កូរ៉េខាងត្បូងប្រកាសពីករណីឆ្លងជំងឺរលាកសួតថ្មីដំបូងកើតមានលើអ្នកដំណើរជនជាតិចិន
តាមការចេញផ្សាយព័ត៌មានពី Channel News Asia នៅថ្ងៃច័ន្ទទី២០ ខែមករា ២០២០ ម៉ោងប្រហែលជា ១១ ព្រឹកបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីឆ្លងដំបូងបំផុតនៃជំងឺរលាកសួតអាថ៌កំបាំងថ្មីក្នុងប្រទេសខ្លួន ដែលករណីនេះកើតមានលើអ្នកដំណើរជនជាតិចិនចូលក្នុងប្រទេសកូរ៉េខាងត្បូង នេះជាការអះអាងរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង។
អ្នកជំងឺជនជាតិចិនអាយុ ៣៥ឆ្នាំ (ភេទស្រី) ដែលបានធ្វើដំណើរពីទីក្រុងវូហាន (ហោះហើរពីប្រទេសចិនទៅអាកាសយានដ្ឋានអ៊ីនឈ័ន Incheon) នៅថ្ងៃអាទិត្យ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង បានដាក់ស្រ្តីជនជាតិចិននោះឲ្យនៅដាច់ដោយឡែកពីគេដោយសារនាងមានអាការៈ គ្រុនក្តៅខ្លាំង។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរចិនបានចេញសេចក្តីប្រកាសកាលពីព្រឹកថ្ងៃច័ន្ទនេះដែរថា វីរុសនៃជំងឺថ្មីនេះបានរាតត្បាតទៅទីក្រុងជាច្រើនក្រៅពីវូហាន ខណៈអ្នកឆ្លងកើនឡើង ៣ដង និងមានអ្នកស្លាប់កើនដល់ ៣នាក់ហើយដែលវាបានបង្កជាការព្រួយបារម្ភបំផុត។
ក្រុមមន្រ្តីបានបញ្ជាក់ថាវីរុសនេះត្រូវបានគេរកឃើញនៅក្នុងទីក្រុងប៉េកាំង និងខេត្តក្វាងទុងដោយបង្ហាញពីករណីដំបូងនៃជំងឺដែលបានរីករាលដាលនៅក្នុងប្រទេសហួសពីទីក្រុងវូហានដែលជាកន្លែងដែលករណីត្រូវបានរកឃើញដំបូង។ អង្គការសុខភាពពិភពលោក្រចាំប្រទេសចិន និងអាជ្ញាធរទូទាំងពិភពលោកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងវីរុសនេះ ដែលដំបូងឡើយបានលេចចេញនៅទីក្រុងវូហានកាលពីចុងខែធ្នូដោយសាររលកនៃអ្នកជំងឺរលាកសួត៕
ដោយ៖ យ៉ាយ៉ា