មិន​ធម្មតា! ក្រសួងផលិតផ្លាក​លេខ​រថយន្ត​ពិសេស​មាន​តម្លៃ​រហូត​ដល់​១០០០លានរៀល​



ក្រសួង​សាធារណការ​នឹង​ដឹក​ជញ្ជូន បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ដំណើរ​ការ​លក់​លេខ​ពិសេស​ចុះ​បញ្ជី​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត​ជា​លើក​ដំបូង​នៅ​កម្ពុជា​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី០៧ មករា ឆ្នាំ​២០១៩​កន្លង​ទៅ។ ក្រសួង​បាន​ឲ្យ​ដឹង​ថា លេខ​រថយន្ត​ពិសេស​នេះ​មាន​តម្លៃ​ចាប់​ពី ២លានរៀល រហូត​ដល់​១០០០លានរៀល និង​អាច​មាន​តម្លៃ​លើស​ពី​នេះ​ទៅ​ទៀត​ក្នុង​ករណី​ដាក់​ដេញ​ថ្លៃ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ការ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត​កាល​ពី​ពេល​កន្លង​ទៅ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ផ្លាក​លេខ​ពិសេស​ផ្ទាល់​នេះ ត្រូវ​បាន​បោះពុម្ព​ដោយ​មាន​អក្សរ “កម្ពុជា” នៅ​ផ្នែក​ខាង​លើ និង​ការ​រួមបញ្ចូល​គ្នា​នៃ​លេខ​ឡាតាំង ឬ​អក្សរ ចាប់​ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ព​នៅ​ផ្នែក​កណ្ដាល​ ព្រម​ទាំង​មាន QR Code នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ផ្លាក​លេខ ហើយ​ផ្លាក​លេខ​ពិសេស​នេះ​ ក៏​អាច​រក្សា​ទុក​បាន​នៅ​ពេល​ដែល​មាន​ការ​ផ្ទេរ​កម្មសិទ្ធិ​រថយន្ត​ផង​ដែរ។

ឯកឧត្ដម​បន្ត​ថា ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​អាច​ធ្វើ​ការ​ជ្រើសរើស​ផ្លាក​លេខ​រថយន្ត​ ដែល​ខ្លួន​ស្រលាញ់ ដោយ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទិញ ឬ​ការ​ដាក់​ដេញ​ថ្លៃ​ តាម​រយៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ចុះ​បញ្ជី​រថយន្ត​ដែល​មាន​អាសយដ្ឋាន vehicle.mpwt.gov.kh ដោយ​គ្រាន់​តែ​ប្រើប្រាស់​គណនី​ដែល​ខ្លួន​មាន​ ឬ​តម្កល់​ប្រាក់​ជា​មួយ​នឹង​ដៃគូ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​បាន​សហការ​ជា​មួយ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ដោយ​បង្ក​លក្ខណៈ ​ងាយ​ស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់។

លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន សម្រាប់ រថយន្ដនេះ គឺ​ដើម្បី​ផ្ដល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​លទ្ធភាព​អាច​ជ្រើសរើស​ស្លាក លេខ ដែល​មាន​លក្ខណៈ​ពិសេស​អាច​កម្ម៉ង់​តាម​ការ​ពេញ​ចិត្ត ព្រម​ទាំង​ជួយ​សម្រួល​ដល់​នីតិវិធី​នៃ​ការ ប្រមូល​ពន្ធ​ថែម​ទៀត​ផង។ ជា​មួយ​គ្នា​នេះ​ ក៏​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុកដាក់ របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទិញ​លេខ​ចុះ​បញ្ជី​រថយន្ត ដោយ ងាយ ស្រួល តាម​រយៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​នៃ​យុគ​សម័យ​បច្ចេកវិទ្យា៕  

ប្រភព៖ ក្រសួងព័ត៌មាន​

X
5s