មុន​ទិញ​ពិនិត្យ​ផង! ប្រើ​គ្រឿង​សំអាង​ក្លែងក្លាយ​មាន​គ្រោះ​ថ្នាក់​ណាស់​



បច្ចុប្បន្ន​នៅ​កម្ពុជា​ អាជីវកម្ម​គ្រឿង​សម្អាង​កំពុង​តែ​ពេញ​និយម​និង​រីក​ដុះដាល​ដូច​ផ្សិត ដែល​ជានិច្ចកាល​តែង​តែ​ឃើញ​ម្ចាស់​អាជីវកម្ម​ទាំង​ប្រុស​ស្រី​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ជា​ហូរហែ​តាម​​បណ្ដាញ​សង្គម។ ថ្វី​ត្បិត​តែ​ផលិត​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួង​សុខាភិបាល ប៉ុន្តែ​ក៏​នៅ​តែ​មាន​ផលិតផល​ខុស​ច្បាប់​ផ្សេង​ទៀត​កំពុង​ចរាចរណ៍​លក់​ដោយ​ខុស​ច្បាប់​នៅ​លើ​ទីផ្សារ ដែល​បច្ចុប្បន្ន​ក្រសួង​កំពុង​តែ​មាន​វិធាន​ការ​ក្ដៅ​ក្នុង​ការ​បង្ក្រាប​។ ប្រើ​គ្រឿង​សំអាង​ក្លែង​ក្លាយ​មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ឈាន​ដល់​ការ​បាត់​បង់​ជីវិត​ថែម​ទៀត​ផង។

(រូបភាព៖ Freshnewsasia)

តាម​ប្រភព​ពី​សារព័ត៌មាន Freshnews នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៥​របស់​សមាគម​គ្រូពេទ្យ​សើ​ស្បែក​កម្ពុជា​ដែល​បាន​រៀបចំ​ឡើង​កាល​ពី​ពេល​កន្លង​ទៅ លោកសាស្ដ្រាចារ្យ ស៊ាង ហួង រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន​គឺ​ជា​ស្ត្រី​តែង​តែ​ប្រើប្រាស់​ផលិតផល​គ្រឿង​សំអាង​តាម​ប្រព័ន្ធ​អនឡាញ ដោយ​មិន​បាន​ពិនិត្យ​ច្បាស់​លាស់​ពី​គុណភាព និង​ប្រភព​នោះ​ឡើយ ពិសេស​គឺ​មិន​បាន​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឯកទេស​ ដែល​នាំ​ឲ្យ​មាន​អ្នក​ជំងឺ​ខ្លះ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ និង​អាច​ឈាន​ដល់​បាត់បង់​អាយុជីវិត​ផង​ដែរ។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា សុខភាព​ស្បែក​គឺ​ជា​រឿង​សំខាន់​ និង​ចាំបាច់​ខ្លាំង​ណាស់​ដែល​មិន​គួរ​មើល​រំលង​ ដូច្នេះ​មុន​ពេល​សម្រេច​ចិត្ត​ជ្រើសរើស​ផលិតផល​ណា​មួយ​មក​ប្រើប្រាស់ ត្រូវ​ពិនិត្យ​ពី​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់​ ថា​តើ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​ហើយ​ឬ​នៅ? ក្នុង​ឱកាស​នោះ​ដែរ​ក្រុម​គ្រួ​ពេទ្យ​ជំនាញ​ផ្នែក​សើ​ស្បែក ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចៀសវាង​ប្រើប្រាស់​ផលិតផល​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​ការ​ពិនិត្យ​ជំងឺ​ពី​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​ជា​ដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​អំឡុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​កន្លង​ទៅ កម្លាំង​សមត្ថកិច្ច​ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​រក​ឃើញ​ផលិតផល​គ្រឿង​សំអាង​ក្លែងក្លាយ​ ១៤ប្រភេទ ដែល​ចំនួន​ប្រមាណ​ ២.៥៣២គីឡូក្រាម៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s