សូមកុំស្តាយ! សុខចិត្តចំណាយលុយធ្វើរឿង៧យ៉ាងនេះល្អជាងការសន្សំទុក
ការគិតតែសន្សំប្រាក់ទុកមិនព្រមចាយវាយខ្ជះខ្ជាយ មិនមែនមានន័យថា សុទ្ធតែជារឿងត្រឹមត្រូវសម្រាប់អ្នកនោះទេ ហើយមិនមែនមានន័យថា រាល់ការចំណាយសុទ្ធតែជារឿងខាតបង់នោះដែរ។ ការចំណាយមានផែនការច្បាស់លាស់ ការវិនិយោគ ពោលគឺមានចំណេះដឹងហិរញ្ញវត្ថុជ្រៅជ្រះ គឺជាវិធីល្អបំផុតដែលធ្វើឲ្យអ្នកជោគជ័យហិរញ្ញវត្ថុ។
ជាឧទាហរណ៍ស្រាប់ ការចំណាយប្រាក់ដើម្បីសកម្មភាពចំនួន ៧ ខាងក្រោមនេះ គឺពិតជាមានតម្លៃជាជាងការគិតតែពីសន្សំប្រាក់របស់អ្នកទៅទៀត។
១.សុខភាព
នៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ គឺគ្មានអ្វីដែលមានតម្លៃស្មើនឹងការមានសុខភាពល្អនោះទេ។ ដូចនេះទោះបីជាអ្នកត្រូវចំណាយលុយច្រើនលើវាដូចជា បង់ប្រាក់ប្រចាំខែសម្រាប់សេវាសុខភាព ឬទិញឧបករណ៍ហាត់ប្រាណថ្លៃៗក៏ដោយ អ្នកមិនគួរមានអារម្មណ៍ថា ខ្លួនអ្នកបានបង្កើតកំហុសក្នុងការចាយប្រាក់ធ្វើរឿងមួយនេះឡើយ។ ការវិនិយោគលើសុខភាពគឺជាការវិនិយោគដ៏ចំណេញបំផុតមួយដើម្បីអនាគតខ្លួនឯង។
២.ការចំណាយលើសេវាធានារ៉ាប់រង
នេះជាវិធីល្អបំផុតមួយដើម្បីសុវត្តិភាពរបស់អ្នក និងសមាជិកគ្រួសារដទៃទៀត។ ជាថ្នូរនឹងការទទួលបានសេវាការពារអាយុជីវិត ជាពិសេសនៅពេលអ្នកមានគ្រោះថ្នាក់ ឬមានឧបទវហេតុផ្សេងៗ ការសុខចិត្តចំណាយប្រាក់លើសេវាធានារ៉ាប់រងក្នុងតម្លៃណាមួយនោះទោះថ្លៃថោកក្តី គឺមានន័យថា អ្នកបានគិតគួរពីអនាគតខ្លួនឯង និងមនុស្សជាទីស្រលាញ់របស់អ្នកហើយ។
៣.ចំណាយលើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត និងសន្សំបានពេលវេលា
ដរាបណាអ្នកមិនចាប់អារម្មណ៍ធ្វើអ្វីដែលអ្នកមិនចង់ចំណាយពេលឈឺក្បាលជាមួយ ដូចនេះវាមិនចោទជាបញ្ហានោះទេក្នុងការចំណាយប្រាក់ដើម្បីទទួលបានបទពិសោធន៍ សេវាកម្ម និងផលិតផលដែលជួយឲ្យអ្នកសប្បាយចិត្ត ឬធ្វើឲ្យជីវិតកាន់តែងាយស្រួល។ បើអ្នកយល់ថា ការធ្វើដំណើរតាមយន្តហោះជួយឲ្យអ្នក លឿនរហ័សឆាប់ដល់គោលដៅ សន្សំបានពេលវេលា និងធ្វើឲ្យអ្នករីករាយ ទោះបីជាចំណាយប្រាក់ច្រើនបន្តិចក្តី អ្នកគួរធ្វើវាទៅ។
៤.ទិញអ្វីមួយតាមគោលដៅសន្សំរបស់អ្នក
ប្រសិនបើអ្នកខិតខំសន្សំប្រាក់កន្លងមកដើម្បីចង់ទិញអ្វីមួយដូចជា រថយន្ត ផ្ទះ ដី ទូរស័ព្ទទំនើបៗ ឬសម្រាប់ចំណាយលើដំណើរកម្សាន្តក្រៅប្រទេស អ្នកគួរចំណាយវាតាមផែនការសន្សំប្រាក់នេះ។ ទោះបីជាអ្នកប្រើពេលរាប់ខែ ឬរាប់ឆ្នាំទម្រាំបានលុយដំរហូតដល់ថ្ងៃនេះក៏ដោយ ការដែលយកប្រាក់សន្សំនោះទៅចំណាយដើម្បីទិញអ្វីដែលអ្នកប៉ងប្រាថ្នា ក៏វាមិនមែនមានន័យថា អ្នកបង្កើតកំហុសក្នុងហិរញ្ញវត្ថុនោះដែរ។
