអ្នកអាចរកចំណូលបានពីលុយទាំងនេះបន្ថែម។ ប៉ុន្តែទោះបីជាអ្នកមានលុយគ្រប់គ្រាន់សម្រាប់ចាយវាយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃដែលអ្នកស្លាប់ក៏ដោយ ដើម្បីមហិច្ឆតារបស់អ្នក ការដេកចាយលុយមិនមែនជាអ្វីដែលអ្នកត្រូវការនោះឡើយ។ អ្នកច្បាស់ជាចង់ធ្វើអ្វីផ្សេងទៀត។ ដូចនេះតើនោះគឺជាអ្វី?
ប្រភព៖ Businessinsider