៥.ជួលអ្នកប្រឹក្សាហិរញ្ញវត្ថុ
ក្នុងករណីអ្នកយល់ថា ខ្លួនអ្នកខ្វះសមត្ថភាពយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុដូចជា ការគ្រប់គ្រងលុយកាក់ ការវិនិយោគ ឬត្រូវរៀបចំផែនការហិរញ្ញវត្ថុដោយរបៀបណា អ្នកគួរចំណាយលុយរបស់អ្នកជួលអ្នកជំនាញណាម្នាក់មកប្រឹក្សារឿងនេះឲ្យអ្នក។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលចូលចិត្តធ្វើការជាមួយអ្នកប្រឹក្សាហិរញ្ញវត្ថុទំនងជាទទួលបានសុភមង្គល ទំនុកចិត្ត និងស្ថិរភាពក្នុងជីវិតហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះហើយប្រសិនបើអ្នកបានរៀបចំផែនការហិរញ្ញវត្ថុបានល្អ វាអាចជួយអ្នកកំណត់បានគោលដៅសំខាន់ៗបំផុតរបស់អ្នក និងអាចរៀបចំផែនការដើម្បីសម្រេចបានគោលដៅទាំងនោះ។
៦.ទិញផលិតផលមានគុណភាពដែលសំខាន់សម្រាប់អ្នក
អ្នកប្រហែលជាមិនបានគិតគួរដល់កម្រាលពូកដែលមានគុណភាព ស្បែកជើងស្បែកដ៏ស្រស់ស្អាត វ៉ាលីធ្វើដំណើរដ៏ថ្លៃ ឬផលិតផលថែរក្សាស្បែកថា ជាការវិនិយោគនោះទេ។ ប៉ុន្តែនៅពេលដែលអ្វីមួយមានតម្លៃក្នុងការជួយកែលំអផ្នែកផ្សេងៗទៀតដល់គុណភាពជីវិតរបស់អ្នក ពេលនោះហើយដែលអ្នកចាប់ផ្តើមឲ្យតម្លៃវា។ បើអ្នកឧស្សាហ៍ធ្វើដំណើរញឹកញាប់ទៅក្រៅប្រទេស អ្នកគួរទិញវ៉ាលីដាក់ខោអាវដែលល្អ និងមានគុណភាព។ បើអ្នកចង់ឲ្យស្បែកស្អាត អ្នកក៏ត្រូវហ៊ានទិញផលិតផលសម្រស់ដែលថ្លៃជាងនេះហើយ។ បើអ្នកគេងលក់ស្រួលនៅលើពូកសំឡី ទោះជាវាមានតម្លៃថ្លៃ អ្នកក៏គួរហូតប្រាក់ចេញពីហោប៉ៅទិញវាដែរ។
៧.វិនិយោគ
ប្រាក់សន្សំសម្រាប់គ្រាមានអាសន្ន (Emergency Fund) និងប្រាក់សន្សំណាមួយដែលអ្នកគ្រោងនឹងយកទៅចំណាយក្នុងរយៈពេលពីរបីខែទៅមួយឆ្នាំខាងមុខ គួរតែរក្សាទុកវាជាសាច់ប្រាក់ ហើយប្រាក់ដែលសន្សំនោះគួរយកទៅចំណាយសម្រាប់ការវិនិយោគ។ ការវិនិយោគលើផ្សារភាគហ៊ុន អចលនទ្រព្យ ឬយកទៅបើកជំនួញ រកស៊ីផ្សេងៗ គឺអ្នកមិនគួរស្ទាក់ស្ទើរក្នុងការវិនិយោគប្រាក់ទាំងនោះដែរ។ មានមនុស្សជាច្រើនដែលយល់ថា ការវិនិយោគលើវិស័យទាំងនោះមានហានិភ័យខ្ពស់ណាស់។ ក៏ប៉ុន្តែសូមចាំថា ការមិនព្រមវិនិយោគប្រាក់របស់អ្នកទៅវិញទេដែលមានហានិភ័យជាងការវិនិយោគ៕
ប្រភព៖ Businessinsider